ភ្នំពេញៈ មន្ត្រី​រដ្ឋាភិ​បាល សង្គម​ស៊ីវិល​និង​យុវជន​ជាង​ ១០០ នាក់ បាន​ជួប​ជជែក​គ្នាពី​បញ្ហា​ប្រឈម​របស់​សហ​គ្រិន​ស្ត្រីវ័យ​​ក្មេ​ង (YWEs) ដែល​កំពុង​ប្រកប​អាជីវកម្ម​ខ្នាត​តូច ដោយ​ពួ​ក​គេរំពឹង​ថា បញ្ហា​របស់ ​YWEs ដែល​បាន​រក​ឃើញ​នឹង​ត្រូវ​បាន​លើក​យកមក​ដោះស្រាយ និងដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​ជាតិ​សម្រា​ប់ជួយ​ស្ត្រី​កម្ពុជា។

ការជួប​ជជែក​គ្នា​នេះ បាន​ធ្វើឡើង​ពេញ​ ១​ ថ្ងៃ នា​ថ្ងៃទី ​១៨​ សីហា ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​កម្រិត​គោលនបាយ​លើក​ទី២ ស្តីពី​បរិយា​កាស​អំណោយ​ផល សម្រាប់​អាជីវ​កម្ម និង​សុខុមាល​ភាព​សង្គម​របស់​សហគ្រិន​ស្ត្រីវ័យក្មេង​ (YWEs)។

លោក​ សុន ពេញ នាយក​ប្រតិ​បត្តិនៃ​អង្គការ​សម្ព័ន្ធ​ភាព​ដៃគូ​ដើម្បី​អភិវឌ្ឍ​ន៍តាម​បែប​ប្រជាធិប​តេយ្យ ​បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ គឺដើម្បី​ឱ្យ​អ្នក​ចូល​រួម​ដែល​មក​ពីស្ថាប័ន​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ ជាពិសេស​សហគ្រិន​ស្ត្រីវ័យ​ក្មេង​ខ្លួន​ឯង​ផ្ទាល់ បាន​លើក​ឡើង ពី​បញ្ហា​ដែលបាន​ជួប​ប្រទះ​របស់​សហគ្រិន​ស្ត្រីដើម្បី​រួមគ្នា​ដោះ​ស្រាយ។

ការ​ជជែក​គ្នា​នេះ ក៏ចង់​ឱ្យ​រដ្ឋាភិបាល​បាន​ស្តាប់​នូវ​បញ្ហា​ដែល​សហគ្រិន​ស្ត្រីវ័យក្មេ​ងបាន​ជួប​ប្រទះ ​ដើម្បី​ដាក់បញ្ចូល​ក្នុង​គោល​នយោបា​យជាតិ​សម្រាប់​ជួយគាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​របស់​ស្ត្រីនិង​ធ្វើយ៉ាង​ណា​ឱ្យអាជីវ​កម្ម​របស់​ស្ត្រីអាច​ដំណើរ​ការ​បាន​ដោយ​រលូន​និង​មាន​ការគាំទ្រ​ពីភាគី​ពាក់​ព័ន្ធ។​

លោក​បញ្ជាក់​ថា៖​ «សិក្ខា​សាលា​ថ្ងៃនេះ យើង​បាន​ពាំនាំស្ថាប័ន​ពាក់​ព័ន្ធស្ទើរ​តែទាំង​អស់ ​ដើម្បីមក​ជជែក​គ្នា ហើ​យយើងរ​កចំណុច​ចេញ​ទាំង​អស់គ្នា​ ដោយ​ធ្វើម៉េច​ដើម្បី​បង្ក​បរិយាកា​សអំណយ​ផល​សម្រាប់​អាជីវកម្ម​របស់​អ្នក​លក់តាមដង​ផ្លូវ​នេះ។ ខ្ញុំមិន​ជឿថា​ យើង​មិន​អាច​រក​ដំណោះ​ស្រាយ​រួមគ្នាដើ​ម្បីធានា​បាន​នូវ​បរិយា​កាស​អំណោយ​ផលសម្រាប់​អាជី​វកម្ម និង​សុខុ​មាភាព​សង្គម​សម្រាប់​សហ​គ្រិន​ស្ត្រី​វ័យ​ក្មេង​នោះ​ទេ»​។

ក្រៅពី​នេះ លោក​ សុន ពេញ​ ក៏រំពឹ​ងដែរ​ថា រដ្ឋាភិបាល​នឹង​បង្កើត​ក្របខ័ណ្ឌ គោល​នយោបាយ​ ច្បាប់បេ​ឡាជា​តិ របប​សន្តិសុខ​សង្គម បរិយាកាស​អំណោយ​ផល​សម្រាប់​អាជីវ​កម្ម និងច្បា​ប់ពាក់​ព័ន្ធ MSME ផ្សេង​ទៀត​សម្រាប់​ស្ត្រីដែល​ប្រកប​អាជីវកម្ម​ខ្នាត​តូច​នេះ​ផងដែរ​។

អ្នក​ស្រី អៀ​ង ហ្កិច​លី តំណាង​សហគ្រិន​ស្ត្រីវ័យ​ក្មេង បាន​និយាយ​ថា បញ្ហាដែល​សហគ្រិន​ស្ត្រីវ័យ​ក្មេងបាន​ជួប​ប្រទះ​គឺការ​ខ្វះការ​គាំទ្រ​ផ្នែក​ហិរញ្ញវ​ត្ថុ​។ បន្ថែ​មពីនេះ​អ្នក​ស្រីថា​ បញ្ហា​នៃការចុះ​បញ្ជី​របស់​សហគ្រិន​ស្ត្រីវ័យ​ក្មេង​ក៏ជាបញ្ហា​ប្រឈម​ផង​ដែរ ព្រោះការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ភាគ​ច្រើនអា​ជីវកម្មខ្នាត​តូច​របស់ស្ត្រី ឬ​អ្នកលក់​តាមដងផ្លូវ​ មិន​ទាន់​បាន​ចុះបញ្ជី​ ហើយ​ស្ត្រីខ្លួន​ឯង​ផ្ទាល់​ ក៏បាន​លើកឡើង​ពីផលលំបាក​នៃការចុះ​បញ្ជីដោយ​​មាន​លក្ខណៈ​ស្មុគ​ស្មាញ​។

អ្នកស្រីបាន​បន្តថា​៖ «អាជីវករ​ទាំង​អស់​ ឬភាគ​ច្រើន​ដែល​យើង​បាន​សម្ភាសន៍​ នៅក្នុង​រាជធានីភ្នំ​ពេញ​គឺចំណេះ​​ដឹង​​របស់​ពួក​គាត់ នៅ​មាន​កម្រិត​នៅឡើយ​ ទាក់ទង​នឹង​ការ​ចុះប​ញ្ជីអាជីវកម្ម​ដូច​ជាព័ត៌មា​ន​ទាក់ទង​នឹង​ផែន​ការ​គ្រប់​គ្រ​ង​អាជីវកម្ម​របស់​ពួក​គាត់។ ពួក​គាត់​លក់​ដូរ​ទៅតាម​យថា​ផល និងមិន​បានទទួល​ជំនួយ​ ឬទ​ទួល​បាន​កម្ចីអ្វីពី​ធានា​គារ​ក្នុង​អត្រា​ការ​ប្រាក់​ពិសេស​ណាមួយនោះ​ទេ»​។

យោងតាម​ការ​សិក្សា​របស់​អង្គការ​ ANSA ដែល​បាន​សិក្សាលើ​សហគ្រិនវ័យ​ក្មេង​ជិត ​២០០ នាក់ (ស្ត្រីជាង​ ៧០ ភាគ​រយ) ក្នុង​ខណ្ឌ​​ចំនួន ៤ នៃរាជ​ធានីភ្នំ​ពេញ បាន​បង្ហាញ​ថា ពួក​គេ​ចំនួន ៩២ ភាគ​រយ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ដោយ​មិនបា​នចុះ​បញ្ជី​នោះ​ទេ ចំណែក​៨ ភាគ​រយគឺ​មិន​បាន​ដឹង​ពីការ​ចុះប​ញ្ជី​អាជីវក​ម្ម។ នេះបើ​តាមការ​លើកឡើង​រប​ស់លោក​ស្រី​អៀង ហ្កិច​លី។

លោក​ ខោល យុទ្ធលី អនុ​ប្រធាន​អង្គភាព​វិភាគ និ​ង​អភិវឌ្ឍ​គោល​នយោបាយ​ នៃលេខា​ធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍ តាម​បែ​ប​ប្រជាធិប​តេយ្យ​នៅថ្នាក់​ក្រោម​ជាតិ (គជអប) បាន​ទទួ​លស្គាល់នូវ​បញ្ហាដែល​សហ​គ្រិន​ស្ត្រី​វ័យ​ក្មេង​កំពុង​ជួប​ប្រទះ។ ជាមួយ​គ្នា​នេះ លោក​អះអាង​ថា រដ្ឋា​ភិបាល​បាន​ធ្វើកិច្ច​ការ​ងារ​ជាច្រើន​ ដើម្បី​ចូល​រួម​ជួយ​លើក​កម្ពស់ ​និងគាំទ្រ​ដល់​ស្ត្រីក្នុង​ការ​ប្រក​ប​អាជីវក​ម្មខ្នាត​តូច។

លោក​សន្យាថា​ នឹង​ពាំ​នាំបញ្ហា​ដែល​ស្ត្រីបាន​ជួប​ប្រទះ យក​ទៅ​ជជែក​ក្នុង​ជួររ​ដ្ឋាភិបាល ដើម្បី​ដាក់​ចេញនូវគោល​នយោបាយ​មួយ​ ជួ​យដល់ស្ត្រីទាំង​នោះ​។

លោក​បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​បាន​រៀបចំ​នីតិវិធីនិង​ឯកសារ​ជា​ច្រើន ដើម្បីជួយ​សហគ្រិនស្ត្រីវ័​យក្មេង។ អ៊ីចឹង​​ការរៀបចំ​កម្មវិធី​នេះ​នឹង​ប្រមូល​ជាមតិយោ​បល់ ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ លើកិច្ច​ការងារ​ពាក់​ព័ន្ធ​បន្ត​ទៀតដោយ​ធ្វើយ៉ាង​ណាឱ្យ​សហគ្រិន​ស្ត្រីវ័យ​ក្មេង​បាន​ដំណើរ​ការ​ទៅ​ ដោយ​រលូន​និងបាន​លទ្ធផលដ​ល់​ប្រជា​ពលរដ្ឋ»៕