
ភ្នំពេញ៖ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងថា ការចូលរួមរបស់ធនាគារជប៉ុន SMBC ក្នុងនាមជាភាគទុនិកក្នុងរយៈពេល១០ឆ្នាំមកនេះ បានរួមចំណែកយ៉ាងល្អក្នុងការបង្ហាញអំពីជំហរហិរញ្ញវត្ថុដ៏រឹងមាំរបស់អេស៊ីលីដានៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្កើតទំនុកចិត្តកាន់តែខ្លាំងសម្រាប់សាធារណជន។
ថ្លែងក្នុងពិធីខួប១០ឆ្នាំ រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារជប៉ុនSMBC នៅថ្ងៃទី ១២ ខែសីហា ចាប់តាំងពីធនាគារអេស៊ីលីដា និងធនាគារSMBC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅមកកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១២ លុះដល់ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៣ ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសាជីវកម្ម។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ការិយាល័យសាជីវកម្មអន្តរជាតិ ត្រូវបានបង្កើតឡើងនៅការិយាល័យកណ្ដាលរបស់ធនាគារអេស៊ីលីដាភីអិលស៊ីដើម្បីជួយ និងគាំទ្រធនាគារអេស៊ីលីដា ក្នុងការពង្រីកផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជ ដើម្បីបំពេញតម្រូវការអតិថិជនអន្តរជាតិ ជាពិសេសអតិថិជនសាជីវកម្មសំខាន់ៗរបស់ជប៉ុន។
លោកបានឱ្យដឹងថា កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ធនាគារ SMBC បានទិញភាគហ៊ុន ១២,២៥ ភាគរយ របស់ធនាគារអេស៊ីលីដា និងបានតែងតាំងនាយកមួយរូប ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារនេះ ហើយនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៥ ភាគហ៊ុនរបស់ធនាគារSMBC បានកើនឡើងពី ១២,២៥ ភាគរយដល់ ១៨,២៥ ភាគរយ។
លោកលើកឡើងថា៖ «ធនាគារ SMBC បានផ្តល់ការគាំទ្រដល់ធនាគារមួយនេះ គ្រប់កម្រិតទាំងអស់ ចាប់ពីថ្នាក់គ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងភាគទុនិក។ ធនាគារ SMBC ក៏បានផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ដល់និយោជិតរបស់ធនាគារ ក៏ដូចជារៀបចំ និងសម្របសម្រួលទស្សនកិច្ចដល់ទីកន្លែង និងបណ្តុះបណ្តាលស្តីពីសេវាកម្មធនាគារអេឡិចត្រូនិក(EBS) និង ធនាគារឌីជីថល សម្រាប់ក្រុមបច្ចេកទេសរបស់ធនាគារនៅធនាគារឌីជីថលក្នុងតំបន់»។
លោក ចាន់នី បន្តថា ដោយមានការចូលរួមពីធនាគារSMBC ក្នុងនាមជាភាគទុនិក ក្រុមការងារកំពុងផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ រួមទាំងធនាគារឌីជីថល (បច្ចេកវិទ្យាហិរញ្ញវត្ថុ) ផងដែរ។
លោកបញ្ជាក់ថា៖ «ប្រសិនបើគ្មានការគាំទ្រផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រ និងការណែនាំពី ធនាគារ SMBC ក្នុងនាមជាភាគទុនិកយុទ្ធសាស្ត្រ ធនាគារនេះ ប្រហែលជាមិនទទួលបានជោគជ័យ និងឈានដល់ដំណាក់កាលដ៏សំខាន់នេះទេ»។
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ធនាគារអេស៊ីលីដាបានប្រកាសថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងធនាគារជប៉ុន Sumitomo Mitsui Banking Corporation (SMBC) សាខានៅប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយចំនួន ១៣៥ លានដុល្លារជាមួយធនាគារអេស៊ីលីដាភីអិលស៊ីសម្រាប់ផ្តល់កម្ចីបន្ថែមដល់វិស័យកសិកម្មនៅកម្ពុជា។
គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ធនាគារអេស៊ីលីដាមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដា ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្រុមហ៊ុន ACLEDA Bank Lao Ltd និងក្រុមហ៊ុន ACLEDA MFI Myanmar Co., Ltd ព្រមទាំងការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពនៃមីយ៉ាន់ម៉ាផងដែរ។ ត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៨,១៦ ពាន់លានដុល្លារអាមេរិក ផលបត្រឥណទានសរុបចំនួន ៥,៧៩ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ៥,៩០ ពាន់លានដុល្លារដែលមានអតិថិជនជាង ៣,៤៤ លាននាក់៕