ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ក្តីកង្វល់​ពាក់ព័ន្ធ​ទៅនឹង​ការកើនឡើង​នៃ​អតិផរណា​ដែល​បណ្តាលមកពី​ការកើនឡើង​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ ដោយ​លោក​តម្រូវឱ្យ​កម្ពុជា​ត្រូវធ្វើ​ការពង្រឹង​នូវ​គោលនយោបាយ​រូបិយវត្ថុ​តាមរយៈ​ការជំរុញ​ការទិញ​ជា​ប្រាក់រៀល​។​

​ការ​ថ្លែង​របស់​លោកនាយក​​រដ្ឋមន្ត្រី​ធ្វើឡើង​ក្នុងអំឡុងពេល​លោក​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ក្នុង​រាជធានី​ភ្នំពេញ​។

​លោក​ថ្លែងថា បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ជំរុញឱ្យមាន​ការកើនឡើង​នូវ​តម្លៃ​ប្រេង​ឆៅ​សកល និង​រុញច្រាន​ឱ្យមាន​ការ​កើនឡើង​នូវ​តម្លៃ​ម្ហូបអាហារ ហើយ​កម្ពុជា​ក៏​រង​ផលប៉ះពាល់​នៃ​ការកើនឡើង​តម្លៃ​ប្រេង​លក់​​រាយ​ក្នុងស្រុក​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​ស្ថិរភាព​ន​យោ​​បាយ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​។ ទប់ស្កាត់​អតិផរណា រក្សា​ឱ្យបាន​នូវ​កម្លាំង​ទិញ​ជា​ប្រាក់​​រៀល​។ ខ្ញុំ​កង្វល់​ធំ​ណាស់​ទៅលើ​បញ្ហា​ការឡើង​ថ្លៃ​ប្រេង ខ្ញុំ​មិនសូវ​កង្វល់​ច្រើនពេក​ទេ​ទៅលើ​បញ្ហា​ឡើងថ្លៃ​ស្បៀង​នោះ ប៉ុន្តែ​ការឡើង​ថ្លៃ​ប្រេង គឺជា​រឿង​ដ៏​លំបាក​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ​វា​ជា​កុសល​មួយ​ល្អ​សម្រាប់​ការ​​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​»​។

​ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើ​ដល់​បណ្តា​ក្រុមហ៊ុន​ចែក​​ចាយ​ប្រេង​នៅក្នុង​ស្រុក​មិនគួរ​ធ្វើការ​ដំឡើងថ្លៃ​លក់រាយ​ប្រេង​ឆាប់​តាម​តម្លៃ​ប្រេង​អន្តរជាតិ​ភ្លាមៗ​ឡើយ ខណៈ​ក្រុមហ៊ុន​មិនទាន់​នាំចូល​ភ្លាមៗ​នោះ​។​

​លោក​លើកឡើងថា​៖ «​យើង​ជា​ប្រទេស​តូចតាច​មួយ​ក៏​រង​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែរ ព្រោះ​សេដ្ឋកិច្ច​របស់​យើង​ក៏​ផ្សារភ្ជាប់​ជាមួយ​ទីផ្សារ​ពិភព​​លោក​ដែរ​។ អ៊ីចឹង​យើង​ក៏ត្រូវ​រក​វិធី​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការខិតខំ​បង្កបង្កើនផល​របស់​យើង​»​។​

​លោក​បន្តទៀតថា សម្រាប់​តំបន់​អាស៊ាន​មិន​ចោទ​ជា​បញ្ហា​ធំ​ពេក​ទេ​ទាក់ទង​បញ្ហា​ស្បៀង​​អាហារ ព្រោះ​ប្រទេស​អាស៊ី​ផលិត​ស្រូវ​បាន​ច្រើនណាស់​ជាពិសេស​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន ថៃ វៀតណាម កម្ពុជា និង​មី​យ៉ាន់​ម៉ា​។​

​លោក​បញ្ជាក់ថា​៖ «​គ្រាន់តែ​ប្រទេស​ទាំង ​៤ ​នេះ​ សល់​មិនតិចជាង ១៥​ លាន​តោន​នោះទេ ក្រៅពីនោះ​ប្រទេស​ឥណ្ឌា​ក៏​ជា​ប្រទេស​ផលិត​ស្រូវ​ច្រើនជាងគេ​ដែរ​នៅ​អាស៊ី ដូច្នេះ​បញ្ហា​កង្វះ​ស្បៀង​មិនមែនជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​អ្វី​ដែលជា​កង្វល់​ដ៏​ធំ​នោះ​ គឺ​ទាក់ទិន​នឹង​បញ្ហា​ប្រេង​នេះ​​ឯង ដែល​អាច​ទាញ​ទៅរក​អតិ​​ផរ​ណាមួយ​ដែល​យើង​ត្រូវខិតខំ​រក​វិធី​ទប់ស្កាត់​អតិផរណា​»​។

​បើតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម ការប្រមូល​ផល​នៅ​ដើមរដូវ​មកទល់ពេលនេះ​ គឺ​ប្រមូល​ផល​បាន​ជាង ​៩០ ​ភាគ​​រយ ​ហើយ​ក្នុងចំណោម​ផ្ទៃដី​ដាំ​​ដុះ ២,៥ ​លាន​ហិកតា​។ ដើមរដូវ​ឆ្នាំនេះ​កម្ពុជា​ទទួលផល​ស្រូវ​ជាង ​១ ​លាន​តោន​រួចហើយ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែសីហា​ថា ទាក់ទង​នឹង​ការកើនឡើង​តម្លៃ​ប្រេង​សកល​មាន​សេដ្ឋវិទូ​ជាច្រើន​បាន​សម្តែង​ក្តីបារម្ភ ដោយសារ​ភាព​តានតឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន ការ​​បន្ត​រកឃើញ​នូវ​វីរុស​ថ្មី​នៅ​ប្រ​ទេស​ចិន​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ប្រមើល​​មើលថា ការឡើង​ថ្លៃ​ប្រេង​នេះ​អាច​បន្ត​រហូតដល់​ត្រីមាស​ទី​១ ​ក្នុង​ឆ្នាំ ​២០២៣ ដោយសារ​ខ្ញុំ​ផ្អែកលើ​មូលដ្ឋាន​មួយ​នៃ​វិបត្តិ​ប្រេង​ដែល​គេ​ពុំ​អាច​រក​ទំនិញ​អ្វី​មក​ជំនួស​បាន ដូច្នេះ​ពី​ពេលនេះ​តទៅ គឺ​ពិភពលោក​ទាំង​​មូល​នៅសល់​ពេល​ជិត ១ ​ឆ្នាំ​ទៀត ​ដើម្បី​រក​ទំនិញ​ជំនួស និង​រក​ដំណោះស្រាយ​។ វិបត្តិ​ប្រេង​នេះ​នឹង​ត្រូវបាន​ដោះស្រាយ បើ​ការរកឃើញ​ប្រេង​នៅ​ស៊ីន​ជាំ​ង​នៅ​ប្រទេស​ចិន និង​បណ្តា​ប្រេង​នៅ​ប្រទេស​ផ្សេងៗ​ទៀត​»​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​ ២ ខែសីហា លោក មាស សុខ​សេន​សាន អ្នក​នាំ​​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុបាន​ប្រាប់ថា អត្រា​អតិ​ផរ​​ណា​នៅ​កម្ពុជា​ស្ថិតក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន​ដោយ​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ស្ថិតក្រោម ៥​ ភាគរយ និង​តួលេខ​ថ្មី ៣ ​ភាគរយ​៕