
ផលិតផលអំបោះរបស់ក្រុមហ៊ុន SHUN WEI FANG ZHI KE JI។ រូបថត CDC
ភ្នំពេញៈ កំណើនការបណ្តាក់ទុនលើគម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទកំពុងរួមចំណែកកាន់តែខ្លាំងក្នុងការពង្រីកឯករាជភាពវិស័យវាយនភណ្ឌ ព្រមទាំងកាត់បន្ថយការពឹងផ្អែកខ្លាំងលើវត្ថុធាតុដើមដែលនាំចូលពីក្រៅប្រទេស។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងសប្តាហ៍មុនបានអនុម័តគម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទរបស់ Shun Wei Fang Zhi Ke Ji Co., Ltd ដែលមានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺមានទុនវិនិយោគ ៥,២ លានដុល្លារ និងបង្កើតការងារបាន ២២៦ កន្លែង។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការនាំចូលវត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅកម្ពុជាបានកើនពី ៤ ៤៥១,២ លានដុល្លារនៅក្នុងឆ្នាំ ២០០៨ ដល់ចំនួន ២០ ១៧០,៨ លានដុល្លារក្នុងឆ្នាំ ២០១៩ មុននឹងធ្លាក់មកនៅត្រឹម ១៨ ៩៣៨,២ លានដុល្លារ ក្នុងឆ្នាំ ២០២០ ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ ១៩។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៥ ខែសីហាថា បច្ចុប្បន្នដើម្បីបម្រើឱ្យវិស័យវាយនភណ្ឌ កម្ពុជាបាននាំចូលអំបោះជាច្រើនមកពីប្រទេសចិន វៀតណាម ថៃ និងមានចំនួនតិចតួចបំផុតផលិតដោយរោងចក្រតូចៗក្នុងប្រទេស។ លោកបន្តថា ការវិនិយោគលើរោងចក្រផលិតអំបោះនឹងរួមចំណែកកាត់បន្ថយការនាំចូលពីបរទេស ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារ និងជំនាញដល់ប្រជាជន។
លោកថ្លែងថា៖ «ក្រៅពីចំណុចខាងលើ ការបង្កើតរោងចក្រផលិតដោយផ្ទាល់បែបនេះ ក៏ផ្តល់ភាពងាយស្រួលដល់រោងចក្រដែលត្រូវការអំបោះ គឺមិនបាច់ចំណាយពេលទៅទិញនៅបរទេស ចំណេញថ្លៃដឹកជញ្ជូន និងអាចមានតម្លៃធូរថ្លៃជាងមុនទៀតផង»។
លោកបន្ថែមថា ការវិនិយោគនេះក៏នឹងជួយទាក់ទាញឱ្យមានការចូលមកបណ្តាក់ទុនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកាន់តែច្រើនផងដែរ។
ដោយឡែកអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការបង្កើតរោងចក្រផលិតអំបោះដែលជាវត្ថុធាតុដើមចាំបាច់សម្រាប់ឧស្សាហកម្មផ្នែកវាយនភណ្ឌនៅកម្ពុជា គឺពិតជាសារៈប្រយោជន៍ខ្លាំង ខណៈកន្លងមកកម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលពីប្រទេសចិន ដែលជាកន្លែងមានការដាំដើមកប្បាសច្រើន។ រោងចក្រនេះនឹងក្លាយជាចន្ទល់រឹងមាំបន្ថែមទៀតសម្រាប់វិស័យវាយនភណ្ឌកម្ពុជា។
លោកបានថ្លែងថា៖ «នៅពេលមានរោងចក្រក្នុងស្រុកបែបនេះ វានឹងជួយធានាឱ្យវិស័យកាត់ដេរនៅកម្ពុជាកាន់តែមាននិរន្តរភាព និងអាចធ្វើឱ្យថ្លៃដើមផលិតធ្លាក់ចុះខ្លះ ដែលវានឹងជួយធ្វើឱ្យការប្រកួតប្រជែងលើទីផ្សារអន្តរជាតិមានដំណើរការកាន់តែល្អ»។
លោកបន្ថែមថា ការបង្កើតរោងចក្រនេះក៏នឹងជួយបង្កើតឱកាសការងារដល់ប្រជាជនក្នុងស្រុក និងជួយកាត់បន្ថយការធ្វើចំណាកស្រុកបានមួយចំណែក។ បន្ថែមលើនេះ វាក៏អាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការដាំដុះប្រភេទរុក្ខជាតិបម្រើឱ្យចង្វាក់ផលិតកម្មអំបោះផងដែរ។
លោក គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិនបានលើកឡើងថា នេះជាការបោះជំហានបន្ថែមទៀតក្នុងវិស័យកាត់ដេរកម្ពុជាដោយជំហានបន្តបន្ទាប់នឹងមានរោងចក្រផលិតក្រណាត់ធំៗចូលមកបណ្តាក់ទុនផ្ទាល់តែម្តង។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាក្នុងពេលឆាប់ៗនេះនឹងមានរោងចក្រផលិតវត្ថុធាតុដើម (ក្នុងវិស័យវាយនភណ្ឌ) កាន់តែច្រើនចូលមកបើករោងចក្រនៅកម្ពុជា។ ការវិនិយោគបែបនេះនឹងផ្តល់តម្លៃបន្ថែមកាន់តែច្រើនដល់ប្រជាជនខ្មែរ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល»។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាផ្នែកដែលប្រទេសកម្ពុជាអាចរកចំណូលបានច្រើនពីការនាំចេញទៅលក់លើទីផ្សារអន្តរជាតិ។ កាលពីឆ្នាំ ២០២១ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១ ១០០ ដែលមានកម្មករប្រមាណ ៧៥ ម៉ឺននាក់។ នេះបើតាមក្រសួងការងារ។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២២ ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអន្តរជាតិមានតម្លៃសរុប ៦,៦ ពាន់លានដុល្លារ កើន ៤០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ៤,៧២ ពាន់លានដុល្លារ៕