​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ទទួល​បាន​សុទិដ្ឋិនិយម​កាន់តែច្រើន​ពី​វិនិយោគិន​ចាប់តាំងពី​ការចេញផ្សាយ​របាយការណ៍​អតិផរណា​ខែកក្កដា ហើយ​ឥឡូវនេះ ត្រូវបាន​ជំរុញ​បន្ថែមទៀត​ដោយ​កម្សោយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។​

​ការមិន​ប្រែប្រួល​នៃ​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ (CPI) ក្នុង​ខែកក្កដា បាន​ជំរុញ​ឱ្យ​អត្រា​អតិផរណា​រយៈពេល ១២​ ខែ ធ្លាក់​មក​ត្រឹម ៨,៥% ថយចុះ ០,៦% ពី​តួលេខ​មុន​។ លទ្ធផល​នៃ​ការបង្កើន​អត្រា​ការប្រាក់​ដើម្បី​ទប់​ទល់នឹង​អតិផរណា​ក៏បាន​ធ្វើឱ្យ​ស​ន្ទ​ស្សន៍​ភាគហ៊ុន​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​កើនឡើង​ផងដែរ នៅ​ថ្ងៃ​ដែល CPI ត្រូវបាន​ចេញផ្សាយ​។ ជាក់ស្ដែង ស​ន្ទ​ស្សន៍ Dow Jones Industrial Average បាន​កើនឡើង ១,៦៣% ​ស​ន្ទ​ស្សន៍ S&P 500 បាន​កើនឡើង ២,១៣% ដែលជា​ការកើនឡើង​ខ្ពស់បំផុត​តាំងពី​ខែឧសភា និង​ស​ន្ទ​ស្សន៍ Nasdaq បាន​កើនឡើង ២,៨៩% ដែលជា​ការ​កើន​ឡើង​ខ្ពស់បំផុត​តាំងពី​ចុងខែ​មេសា​។ គិត​ត្រឹម​ថ្ងៃ​អង្គារ ស​ន្ទ​ស្សន៍​ទាំង​ ៣ នៅតែ​បន្ដ​ស្ថិតក្នុង​ទិសដៅ​កើនឡើង​។​

​លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ភីភី លីង​​ស៊ី​ឃ្យួ​រឹ​ធី បាន​មានប្រសាសន៍ថា ទីផ្សារ​នៅតែ​រឹងមាំ​ក្នុងទិសដៅ​កើនឡើង​សម្រាប់​សប្តាហ៍​នេះ ជាមួយនឹង​កម្លាំង​នៃ​កត្តា​ព័ត៌មាន​ទាក់​ទង​នឹង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​។

គេហទំព័រ Reuters បាន​រាយការណ៍​កាល​​ពីថ្ងៃ​អង្គា​រថា​៖ «​តួលេខ​ដ៏​អាក្រក់​កំពុង​បង្ហាញថា សេដ្ឋកិច្ច​របស់​ចិន​កំពុង​ជម្នះ​នឹង​ផលប៉ះពាល់​នៃ​ការ​រឹតបន្តឹង​ដោយសារ​ជំងឺ​​កូ​វីដ ដែល​ជំរុញ​ឱ្យ​អ្នកសេដ្ឋកិច្ច​មួយចំនួន​បន្ទាប​ការ​ព្យាករ​របស់​ពួកគេ​»​។​

សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ ជាពិសេស​សម្រាប់ S&P 500 អ្នកជួញដូរ​គួរ​ទិញ​ក្នុងតម្លៃ ៤ ២៤៧.៦០​ ដុល្លារ ដោយ​កំណត់​មុខងារ​ទាញយក​ប្រាក់ចំណេញ​​នៅ​តម្លៃ ៤ ៣០៦ ​ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ ៤ ២០៤​ ដុល្លារ​៕