ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ជប៉ុន​ក្នុង​ទឹក​ប្រាក់​ជិត ៦៦៨ លាន​ដុល្លារ​ក្នុង​រយៈពេល ៧ ខែ​ ឆ្នាំ ២០២២ កើន​ជិត​ ១២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ខណៈ​ទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគី​ប្រទេស​ទាំង ២ កើន​ដល់​​ជាង ១,១ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​កម្ម​ទំនិញ​​ជា​មួយ​ប្រទេស​សំខាន់ៗ​ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា ចន្លោះ​ពី​ខែមករា-ខែកក្កដា ឆ្នាំ ២០២២ ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ជប៉ុន​មាន​ទឹកប្រាក់​ ៦៦៧,៩២ លាន​ដុល្លារ កើន​ឡើង​ ១១,៧ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ដែល​មាន​ចំនួន​ជាង​ ៥៩៧,៧១ លាន​ដុល្លារ។ ចំណែក​ទំនិញ​នាំ​មក​ពី​​ប្រទេស​ជប៉ុន មាន​ ៤៦៩,៦០ លានដុល្លារ​ កើន ២៣,១ ភាគរយ ពី​ចំនួន ៣៨១,៤ លានដុល្លារ។​

យោង​តាម​ស្ថិតិ​ខាង​លើ​ទឹកប្រាក់​សរុប​​ការ​ធ្វើ​ពាណិជ្កម្ម​​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន ១ ១៣៧,៥២ លាន​ដុល្លារ​កើន​ពី​ចំនួន ៩៧៩,១១ លាន​ដុល្លារ ឬ​ស្មើ​នឹង ១៦,២ ភាគរយ​​បើធៀប​នឹង​រយៈពេល ៧ ខែ​ឆ្នាំ ២០២១។​

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ទៅ​ទីផ្សារ​ជប៉ុន មាន​ដូច​ជា សម្លៀក​បំពាក់ ​ស្បែក​ជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិត​ផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិច​ត្រូនិក និង​គ្រឿង​ចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម។

លោក ហុង វណ្ណៈ អ្នក​​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ក្នុង​ថ្ងៃ​ទី ១៨ ខែ​សីហា​ថា កំណើន​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស បាន​ជួយ​ធ្វើ​ឱ្យ​​ផលិតផល​កម្ពុជា​កាន់​តែ​ច្រើន​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​ជប៉ុន ពិសេស​ផលិតផល​កសិកម្ម និង​វាយនភណ្ឌ។

លោកបន្ថែម​ថា ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​​​ជប៉ុន​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ចំណែក​សំខាន់​មួយ​នៃ​ការនាំ​ចំណូល​មក​កម្ពុជា ដោយ​ចំនួន​ទឹក​ប្រាក់​ដែល​កម្ពុជា​នាំ​ទៅ​ជប៉ុន គឺ​ស្មើ​នឹង​​ជិត​ ៥ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំ​។ លោក​បន្ថែម​ថា ទន្ទឹម​នឹង​នេះ​ការ​នាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា ក៏​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែរ។

លោក​បន្ថែម​​​​ថា ក្រៅ​ពី​មាន​ទំនាក់​ទំនង​ល្អ​ជា​លក្ខណៈ​ទ្វេភាគី ប្រទេស​ទាំង ២ ក៏ជា​សមាជិក​នៃ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP ដែល​នឹង​បើក​ឱកាស​​កាន់​តែ​ច្រើន​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ទំនិញ​ជាមួយ​គ្នា​ក្រោម​លក្ខខណ្ឌ​ពិសេស។

លោក​ថ្លែង​​ថា៖​«​តាមរយៈ​លក្ខ​ខណ្ឌ​ទាំង​អស់​ខាង​លើ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ទឹក​ប្រាក់​នៃការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ ​និង​មាន​និរន្តរភាព​យូរអង្វែង​ផងដែរ»។

លោក​បន្ត​ថា​៖ «​ជា​មួយ​នឹង​ការ​ខិតខំ​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​ការ​ជំរុញ​សមត្ថភាព​​ផលិតកម្ម​ និង​គុណភាព​ផលិតផល​ក្នុង​ស្រុក​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ផ្នែក​ឯកជន​ផង​នោះ ចំនួន​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ រួម​ទាំង​ប្រទេស​ជប៉ុន នឹង​មាន​​ចំនួន​កាន់​តែ​ច្រើន»។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លោក Hayashi Yoshimasa រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ខិតខំ​​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​នឹង​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ​ពិសេស​នឹង​ជំរុញ​អ្នក​វិនិយោគ​ជប៉ុន​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែច្រើន។

បើ​យោង​តាមធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ជប៉ុន គឺ​ជា​ប្រទេស​ដែល​បាន​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើន​ជាង​គេ​ទី ៥ បន្ទាប់​ពី​ ចិន កូរ៉េ សិង្ហបុរី និង​វៀតណាម​។​ វិនិយោ​គិន​ជប៉ុន​ភាគ​ច្រើន​បាន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេស​ចរណ៍ សំណង់ និង​អចលនទ្រព្យ ​ពិសេស​វិស័យ​លក់រាយ ផ្សារទំនើប វិស័យ​សេវាកម្ម និង​វិស័យ​ភោជនីយដ្ឋាន ​ជាដើម។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ជប៉ុន​ ​ឆ្នាំ ២០២១ មាន​តម្លៃ​សរុប ១ ៧៣៤,១៤ លាន​ដុល្លារ កើន​ ១,២ ភាគរយ​ធៀប​ឆ្នាំ ២០២០ ក្នុង​នោះ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​តម្លៃ​ ១ ០៩៣,៦២ លាន​ដុល្លារ កើន​ ៣ ភាគរយ និង​នាំ​ចូល​មាន​តម្លៃ​ ៦៤០,៥១ លាន​ដុល្លារ ធ្លាក់ ១,៦ ភាគរយ។​ នេះ​បើ​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕