
អគ្គនាយកដ្ឋានពន្ធដារ។ ចំណូលពន្ធដាររយៈពេល ៧ ខែ ឆ្នាំ ២០២២ កើនឡើងជិត ២៩%។ ហុង មិនា
ភ្នំពេញៈ ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារនារយៈពេល ៧ ខែ ឆ្នាំ ២០២២ សម្រេចបានប្រមាណ ២,២១ ពាន់លានដុល្លារកើនឡើងជិត ២៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១៥ ខែសីហា បង្ហាញថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ៨ ៩៥០,៨៩ ពាន់លានរៀល (២ ២១០,១០ លានដុល្លារ) ស្មើនឹង ៧៨,៣៩ ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំនួនប្រាក់ប្រមូលបាននេះបើធៀបទៅរយៈពេល ៧ ខែ ឆ្នាំ ២០២១ គឺកើនឡើង ១ ៩៨៩,៧៤ ពាន់លានរៀល (៤៩១,២៩ លានដុល្លារ) ឬស្មើនឹង ២៨,៦ ភាគរយ។
ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបាន ៩៦៩,៨ ពាន់លានរៀល (២៣៩,៤៦ លានដុល្លារ) ស្មើនឹង ៨,៤៩ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ ២០២២។ ចំនួននេះបើធៀបទៅនឹងចំណូលពន្ធអាករក្នុងខែកក្កដា ឆ្នាំ ២០២១ ឃើញថា កើន ១៥៦,១៥ ពាន់លានរៀល (៣៨,៥៦ លានដុល្លារ) ស្មើនឹង ១៩,១៩ ភាគរយ។
ក្នុងកិច្ចប្រជុំនោះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា បើទោះបីមានហានិភ័យដែលបណ្តាលមកពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងការបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ ១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសន្តិសុខសកលដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក៏ការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងឆ្នាំ ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ។
លោកថ្លែងថា៖ «ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូល គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩»។
លោកបានបន្តថា ស្ថានភាពនៃការបន្តរក្សាកំណើនចំណូលនេះ គឺសម្រេចបានអាស្រ័យដោយការបន្តខិតខំប្រឹងប្រែងកៀរគរចំណូលពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានាតាមរយៈការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍន៍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាំងពីមុនការរីករាលដាលជំងឺកូវីដ ១៩ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filing App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែសីហាថា កំណើនប្រាក់ចំណូលពន្ធដារជាបន្តបន្ទាប់ គឺកើតចេញពីការគ្រប់គ្រងការប្រមូលចំណូលកាន់តែមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពជាងមុន ពិសេសទៅលើមុខសញ្ញាជាប់កាតព្វកិច្ចពន្ធ, ក្រុមហ៊ុនទើបបង្កើតថ្មី, និងពន្ធប្រថាប់ត្រាជាដើម។
លោកថ្លែងថា៖ «ចំណូលពន្ធកើនឡើង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលយកថវិកាទៅវិនិយោគសាធារណៈ (សាងសង់ និងអភិវឌ្ឍលើគ្រប់វិស័យ), សងបំណុលម្ចាស់បំណុល និងក៏អាចយកសន្សំសម្រាប់ទុនបម្រុងរបស់ជាតិផងដែរ»។
លោកបន្ថែមថា កំណើនការចូលមកបណ្តាក់ទុនថ្មីៗក៏នឹងជួយឱ្យចរន្តប្រាក់ចំណូលពន្ធដារកើនឡើងដែរ។ លោកបានបញ្ជាក់ថា៖ «នៅពេលសេដ្ឋកិច្ចកាន់តែល្អ ចំណូលពន្ធនឹងកើនឡើងព្រមគ្នា»។
ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ កំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលឱ្យបានចំនួនប្រមាណ ២ ៨១៩,៥៤ លានដុល្លារ៕