
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយនឹងធនាគារដៃគូ កាលពីថ្ងៃទី ១៥ ខែសីហា។ រូបថត ARDB Bank
ភ្នំពេញៈ តំណាងផ្នែកឯកជនពីវិស័យកសិកម្ម បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទានទៅដល់កសិករ សហគមន៍កសិកម្ម ដើម្បីទទួលបានហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាបក្នុងន័យជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី ១៥ ខែសីហា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយនឹងធនាគារប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីលើកស្ទួយវិស័យកសិកម្ម ដែលជាវិស័យចន្ទល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរនៅក្នុងដំណាក់កាល ដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៦ ខែសីហាថា គម្រោងហិរញ្ញប្បទាននេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការស្វែងរកការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាបជូនដល់ប្រជាកសិករ និងសហគមន៍កសិកម្មឱ្យមានលទ្ធភាពបន្ថែមទៀតក្នុងការបង្កើតការផលិតរបស់ពួកគេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា នេះគឺជាដំណឹងដ៏ល្អនៃបរិបទថ្មីក្នុងការផ្តល់ហិរញ្ញប្បទានដែលបង្ហាញឱ្យឃើញថា រដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការសហការជាមួយស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅក្បែរសហគមន៍កសិកម្មក៏ដូចជាកសិករផ្ទាល់ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់»។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ដែលជាក្រុមហ៊ុនគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មកសិកម្មឌីជីថល ក៏បានសាទរចំពោះកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលបានផ្តោតការផ្តល់ហិរញ្ញប្បទានមកកាន់វិស័យកសិកម្ម។
លោកនិយាយថា៖ «ខ្ញុំយល់ឃើញថា ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបសមរម្យទៅដល់កសិករ ឬតួអង្គសំខាន់ក្នុងវិស័យកសិកម្ម គឺជាការចាំបាច់ដើម្បីធ្វើឱ្យថ្លៃដើមមូលនិធិក្នុងផលិតផលកសិកម្មរបស់កសិករមានកម្រិតទាបដែលអនុញ្ញាតឱ្យពួកគាត់អាចមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារបាន»។
លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានប្រាប់អ្នកសារព័ត៌មានថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា មានទុនប្រមាណ ៣០ លានដុល្លារ ដោយទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងការអនុវត្តផ្តោតលើវិស័យកសិកម្មលើកលែងតែស្រូវ រយៈពេល ៥ ឆ្នាំ។
លោកបញ្ជាក់ថា៖ «គម្រោងនេះមានទុន ៣០ លានដុល្លារ ហើយយើងបានសហការផ្តល់ទៅដល់ដៃគូរបស់យើងចំនួន ៣ ដែលបានព្រមព្រៀងគ្នា។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងនាមជាអ្នកបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុទាំង ៣ ខាងលើ ដើម្បីឱ្យពួកគាត់ធ្វើការងារនេះផ្ទាល់តែម្តង»។
លោកបន្តថា សម្រាប់ឥណទានបោះដុំ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំង ៣ ក្នុងអត្រាការប្រាក់ ៥ ភាគរយ ក្នុង ១ ឆ្នាំ ដោយគ្មានកម្រៃសេវា តែចំពោះអត្រាការប្រាក់ ដែលស្ថាប័នទាំង ៣ ផ្តល់ជូនអតិថិជន គឺអាស្រ័យលើការកំណត់តាមគោលការណ៍របស់ស្ថាប័ននីមួយៗ៕