ភ្នំពេញៈ ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្ន​​ន័យ​កំពង់ផែ​អេឡិចត្រូនិក​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​សាកល្បង ដែល​នេះ​ជាការ​ធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​លើ​ការ​​ត្រួតពិនិត្យ​នាវាចរណ៍​ចេញ​-​ចូល​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ព្រះសីហនុ​។​

​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​កំពង់​​ផែ​អេឡិចត្រូនិក​ (Port EDI) ​បានរៀបចំ​ឡើង​ក្រោម​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ​តាមរយៈ​ទីភ្នាក់ងារ​សហ​​ប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន ​(JICA) ​ដោយ​ប្រព័ន្ធ​នេះ គឺជា​ការធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​លើ​ការត្រួតពិនិត្យ​នាវាចរណ៍​ចេញ​-​ចូល​នៅ​កម្ពុជា ដោយ​ប្តូរ​ពី​ការធ្វើការ​ដោយ​ដៃ​មក​ធ្វើការ​លើ​ប្រព័ន្ធ​អន​ឡាញ​វិញ​។

រដ្ឋាភិ​បាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ជំរុញ​គម្រោង​ប្រព័ន្ធ​ផ្លាស់​​ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅតាម​កំពង់ផែ​គោលដៅ ដោយបាន​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេ​ឡិច​​ត្រូ​និក​កំពង់ផែ​ (Port EDI) ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​គម្រោង​នេះ​កាន់​តែមាន​ភាពល្អប្រសើរ មាន​ភាពងាយស្រួល និង​ស្របតាម​ច្បាប់​ជា​ធរមាន​។​

​អគ្គនាយករងនៃ​អគ្គនាយក​​ដ្ឋា​ន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ លោក តា​ត់ ស៊ុន​​ហ៊ួ​ត បានឱ្យដឹងថា ដោយសារ​បរិមាណ​នៃ​ការនាំចេញ​ទំនិញ​តាម​នាវា​កើន​ឡើង​រៀងរាល់ឆ្នាំ​រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយនេះ ទើប​ជំរុញឱ្យមាន​ការកែ​​លម្អ និង​ការធ្វើ​ទំនើបកម្ម​នៅ​កំពង់ផែ ត្រូវបាន​អនុវត្ត​។​

​លោក​បាន​ថ្លែងថា​៖ «​ការប្រើ​​ប្រាស់​ប្រព័ន្ធ Port EDI ដែល​ក្នុងនោះ​រួមមាន ការទទួល​ខុស​​ត្រូវ​លើ​ការធានា​ដំណើរការ​ប្រព័ន្ធ ការរៀបចំ​ឯកសារ​ពា​ក់​ព័ន្ធ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្នុងការ​ប្រមូល​ចំណូល​ពី​ការបង់​កម្រៃ​សេវាសាធារណៈ​»​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​សាកល្បង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ កាលពី​ថ្ងៃទី​ ១៧ សីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន និង​ជំនួយឥតសំណង​ដល់​កម្ពុជា ក្នុង​ការកសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​របស់​កម្ពុជា​។​

​លោក​បាន​បន្ថែមថា ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ Port EDI នេះ​គឺជា​ការសម្រួល​ដល់​ផ្នែក​ឯកជន​តាមរយៈ​ការ​​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ពេលវេលា សម្រាប់​នាវាចរណ៍​នានា ដែល​ចេញចូល​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា​ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ដើម្បី​កម្ពុជា​អាច​ឈានទៅ​គោលដៅ​របស់ខ្លួនក្នុងការ​​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។ ប្រព័ន្ធ Port EDI នេះ​មាន​សារៈ​សំខាន់​ណាស់ ដោយ​វា​នឹង​ផ្តល់​តម្លាភាព ប្រសិទ្ធភាព និង​កាត់​​បន្ថយ​ចំណាយ​ច្រើន ព្រោះ​ទាំង​ការទូទាត់​ចំណាយ​នានា ក៏ត្រូវ​ធ្វើតាម​អន​ឡាញ​ដែរ​។​

​លោក MIKAMI Massahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ប្រាប់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សេដ្ឋ​​កិច្ច​កម្ពុជាបាន​កើន​ជា​លំដាប់​។ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋ​​កិច្ច និង​អភិវឌ្ឍ​បន្ថែមទៀត ការ​​ពង្រីក​ប្រកបដោយ​ប្រសិទ្ធភាព​រំហូរ​ទំនិញ និង​ប្រជាជន​ពិតជា​មិនអាច​ខ្វះ​បានឡើយ​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា​ការពង្រីក​មុខ​ងារ​កំពង់ផែ​ព្រះសីហនុ និង​ភ្នំពេញ ព្រមទាំង​លើកកម្ពស់​ការប្រកួត​​ប្រជែង​ថ្នាក់​អន្តរជាតិ​នៃ​កំពង់​​ផែ​ទាំង​ ២ ​នេះ គឺមាន​ភាព​ចាំ​​បាច់​ដើម្បី​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​កូ​វីដ ​១៩»​។​

​បើតាម​លោក ស៊ុន ចាន់ថុល តាមរយៈ JICA ក្រសួង​បាន​ខិតខំ​បញ្ចប់​ផែនការមេ​ឡូ​ជី​ស្ទិ​ក ដែល​តម្រូវឱ្យ​មានការ​ដាក់ទុន​ប្រមាណ ៥០​ ពាន់​លាន​ដុល្លារ លើ​គម្រោង​ជាង ៣០០ ​ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​កម្ពុជា មានតម្លៃ​ថោក​ជាង​មុន ផលិតភាព​ល្អ​ជាង​មុន ដើម្បី​ទាក់ទាញ​អ្នក​វិ​និ​យោគ​ឱ្យមក​បណ្តាក់ទុន និង​បង្កើត​ការងារ​កាន់តែច្រើន​៕