
លោក ស៊ូ សុជាតិ (ពីឆ្វេងទី៣) និងលោក អ៊ិន ចាន់នី (ពីឆ្វេងទី៤)។ រូបថត សហការី
ភ្នំពេញៈ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លោក ស៊ូ សុជាតិ បានឱ្យដឹងថា ធនាគារអេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី ១៦ ខែសីហា លោក ស៊ូ សុជាតិ បានប្រាប់ថា ធនាគារអេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាតាំងពីដំណាក់កាលដំបូងនៃការចាប់ផ្តើមដោយក្នុងនោះ ធនាគារអេស៊ីលីដា ត្រូវបានទទួលស្គាល់ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រភ្នាក់ងារ បញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ និងពេលនេះជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
លោកថ្លែងថា៖ «ធនាគារអេស៊ីលីដា ក៏បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈកាលពីអំឡុងឆ្នាំ ២០២០ ទោះបីកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ទីផ្សារមូលបត្រនៅតែបង្ហាញពីកំណើន និងការវិវឌ្ឍជាវិជ្ជមាន»។
លោកបន្ថែមថា៖ «តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា បានធ្វើឱ្យទីផ្សាររបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនវិនិយោគិន ទំហំ តម្លៃជួញដូរ និងទំហំមូលធនូបនីយកម្មទីផ្សារ»។
បើតាមលោក សុជាតិ ចំពោះអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណ និងការទទួលស្គាល់ថា ជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ ក្រុមហ៊ុនចែកចាយលក់មូលបត្រ និងជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
លោកបានបន្ថែមថា៖ «បើពិនិត្យលើគំរូអាជីវកម្មធនាគារអេស៊ីលីដា គឺបានបង្កើតខ្សែចង្វាក់សេវាកម្មមួយដែលកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យមូលបត្រនៅកម្ពុជា ព្រមទាំងបានបង្កើតសមត្ថភាពប្រកួតប្រជែងរបស់ធនាគារ និងបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងទីផ្សារមូលបត្រ»។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បានប្រាប់ថា ធនាគារអេស៊ីលីដា កំពុងបន្តរីកចម្រើនប្រកបដោយនិរន្តរភាព ដោយសារមានធនធានមនុស្សដ៏រឹងមាំ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងាររបស់ខ្លួនតាមការគ្រោងទុក ស្របតាមច្បាប់ បទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈស្របនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងលក្ខខណ្ឌតម្រូវការងារ។
លោកថ្លែងថា៖ «ដូចយើងដឹងហើយថា ធនាគារអេស៊ីលីដា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈរបាយការណ៍ជាសាធារណៈ ដែលទើបបានចេញផ្សាយថ្មីៗនេះ គឺធនាគារយើងសម្រេចបានលទ្ធផលល្អប្រសើរនៅក្នុងឆមាសទី១ ឆ្នាំនេះ។ របាយការណ៍របស់ក្រុមហ៊ុនចុះបញ្ជីត្រូវបានចេញផ្សាយជាសាធារណៈ គឺពិតជាមានសារៈសំខាន់ និងត្រូវបានប្រើប្រាស់ជាធាតុផ្សំមូលដ្ឋានសម្រាប់វិនិយោគិនក្នុងការសម្រេចចិត្តវិនិយោគលើមូលបត្រណាមួយតាមការយល់ឃើញដ៏រឹងមាំរបស់ពួកគេ»។
បើតាមលោក ស៊ូ សុជាតិ គិតមកទល់បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារគោលមានចំនួន ៧ និងទីផ្សារកំណើន ២) និងក្រុមហ៊ុនចំនួន ៧ បានចុះបញ្ជីលក់មូលបត្របំណុល (ក្នុងនោះមានមូលបត្របំណុលចំនួន ៩ បានចុះបញ្ជីលក់ដោយមានមូលបត្របំណុល ៣ បានដល់ឥណប្រតិទាន) នៅលើផ្សារមូលបត្រកម្ពុជា៕