
រូបភាព: ហេង ជីវ័ន
អតិថិជនរបស់ធនាគារស្ថាបនាចាប់ពីពេលនេះតទៅអាចដកសាច់ប្រាក់ពីភ្នាក់ងារទ្រូម៉ាន់នីណាមួយក៏បាន ដែលមានជាង ១ ម៉ឺនទីតាំងនៅទូទាំងប្រទេស បន្ទាប់ពីគ្រឹះស្ថានហិរញ្ញវត្ថុទាំង ២ សម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២២ ធនាគារស្ថាបនា និងទ្រូម៉ាន់នី ដែលជាភ្នាក់ងារផ្ទេរប្រាក់ចល័តបានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដែលអាចឱ្យអតិថិជនរបស់ធនាគារស្ថាបនាអាចដកសាច់ប្រាក់ពីភ្នាក់ងារទ្រូម៉ាន់នីណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ពីម៉ាស៊ីនអេធីអឹម (ATM) ដូច្នេះដែរ។
តាមរយៈភាពជាដៃគូនេះ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការនេះឱ្យកាន់តែល្អប្រសើរធនាគារស្ថាបនា និងក្រុមហ៊ុនទ្រូម៉ាន់នីកំពុងផ្តល់ដល់អតិថិជនរបស់ធនាគារស្ថាបនា ដែលដកប្រាក់នៅភ្នាក់ងារទ្រូម៉ាន់នីដោយប្រើមុខងារ «Human ATM» នៅលើកម្មវិធីស្ថាបនាម៉ូបាល (Sathapana Mobile) ដែលសេវាមួយនេះនឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជននិងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួលរហ័សនិងសុវត្ថិភាព។
លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារស្ថាបនាបានឱ្យដឹងថានៅធនាគារស្ថាបនាខ្លួនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការច្នៃប្រឌិត ដើម្បីបន្តបម្រើអតិថិជនរបស់យើងឱ្យកាន់តែល្អប្រសើរឡើង។ ការប្រែក្លាយរាល់ភ្នាក់ងារទ្រូម៉ាន់នីក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹងម៉ាស៊ីនអេធីអឹមអាចឱ្យយើងផ្តល់សេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួនមិនថាពួកគេរស់នៅទីណានោះទេ។
លោកថ្លែងថា៖ «ជាក់ស្តែងណាស់សេវាធនាគារដ៏ទូលំទូលាយមួយនេះអនុញ្ញាតឱ្យឪពុកម្តាយផ្ញើប្រាក់ទៅកូនៗនៅទីក្រុងឬឪពុក ដែលធ្វើការនៅទីក្រុងអាចផ្ញើប្រាក់ទៅម្តាយរបស់ពួកគាត់នៅឯខេត្តបានយ៉ាងងាយស្រួល។
លើសពីនេះទៅទៀតខណៈពេលដែលយើងមានម៉ាស៊ីនអេធីអឹមនិងបណ្តាញសាខាយ៉ាងទូលំទូលាយទូទាំងប្រទេសភាពជាដៃគូជាមួយក្រុមហ៊ុនទ្រូម៉ាន់នីនេះនឹងពង្រឹងវិសាលភាពនិងផ្តល់ជម្រើសកាន់តែច្រើនបន្ថែមទៀតដល់អតិថិជនរបស់យើង»។
លោកស្រីឃួនហ្វ្រង់ដារាអគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) បានឱ្យដឹងថាសេវាធនាគារនិងហិរញ្ញវត្ថុដែលក្រុមហ៊ុននានាផ្តល់ជូនកំពុងមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជា។ លោកស្រីបញ្ជាក់ថា៖ «តាមរយៈភាពជាដៃគូនេះយើងនឹងអាចរំពឹងថានឹងធ្វើឱ្យកាន់តែទំនើបបន្ថែមទៀត និងផ្តល់ជូនសេវាកម្មតម្លៃបន្ថែមផ្សេងៗ ដែលនឹងផ្តល់ឱ្យកម្ពុជានូវសេវាកម្មហិរញ្ញវត្ថុ និងទូទាត់ប្រកបដោយប្រសិទ្ធភាព និងរលូន»។
រហូតមកទល់ពេលនេះធនាគារស្ថាបនាគឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤ ០០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដែលមានសាខាជាង ១៧០ សាខាស្ថាបនាព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០៕