
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC)។ សហការី
រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្ដីព្រាង «គោលនយោបាយស្ដីពីទេសចរណ៍ពិសេស» ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននានាប្រមាណ ៦០ ស្ថាប័ន។ លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) មើលឃើញថា គោលនយោបាយទេសចរណ៍របស់រាជរដ្ឋាភិបាលនេះ មានគុណតម្លៃ និងអត្ថប្រយោជន៍ខ្លាំងណាស់ ដល់វិស័យទេសចរណ៍ ខណៈវិស័យនេះបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ១៩។ ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសលោក ធួន ស៊ីណាន ជុំវិញបញ្ហា «គោលនយោបាយស្ដីពីទេសចរណ៍ពិសេស» និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការចាប់ផ្តើមងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាមានខ្លឹមសារដូចតទៅ៖
រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្ដីព្រាង «គោលនយោបាយស្ដីពីទេសចរណ៍ពិសេស» ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននានាប្រមាណ ៦០ ស្ថាប័ន។ តើលោកមានការយល់បែបណាខ្លះចំពោះការរៀបចំគោលនយោបាយនេះ?
សម្រាប់ខ្ញុំ ពិតជាអរគុណដល់រាជដ្ឋាភិបាលខ្លាំងណាស់ សម្រាប់ការរៀបចំឱ្យមានគោលនយោបាយនេះ ពីព្រោះវាមានគុណតម្លៃ និងអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់កម្ពុជា ដោយគោលនយោបាយនេះ អាចមានការទាក់ទាញ ដល់ទេសចរវិនិយោគ ក៏ដូចជាទេសចររយៈពេលវែង។ ទោះជាយ៉ាងណា ខ្ញុំមានចំណុចមួយចំនួនដែលចង់ស្នើសុំដល់រាជរដ្ឋាភិបាលក្នុងការពិចារណាដើម្បីរៀបចំគោលនយោបាយនេះ ដោយក្នុងនោះ ដោយសារខ្ញុំបានដឹងថា គម្រោងនេះ រាជរដ្ឋាភិបាលបានកំណត់ឱ្យអ្នកវិនិយោគមានដីចាប់ពី ១០០ ហិកតាឡើង ប៉ុន្តែខ្ញុំយល់ថា គួរពិចារណាអាចចាប់ពី ១០ ហិកតាឡើងបានឬទេ ព្រោះថា បើធ្វើបែបនេះអ្នកវិនិយោគក្នុងស្រុកមានលទ្ធភាពក្នុងការធ្វើ។
មួយវិញទៀត រាជរដ្ឋាភិបាលគួរតែមានគោលនយោបាយជាក់លាក់មួយ ថាតើ អ្នកដែលមកទេសចរបែបវិនិយោគនៅក្នុងតំបន់ទេសចរណ៍ពិសេសនេះមានសិទ្ធិ និងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះ។ ខ្ញុំក៏មានការគាំទ្រដែរ ដែលរាជរដ្ឋាភិបាល មិនអនុញ្ញាតក្នុងការអនុវត្តនៅតាមតំបន់ព្រំដែន ប៉ុន្តែខ្ញុំចង់ឱ្យមានការបញ្ជាក់ឱ្យបានច្បាស់ ពីការកំណត់ជនជាតិរបស់ទេសចរ ដែលចង់មកវិនិយោគនៅតំបន់ទេសចរណ៍ពិសេសនេះ។
តើលោកយល់ថា ទេសចរណ៍ពិសេសនេះ មានភាពខុសគ្នាជាមួយទេសចរណ៍ធម្មតាយ៉ាងដូចម្តេចខ្លះ?
វាខុសគ្នានៅត្រង់ថា ទេសចរណ៍ពិសេស សំដៅដល់កន្លែងសិប្បនិម្មិត កន្លែងអភិវឌ្ឍន៍ថ្មី ដែលវាបូករួមជាមួយភាពស៊ីវិល័យលាយឡំជាមួយធម្មជាតិ ដោយភ្ញៀវអាចស្នាក់នៅក្នុងរយៈពេលយូរ ដែលគាត់អាចចាត់ទុកថា ប្រៀបដូចជាផ្ទះទី ២ របស់ពួកគាត់ និងអាចទិញអចលនទ្រព្យ នៅក្នុងតំបន់នោះបាន ដោយអាចរស់នៅក្នុងរយៈពេលយូរ ជាងទេសចរធម្មតា។
តើលោកមានក្តីរំពឹងយ៉ាងដូចម្តេចខ្លះ ចំពោះគោលនយោបាយនេះ? ហើយវិស័យឯកជន នឹងទទួលបានប្រយោជន៍អ្វីខ្លះពីគោលនយោបាយនេះ?
បើសិនជារាជរដ្ឋាភិបាល មានគោលនយោបាយជាក់លាក់ ដូចអ្វីដែលខ្ញុំបានរៀបរាប់ពីខាងដើម មិនត្រឹមតែវិស័យឯកជននោះទេ ដែលទទួលបានផលដោយផ្ទាល់ និងប្រយោល រដ្ឋក៏ទទួលបានផលច្រើនផងដែរ ពីគោលនយោបាយនេះ។ ដូចដែលយើងដឹងហើយថា នៅប្រទេសថៃ មាន Expat (ជនបរទេស) រស់នៅរហូតដល់ជាង ៤ លាននាក់ឯណោះ ដូចនេះក្នុង ១ ឆ្នាំៗ គ្រាន់តែក្រុមគ្រួសារសាច់ញាតិរបស់ Expat ទាំងនេះមកលេង ធ្វើឱ្យទេសចរនៅប្រទេសថៃមានការកើនឡើងណាស់ ដែលនេះជាកត្តាធ្វើឱ្យប្រទេសនេះ មានជនបរទេសរស់នៅច្រើន។
យ៉ាងណាមិញ នៅកម្ពុជាយើងក៏ដូចគ្នាដែរ បើសិនជាគោលនយោបាយនេះ មានភាពទូលំទូលាយ មានន័យថា គោលនយោបាយដែលកំណត់ ឱ្យអ្នកវិនិយោគមានដីចាប់ពី ១០០ ហិកតាឡើងនេះ វាមានភាពចង្អៀត ព្រោះអ្នកមានដីចាប់ពី ១០០ ហិកតាឡើង ភាគច្រើនមិនមែនជាអ្នកអភិវឌ្ឍន៍ពិតប្រាកដនោះទេ តែអ្នកដែលមានដីចាប់ពី ១០ ហិកតាឡើងទៅវិញទេ ទើបជាអ្នកអភិវឌ្ឍន៍ពិតប្រាកដ។
តើលោករំពឹងថា កម្ពុជាអាចត្រូវការរយៈពេលប៉ុន្មានឆ្នាំទៀត ដើម្បីអាចធ្វើឱ្យមានកំណើនភ្ញៀវទេសចរបរទេស មកលេងច្រើនដូចកាលពីមិនទាន់មានកូវីដ ១៩ រាតត្បាត?
ខ្ញុំធ្លាប់និយាយកាលពីឆ្នាំ ២០២០ថា យើងត្រូវការពេល ៥ ឆ្នាំនៅក្នុងករណីដែលជំងឺកូវីដ ១៩ វាចប់នៅក្នុងឆ្នាំ ២០២០ ដោយនៅក្នុងឆ្នាំ ២០២៣ ភ្ញៀវទេសចរអាចមកពី ២០ ទៅ ៣០ ភាគរយឡើងវិញ ហើយ ២០២៥ នឹងវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ ប៉ុន្តែបច្ចុប្បន្នមេរោគកូវីដ ១៩ បានវិវឌ្ឍថ្មីរហូត ថែមទាំងមានជំងឺឆ្លងថ្មី (អុតស្វា) គួបផ្សំនឹងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់បានធូរស្បើយ ខណៈមានភាពតានតឹងរវាងចិននិងតៃវ៉ាន់ផងនោះ គឺបានជះឥទ្ធិពលខ្លាំងមែនទែន ដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍។ បើសិនជាវិបត្តិទាំងនេះ អាចបញ្ចប់នៅក្នុងឆ្នាំ ២០២២ នេះ ខ្ញុំអាចព្យាករបានថា ចន្លោះពី ៥ ទៅ ៧ ឆ្នាំទៀត។
តើលោកយល់ថា រាជរដ្ឋាភិបាលគួរតែធ្វើអ្វីខ្លះបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស មកកាន់កម្ពុជា ក្រៅពីគោលនយោបាយនានា ដែលរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ និងអនុវត្ត?
នៅពេលបច្ចុប្បន្នកាលនេះ យើងត្រូវធ្វើនយោបាយឆក់កណ្តៀតហើយ មានន័យថា ពេលនេះយើងត្រូវតែបើកទូលាយរវាងប្រទេសជិតៗ ជាពិសេសប្រទេសនៅក្នុងប្លុកអាស៊ានដែលយើងអាចទាញយកភ្ញៀវទៅវិញទៅមកបានលឿន។ ដូចយើងឃើញហើយប្រទេសធំៗដូចជា ចិន កូរ៉េ និងជប៉ុន មិនទាន់មានបើកឱ្យប្រជាជនគេដើរបានទូលាយនៅឡើយទេ ខណៈដែលឥណ្ឌាបានចាប់ផ្តើមបើកឱ្យប្រព័ន្ធទេសចរណ៍ដើរហើយ។
ដូចនេះ រាជរដ្ឋាភិបាលត្រូវតែបង្កើនល្បឿនក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវមកពីតំបន់អាស៊ាន និងប្រទេសឥណ្ឌា ជាពិសេសឥណ្ឌាដែលជាទីផ្សារថ្មីរបស់យើង ដោយយើងត្រូវរៀបចំផលិតផលទេសចរណ៍ថ្មីៗ ដែលតម្រូវតាមទេសចរឥណ្ឌា។ សម័យនេះ ជាសម័យឌីជីថល ដូចនេះ រាជរដ្ឋាភិបាល គួរតែប្រើប្រាស់មធ្យោបាយនេះ ដើម្បីបង្កើនការផ្សព្វផ្សាយ ដូចជាការអញ្ជើញ Influencer នៅតាមបណ្តាប្រទេសនានាមក Review តំបន់ទេសចរណ៍នៅកម្ពុជា ព្រោះអ្នកទាំងនេះជាមនុស្សដែលមានឥទ្ធិពលចំពោះអ្នកទស្សនា។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលគួរបង្កើនកញ្ចប់ថវិកាឡើងវិញ ដើម្បីជំរុញការផ្សព្វផ្សាយនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ព្រោះថា បើគ្មានថវិកា ការផ្សព្វផ្សាយក៏មិនអាចអនុវត្តបានដែរ។
ក្នុងនាមលោកជាអ្នកជំនាញផ្នែកទេសចរណ៍ តើលោកមានពាក្យពេចន៍អ្វីជាសារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អំពី ស្ថានភាពអនុគ្រោះនានានៅកម្ពុជា ក្រោយពីរាជរដ្ឋាភិបាលប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ?
ខ្ញុំសុំលើកចិត្តដល់ភ្ញៀវជាតិ ដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ជាជាងចេញទៅក្រៅប្រទេស ដើម្បីឃើញពីគុណតម្លៃ នៃតំបន់ទេសចរណ៍របស់យើង និងព្យាយាមចាយលុយនៅក្នុងស្រុកឱ្យបានច្រើនជាងយកលុយទៅចាយនៅខាងក្រៅស្រុក។ ខ្ញុំក៏ស្នើដល់ភ្ញៀវអន្តរជាតិ ឱ្យមកកម្សាន្តនៅកម្ពុជាឡើងវិញ ដោយសារតែកម្ពុជា ជាប្រទេសទី ១ ដែលផ្តល់ការលើកលែងលក្ខខណ្ឌស្មុគស្មាញនានាចំពោះទេសចរអន្តរជាតិ និងមានការបើកទូលាយច្រើន។
ម្យ៉ាងកម្ពុជា ជាប្រទេសដែលមានប្រជាជនមិនច្រើនដូចប្រទេសដទៃទៀត ដោយការចាក់វ៉ាក់សាំង និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ គឺបានយ៉ាងល្អ។ កម្ពុជា ជាប្រទេស ដែលមានសក្តានុពល និងមានសុវត្ថិភាព ក្នុងការធ្វើដំណើរ ខណៈដែលការចំណាយសមរម្យ។ ដូចនេះខ្ញុំរំពឹងថា ទេសចរអន្តរជាតិនឹងពិចារណាមកលេងកម្ពុជាបានច្រើន៕