​ភ្នំពេញៈ កម្ពុជា​បាន​ចំណូល​ជាង ១ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ (​ឆៅ​) ​ប្រមាណ ៦៦​ ម៉ឺន​តោន ​ទៅកាន់​ប្រទេស​វៀតណាម​នៅក្នុង​រយៈ​​ពេល ៧ ​ខែ ឆ្នាំ ​២០២២ ទោះបីជា​បរិមាណ​នៃ​ការនាំចេញ​បាន​ធ្លាក់ចុះ​ក៏ដោយ​។

​យោងតាម​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ប្រទេស​កម្ពុជា ​នាំចេញ​គ្រាប់ស្វាយចន្ទី ​(​ឆៅ​) ​ប្រមាណ ៦៦០ ០០០ ​តោន ​ទៅ​ទីផ្សារ​វៀតណាម​ក្នុង​រយៈពេល ៧ ​ខែ ​ដើមឆ្នាំ ​២០២២ ធ្លាក់ចុះ ៣៥០ ០០០ ​តោន ​ឬ​ស្មើ ៣៤,៦៥​ភាគរយ​​ បើ​ធៀប​ទៅនឹង​​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​ប្រមូលបាន​ប្រាក់ ​១ ០៧៧​ លាន​ដុល្លារ​។​

​ស្វាយចន្ទី ជា​ដំណាំ​កសិកម្ម​ដែលមាន​ដាំ​ដុះ​ច្រើន​ក្នុង​ខេត្ត​ចំនួន ១០ នៅ​កម្ពុជា​មានដូចជា​ខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម​។ ជា​រៀងរាល់ឆ្នាំ​ទិន្នផល និង​គុណ​​ភាព​គ្រាប់ស្វាយចន្ទី តែងតែ​ប្រែ​​ប្រួល​តាម​អាកាសធាតុ ជាក់​​ស្តែង​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន ទិន្នផល និង​គុណភាព​គ្រាប់​មិនសូវ​ល្អ​ទេ ប៉ុន្តែ​បើ​ឆ្នាំ​ណា​មាន​អាកាស​​ធាតុ​ក្តៅ និង​មិនសូវមាន​ភ្លៀង ទិន្នផល និង​គុណភាព​គ្រាប់ស្វាយ​​ចន្ទី​នឹង​កើនឡើង​ខ្ពស់​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៥ ខែសីហា​ថា ស្វាយចន្ទី គឺជា​ប្រភេទ​កសិផល​ដ៏​មាន​សក្តានុពល​សម្រាប់​ទីផ្សារ​នាំចេញ​ដោយ​ចំណូល​ពី​ការនាំចេញ​គ្រាប់ស្វាយចន្ទី ​(​ឆៅ​) អាច​លើសពី​កសិផល​ផ្សេងទៀត​ក្នុង​វិស័យ​កសិកម្ម ដូចជា ស្រូវ​ ​អង្ករ ដំឡូង​មី និង​កៅស៊ូ ជាដើម​។

លោក​បន្តថា ដោយ​​សារ​តែ​នៅ​កម្ពុជា​បច្ចុប្បន្ន​មិនទាន់មាន​សិប្បកម្ម ឬ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី កម្រិតស្តង់ដា​អន្តរជាតិ ហេតុនេះ​គ្រាប់ស្វាយចន្ទី​ (​ឆៅ​) ​កម្ពុជា​ប្រមាណ ជាង ៩០ ​ភាគរយ ​ត្រូវបាន​ហូរ​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម​ជា​រៀងរាល់ឆ្នាំ​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​គ្រាប់ស្វាយ​​ចន្ទី ​(​ឆៅ​) ​ដែល​ប្រជាកសិករ​ខ្មែរ​ប្រមូលបាន​ប្រហែល ៩៥​ ភាគរយ​ ត្រូវបាន​ហូរ​ចូលទៅ​រោងចក្រ​កែច្នៃ​នៅក្នុង​ប្រទេស​វៀតណាម ខណៈ​ប្រហែល ២​ ភាគរយ ​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា និង​សល់​ពី​នោះ​សម្រាប់​ការកែច្នៃ​ក្នុងស្រុក​»​។​

​ទាក់ទង​នឹង​ការធ្លាក់ចុះ​ទិន្នផល និង​ការនាំចេញ​ក្នុង​ឆ្នាំ​ ២០២២ នេះ លោក ស៊ី​ឡុ​ត អះអាងថា ក្រៅពី​កត្តា​អាកាស​​ធាតុ អ្នក​ដាំ​ដុះ​ស្វាយចន្ទី​ក៏បាន​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការ​កើនឡើង​តម្លៃ​ជី ការដឹកជញ្ជូន និង​កង្វះ​ទុន​សម្រាប់​វិនិយោគ​ផងដែរ​។​

​បើ​យោងតាម​លោក ស៊ី​ឡុ​ត បច្ចុប្បន្ន​គ្រាប់ស្វាយចន្ទីមានតម្លៃ​ពី ១ ៣៥០-១ ៧៥០​ ដុល្លារ ​ក្នុង​ ១​ តោន ដោយ​អា​ស្រ័យ​លើ​គុណភាព​គ្រាប់​។ នៅ​កម្ពុជា​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី មាន​ប្រហែល​ ៧០​ ម៉ឺន​ហិកតា​។​

​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ លោកស្រី អ៊ិ​ន ឡៃ​ហ៊ួ​ត បាន​ប្រាប់ថា គ្រាប់ស្វាយចន្ទី​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា មានគុណ​ភាព និង​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​ដោយសារ​កង្វះ​ទុន និង​ការបណ្តាក់ទុន​លើ​ការបង្កើត​សិប្ប​​កម្ម ឬ​រោងចក្រ​កែច្នៃ​កម្រិតស្តង់ដា បានធ្វើឱ្យ​ការដាំដុះ​មិនសូវមាន​សម្ទុះ​នោះទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

​លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​ចង់ឃើញ​មានការ​កែច្នៃ​នៅក្នុង​ស្រុក​ឱ្យ​កាន់តែច្រើន ដើម្បី​ចៀសវាង​ការនាំចេញ​វត្ថុធាតុដើម​។ ការកែច្នៃ​ក្នុងស្រុក ក៏​នឹង​ជួយ​លើកកម្ពស់​មុខមាត់​ប្រទេសជាតិ និង​កំណើនសេដ្ឋកិច្ច​ផងដែរ​»​។​

​តាម​ការប៉ាន់ស្មាន​នៅក្នុង​ឆ្នាំ ​២០២១ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី ក្នុង​ទឹកប្រាក់​ប្រមាណ ១ ៦០៤,៨៧ លាន​ដុល្លារ កើនឡើង ២៣៣,៣២​ ភាគរយ​ ធៀប​នឹង​ឆ្នាំ ​២០២០​។ សម្រាប់​បរិមាណ គឺមាន​ចំនួន ៩៣៧ ៩៧៤,២៦ តោន កើន ៣២៨,៣៤​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២០​។ ទីផ្សារ​សំខាន់ៗ​មាន ប្រទេស​វៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន និង​កូរ៉េ​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕