The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​រកចំណូលបាន​ជាង $២៥៧​ លាន​ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ រយៈពេល ៧ ​ខែ​ឆ្នាំនេះ​

កម្ពុជា​រកចំណូលបាន​ជាង $២៥៧​ លាន​ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ រយៈពេល ៧ ​ខែ​ឆ្នាំនេះ​

Content image - Phnom Penh Post
កម្មករ​លើ​កដុំ​ជ័រកៅស៊ូ ដាក់លើ​ជញ្ជីងថ្លឹង​ លក់​ឱ្យ​ឈ្មួញ​។ រូបថត រ៉ាស់ហ៊ីម

កម្ពុជា​រកចំណូលបាន​ជាង $២៥៧​ លាន​ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ រយៈពេល ៧ ​ខែ​ឆ្នាំនេះ​

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ ប្រមាណ​ជាង ១៦,១​ ម៉ឺន​តោន ក្នុង​រយៈពេល ៧ ​ខែ​ ដើមឆ្នាំ ​២០២២ ថយចុះ ០,៣​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​រកចំណូលបាន​ជិត ២៥៥​លាន​ដុល្លារ និង​ចំណូល​ពី​ការលក់​ឈើ​កៅ​​ស៊ូ ជាង ២,៦១​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយក​​ដ្ឋា​ន​កៅស៊ូ​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ ភ្នំ​ពេញ ​ប៉ុស្តិ៍ ​ទទួលបាន​ឱ្យដឹងថា រយៈពេល ៧​ ខែ ដើមឆ្នាំ ​២០២២ ជ័រកៅស៊ូ​ដែល​កម្ពុជា​បញ្ចេញ​លក់​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​បរិ​​មាណ ១៦១ ៥៦២​ តោន ថយ​​ចុះ ៥៥៨ ​តោន ស្មើនឹង ០,៣ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​ប្រមូលប្រាក់​បាន​ជិត ២៥៤,៨៤ ​លាន​ដុល្លារ​។ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​ចាប់ពី​ខែមករា​-​ខែកក្កដា ឆ្នាំ ​២០២២ គឺ ១ ៥៧៧​ ដុល្លារ ​ក្នុង ​១ ​តោន ថយចុះ ៩៥ ​ដុល្លារ ឬ​ស្មើនឹង -៦​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។​

​ទន្ទឹមនឹង​ការនាំចេញ​ជ័រកៅស៊ូ កម្ពុជា​ក៏បាន​នាំចេញ​ឈើ​កៅស៊ូ ចំនួន ១៧ ៥២៩ ​ម៉ែត្រត្រីគុណ​ដោយ​ទទួលបាន​ប្រាក់ ២,៦១ ​លាន​ដុល្លារ​ផងដែរ ​នៅក្នុង​រយៈ​​ពេល​ខាងលើ​។ នេះ​បើ​យោងតាម​របាយការណ៍​។​

​ដោយឡែក​ក្នុង​ខែកក្កដា ឆ្នាំ ​២០២២ បរិមាណ​ជ័រកៅស៊ូ​បាន​បញ្ចេញ​លក់​ចំនួន ២៩ ៦២៥ ​តោន ថយចុះ ១ ១៩០ ​តោន ស្មើនឹង -៤ ​ភាគរយ​ ធៀប​នឹង​ខែ​កក្កដា ឆ្នាំ ​២០២១​។ តម្លៃ​ជ័រ​​កៅស៊ូ​ជា​មធ្យម​ក្នុង​ខែកក្កដា មាន​ចំនួន ១ ៥១៥ ​ដុល្លារ ​ក្នុង ​១ ​តោន ថយចុះ ៩២​ ដុល្លារ ស្មើនឹង -៦​ ភាគរយ ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន​។​

​លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​១៤ ខែសីហា​ថា បរិមាណ​នៃ​ការនាំ​ចេញ​ជ័រកៅស៊ូ ធ្លាក់ចុះ​នាពេល​កន្លងមក គឺ​បណ្តាលមកពី​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បណ្តាលឱ្យ​តម្រូវការ​ជ័រកៅស៊ូ​ធ្លាក់ចុះ [​របាយការណ៍​​របស់​សមាគម​នៃ​បណ្តា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​, ក្តីបារម្ភ​ពី​អតិផរណា​, ការដំឡើង​អត្រា​ការប្រាក់​របស់​អាមេរិក​ក្នុងការ​រឹតបន្តឹង​ចរាចរ​​ប្រាក់​ដុល្លារ​, ស្ថានភាព​នៃ​ការ​​ងើបឡើង​វិញ និង​ការបន្ត​បិទ​​ខ្ទប់​ផ្នែក​ខ្លះ​ដោយសារ​កូ​វីដ ​១៩ នៅ​ប្រទេស​ចិន​, សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​ផលប៉ះពាល់​រវាង​ប្រទេស​ចិន និង​អាមេរិក អំពី​ភូមិសាស្ត្រ​នយោបាយជាដើម​។​

​ទោះបីយ៉ាងណា លោក ហ៊ឹម​ អូន មាន​សុទិដ្ឋិនិយម​ថា ស្ថាន​ភាព​នៃ​ការវិនិយោគ និង​ទីផ្សារ​ជ័រកៅស៊ូ​កម្ពុជា នឹងមាន​ភាព​​ល្អប្រសើរ​នៅពេល​អនាគត​។ លោក​ថ្លែងថា​៖ «​យើង​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​មានការ​លើក​​ទឹក​ចិ​ត្ដ​ច្រើន​ដល់​វិនិយោគិន​ពី​រាជរដ្ឋាភិបាល និង​ប្រទេស​មាន​សុខសន្តិភាព​ល្អ នឹងមាន​រោង​​ចក្រ​កែច្នៃ​ជ័រកៅស៊ូ ជា​ផលិត​​ផល​សម្រេច ​(​ផលិត​កង់​រថ​យន្ត​) ដើម្បី​រួមចំណែក​បង្កើន​ខ្សែចង្វាក់​តម្លៃ​ទីផ្សារ​កៅស៊ូ​ក្នុងស្រុក និង​បង្កើត​ការងារ​ដល់​ប្រជាជន​កាន់តែច្រើន​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ធ្លាប់​និយាយថា ទោះ​នៅ​កម្ពុ​ជាមាន​រោងចក្រ​ផលិត​កៅស៊ូកង់​មួយ​​ចំនួន​កំពុងដំណើរការ​ (​យ៉ាងតិច ២)​ ក៏​រោងចក្រ​ទាំងនោះ​មិនទាន់បាន​យក​ទិន្នផល​ជ័រកៅស៊ូ​ក្នុងស្រុក​ទៅប្រើ​នោះទេ ដែល​ធ្វើឱ្យ​តម្លៃ​ជ័រកៅស៊ូ​ត្រូវ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​ទៅលើ​ទីផ្សារ​នាំ​​ចេញ​។ ទោះយ៉ាងណា អ្វីៗនឹងមាន​ភាពល្អប្រសើរ​នៅពេល​ខាងមុខ​ឆាប់ៗ​។​

​លោក​ប្រាប់ថា​៖ «​ដោយសារ​ផលិតផល​ជ័រកៅស៊ូ​កម្ពុជា​ពឹងផ្អែក​ទៅលើ​ទីផ្សារ​ក្រៅប្រទេស ដូច្នេះ​តម្លៃ​ក៏​អាស្រ័យ​លើ​ទីផ្សារ​ក្រៅប្រទេស​ដែរ​»​។​

​កាលពី​ឆ្នាំ ​២០២១ កម្ពុជា​ប្រ​​មូល​ផល​ជ័រកៅស៊ូ បាន ៣៦៨ ០០០​ តោន ក្នុងនោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ៣៦៦ ០០០​ តោន ដោយ​ប្រមូលប្រាក់​បាន​ចំនួន ៦១០ ២៥៥ ៨០០ ​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​៕

អត្ថបទគួរចាប់អារម្មណ៍