ភ្នំពេញៈខេត្តសៀមរាបរំពឹងថានឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​ជាង ២​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២២ នេះ ខណៈ​រយៈពេល ៧​ ខែ​ដើមឆ្នាំ​ខេត្ត​មួយ​នេះ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ជាង ១,២​ លាន​នាក់​រួចមកហើយ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោកថោងខុននៅ​ថ្ងៃទី​ ១៦ ខែសីហា ​បាន​លើកឡើងថាក្នុង​ឆ្នាំ​ ២០២២ ចំនួន​ភ្ញៀវទេសចរ​ (​ទាំង​ក្នុងស្រុក និង​បរទេស​)​ ទៅ​កម្សា​ន្ត​នៅ​ខេត្តសៀមរាបនឹង​អាចមាន​ចំនួន​ប្រហែល ២ ២៧៨ ៨៥៤​ នាក់ខណៈ​ក្នុង​រយៈពេល​ ៧ ​ខែឆ្នាំ ​២០២២ ខេត្តសៀមរាប​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​សរុប ​១ ២៤២ ៨៥៤ ​នាក់​មកហើយ​។​

​លោក​បាន​អះអាងថា​៖ «​តាម​ការ​ព្យាករ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​ ២០២២ នេះភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាបនឹង​ឡើងដល់ ២ ២៧៨ ៨៥៤ ​នាក់​»​។​

​យោងតាមលោកថោងខុនចំនួន​ជាង ២​ លាន​នាក់​ដែលជា​ការរំពឹងទុក​នេះនឹង​កើនឡើង​ក្នុង​អត្រា ៣២៦,៧៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៥៣៤,០០៥ ​នាក់​។ ក្នុងនោះភ្ញៀវទេសចរ​ជាតិ​នឹង​ឡើងដល់​ចំនួន ២ ០៣៩ ០០០ ​នាក់កើនឡើង ២៩១,២៦​ ភាគរយនិង​ភ្ញៀវទេសចរ​អន្តរជាតិនឹង​ឡើងដល់ ២៣៩ ៨៥៤ ​នាក់កើនឡើង ១ ៧៦៣,២៣​ ភាគរយ​។​

​លោក ថោង ខុន បាន​បន្តទៀតថា ដើម្បី​ចូលរួម​ជំរុញ​ដល់​កំណើន​នេះក្រសួងទេសចរណ៍​បាន​និង​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​អំពី​លទ្ធភាព​ក្នុងការ​បង្កើត​ «​កញ្ចប់​ទស្សនកិច្ច​ពិសេស​» ដើម្បី​ទាក់ទាញ​ឱ្យ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​ច្រើនដង​។​

​បន្ថែម​ពីលើ​នោះលោកថោងខុនក៏បាន​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​ចំពោះ​ធនធានមនុស្ស​ ដែល​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផងដែរ ដោយ​លោក​បាន​ចាត់​ក្រុមការងារ​ក្រសួងទេសចរណ៍​ឱ្យ​ចុះ​ពិនិត្យ​ជំហាន​ទី ​២ ដើម្បី​វាយតម្លៃ​ពី​គុណភាពសេវាកម្ម និង​បដិសណ្ឋារកិច្ចក៏ដូចជា​ផ្ដល់​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​បន្ថែមទៀត​។​

​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅ​កម្សាន្ត​ខេត្តសៀមរាប​បាន​កាន់តែ​ច្រើនរាជរដ្ឋាភិបាល​កម្ពុជាកាលពី​ថ្ងៃទី​ ២០ ខែតុលាឆ្នាំ​ ២០២១ បានប្រកាស​ជា​ផ្លូវការ​ដាក់ឱ្យអនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាបឆ្នាំ​ ២០២១-២០៣៥​។​

​ក្រសួងទេសចរណ៍ធ្លាប់បាន​ប្រកាសថា តាមរយៈ​ផែនការ​មេនេះខេត្តសៀមរាប​រំពឹង​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ១០,៩ លាន​នាក់​នៅ​ឆ្នាំ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ ​២០២៥​។ តាមរយៈ​នេះ​រដ្ឋាភិបាល​ក៏មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាបប្រមាណ ៦ ពាន់​លាន​ដុល្លារ​។

​ផែនការ​មេនេះ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាបនិង​តំបន់​នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ឆ្ពោះទៅ​ឆ្នាំ​ ២០៣៥ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ដូចជាការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត​, ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​, ការផ្សព្វផ្សាយនិង​ទាក់ទាញ​ភ្ញៀវទេសចរ​, ការពង្រឹង​គុណភាពនិង​និរន្តរភាព​, ការគ្រប់គ្រង​បរិស្ថាន​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនិង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​, និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​។

​លោកថោងខុនកាលពី​អំឡុង​ខែតុលាឆ្នាំ ​២០២១ បាន​និយាយថា​៖ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាបឆ្នាំ​ ២០២១-២០៣៥ នឹង​ប្រែក្លាយ​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​ដ៏​ទាក់ទាញប្រកបដោយ​គុណភាពផ្ដល់នូវ​ធនធាន​ទេសចរណ៍​សម្បូរបែបមានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល​លើ​ការអភិរក្សនិង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ និង​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​ម្ដង​ហើយ​ម្ដងទៀតផ្សារភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋានចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រព្រមទាំង​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​»៕