
បុគ្គលិករបស់ក្រុមហ៊ុន CSL រៀបចំដំឡូងកែច្នៃរួច ដាក់ចូលក្នុងកញ្ចប់។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុន CSL En-terprise ដែលគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកកំពុងរៀបចំខ្លួន ដើម្បីប្រែក្លាយពីអាជីវកម្មលក្ខណៈគ្រួសារ ទៅជាក្រុមហ៊ុនសាធារណៈ តាមរយៈការចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។
បង្កើតក្នុងឆ្នាំ ២០១៧ CSL Enterprise បានក្លាយជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់អាហារសម្រន់ប្រកបដោយគុណភាព ដោយផលិតពីផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងស្រុក ដែលផ្គត់ផ្គង់ផ្សារទំនើប និងល្បីៗភាគច្រើននៅក្នុងរាជធានីភ្នំពេញ។
លោក សុង ខេងលាង នាយកគ្រប់គ្រងក្រុមហ៊ុន CSL បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៥ សីហាថា ក្រុមហ៊ុនលោកកំពុងចូលរួមក្នុងកម្មវិធី Excellence Program 2 ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា(SERC) ជាហេតុជំរុញឱ្យលោកពិចារណាចំពោះការកៀរគរមូលនិធិពីការចុះបញ្ជីនៅ CSX ដើម្បីពង្រីកអាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារលោក ទៅជាសាជីវកម្មដើម្បីអនុញ្ញាតឱ្យសហគ្រាសពង្រីកបណ្តាញចែកចាយពីបច្ចុប្បន្នដែលមានតែនៅក្នុងរាជធានីភ្នំពេញទៅទូទាំងប្រទេស និងនាំចេញទៅក្រៅប្រទេស។
លោកបញ្ជាក់ថា៖ «ពេលនេះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំសម្រាប់ការចុះបញ្ជីដោយមានការណែនាំពីនិយ័តករមូលបត្រកម្ពុជា។ ជាធម្មតាសហគ្រាសក្នុងស្រុករបស់យើងកំពុងសម្លឹងមើលការប្រមូលមូលនិធិនៅបរទេស ឬពីដៃគូអភិវឌ្ឍន៍ ប៉ុន្តែខ្ញុំមើលឃើញពីឱកាសក្នុងការបង្កើនមូលនិធិក្នុងស្រុកតាមរយៈផ្សារមូលធន ដែលផ្តល់ឱ្យយើងនូវមូលនិធិរយៈពេលវែងសម្រាប់ការពង្រីកអាជីវកម្ម»។
លោកបន្តថា៖ «ខ្ញុំគិតថាយើងមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះបញ្ជី ប៉ុន្តែយើងគ្រាន់តែត្រូវការពេលវេលាក្នុងការរៀបចំផ្ទៃក្នុងរបស់យើង ដូចជាការចុះបញ្ជីគណនេយ្យការអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ចល្អ។ ខ្ញុំគ្រោងនឹងចុះបញ្ជីក្រុមហ៊ុននៅឆ្នាំ ២០២៥ ដូច្នេះចាប់ពីពេលនេះទៅ គឺជាដំណាក់កាលរៀបចំរបស់យើង ព្រោះខ្ញុំមិនចង់គ្រាន់តែជាកម្មសិទ្ធិគ្រួសារទេ។ ខ្ញុំចង់ឱ្យក្លាយជាក្រុមហ៊ុនសាធារណៈ»។
អគ្គនាយក SERC លោក ស៊ូ សុជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈកម្មវិធី Excellence Program និយ័តករមូលបត្រកម្ពុជាកំពុងផ្តល់នូវទិដ្ឋភាពបច្ចេកទេសជាច្រើនសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចង់ចុះបញ្ជីនៅលើផ្សារមូលធនមួយនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម និងការនុលោមភាពផ្សេងៗទៀត។
លោកថ្លែងថា៖ «យើងមានសហគ្រាសធុនតូច និងមធ្យមជាច្រើន ដែលបានចុះឈ្មោះក្នុងកម្មវិធី ឧត្ដមភាពលើកទី២ ដែលមានគោលបំណងសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមអាចចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន ឬពួកគេអាចទទួលបានហិរញ្ញប្បទានពីប្រភពផ្សេងៗទៀត ស្ថិតក្រោមវិស័យហិរញ្ញវត្ថុរបស់យើង»។
លោកបន្ថែមថា៖ «បន្ទាប់មក យើងនឹងធ្វើទស្សនកិច្ចនៅនឹងកន្លែងរបស់សហគ្រាស ដើម្បីមើលពីវឌ្ឍនភាពរបស់ពួកគេលើអ្វីដែលយើងបានផ្តល់អ្នកជំនាញរបស់យើងដល់ពួកគេ។ សម្រាប់ការចុះបញ្ជី គឺអាស្រ័យលើការសម្រេចចិត្តរបស់ក្រុមហ៊ុន បើគិតថា ពួកគេរៀបចំល្អសម្រាប់ការចុះបញ្ជីដើម្បីប្រមូលមូលនិធិតាមរយៈទីផ្សារមូលធនមួយនេះ ដូច្នេះយើងនឹងជួយពួកគេបន្ថែមទៀត»។
CSL Enterprise ជាសហគ្រាសផលិត និងផ្គត់ផ្គង់អាហារសម្រន់ដែលមានគុណភាពពីផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងស្រុកដែលមានផលិតផលចំនួន ២ ប្រភេទ គឺអាហារសម្រន់រួមមាន តំណាប់ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម ដំឡូង និងប្រភេទធញ្ញជាតិកញ្ចប់ និងគ្រឿងទេស មានដូចជាសណ្តែកសៀង សណ្តែកក្រហម ជាដើម៕