ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) ​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រើប្រាស់​នូវ​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ខណៈ​ការបញ្ចេញ​កម្ចី​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅមាន​កម្រិត​តិចតួច​នៅឡើយ​។

ក្នុង​សិក្ខាសាលា​ស្តីពី​សក្តានុពល​នៃ​គម្រោង​ធានា​ឥណទាន​នៅក្នុង​ការលើកស្ទួយ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា កាលពី​ថ្ងៃទី​ ១៨ ខែ​សីហា លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បានឱ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​ដាក់​ដំណើរការ​នូវ​គម្រោង​ធានា​ឥណទាន​តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដែល​មាន​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ ដោយ​គិត​មក​ត្រឹម​ដំណាច់​ខែ​កក្កដា ឆ្នាំ​ ២០២២ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​គាំទ្រ​លើ​ការបញ្ចេញ​កម្ចី​ថ្មីៗ​ប្រមាណ ៥៧ ​លាន​ដុល្លារ ​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​។

លោក​បន្តថា ទឹកប្រាក់ ៥៧ ​លាន​ដុល្លារ​នេះ​គឺជា​ចំនួន​តិចតួច​នៅឡើយ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម​នៃ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការផ្តល់​កម្ចី ដោយ​មិន​ផ្អែក​លើ​ទ្រព្យ​បញ្ចាំ​នៅក្នុង​ទីផ្សារ​ឥណទាន​របស់​ប្រទេស​កម្ពុជា​។ មិនមែន​តែ​នៅ​កម្ពុជា​នោះទេ យន្តការ​ធានា​ឥណទាន គឺជា​ឧបករណ៍​គោលនយោបាយ​អន្តរាគមន៍​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​នៅក្នុង​សេដ្ឋកិច្ច​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ធនាគារជាតិ​នៃ​កម្ពុជា​នឹងដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​គោលនយោបាយ​ពាក់ព័ន្ធ​ក្នុង​ការជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

លោក សីលវ៉ា ក៏បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា ពិសេស​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម ដើម្បី​រក​ដំណោះស្រាយ​នៅក្នុង​ការប្រើប្រាស់​យន្តការ​ធានា​ឥណទាន​ឱ្យបាន​ទូលំទូលាយ ការសិក្សា​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​គម្រោង​ធានា​ឥណទាន​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ពិចារណា​កែសម្រួល តាម​ការចាំបាច់ និង​ស្វែងរក​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា និង ដៃគូ​អភិវឌ្ឍន៍​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​បង្កើត​គម្រោង​ធានា​ឥណទាន​គាំទ្រ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​កសិកម្ម​, ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍ ជាដើម​។

អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​លើកឡើង​ថា ដើម្បី​ជំរុញ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់​យន្តការ​ធានា​ឥណទាន​នេះ​ឱ្យ​បាន​ជា​អតិបរមា សហគ្រាស​ធុន​តូច និង​មធ្យម​ខ្លួនឯង ត្រូវ​ខំប្រឹងប្រែង​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​ បន្ទាប់ពី​ទទួលបាន​ឥណទាន ជាពិសេស​ការចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​អាច​ទទួល​បាន​ការធានា​ឥណទាន​ពី CGCC​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​អ្វីដែល​ខ្ញុំ​សង្កេតឃើញ​នៅ​កម្ពុជា​ចំណុច​ដែល​ប្រឈម​ចំពោះ​ SME ក្នុង​ការទទួល​សេវា​ហិរញ្ញវត្ថុ​នោះ គឺ​ការស្ថិត​នៅក្រៅ​ប្រព័ន្ធ​។ SME នៅ​កម្ពុជា​ភាគច្រើន គឺ​មិនទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ឡើយ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​ពួកគាត់​ពិបាក​ទទួល​បាន​កម្ចី​ពី​ធនាគារ​»​។

លោក Wong Keet Loong អគ្គនាយក CGCC បាន​ប្រាប់ថា ចាប់ពី​ដើម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២២ CGCC បាន​ពង្រីក​ការធានា​ឥណទាន​ទៅកាន់​ទូទាំង​ប្រទេស សូម្បីតែ​នៅ​ខេត្ត​ដាច់ស្រយាល​ក៏ដោយ ដោយសារ​តែមាន​បណ្តាញ​សាខា​ដ៏ទូលំទូលាយ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (PFIs) ​របស់​ CGCC នៅ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់​ថា​៖ «​ទោះ​យ៉ាងណា ក៏ CGCC នៅតែ​ត្រូវធ្វើ​បន្ថែមទៀត​ ដើម្បី​ធានាថា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កាន់តែ​ត្រូវបាន​លើកកម្ពស់​ សម្រាប់​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ពាសពេញ​ប្រទេស​»​។

នាយិកា​ប្រតិបត្តិ​នៃ​ធនាគារ​កាណាឌីយ៉ា លោកស្រី សុង ខេងឡាយ បាន យល់ឃើញ​ថា វា​ពិតជា​មាន​ភាពចាំបាច់​នៃ​ការធានា​ឥណទាន​ដែល​អាច​គាំទ្រ​ដល់​ធនាគារ​ក្នុង​ការផ្តល់​កម្ចី​ច្រើនជាង​មុន​ទៅដល់​ក្រុមហ៊ុន​អាជីវកម្ម ជាពិសេស​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​។

លោកស្រី​លើកឡើង​ថា​៖ «​ធនាគារ​កាណាឌីយ៉ា​បាន​រៀបចំ​យុទ្ធសាស្ត្រ​នៃ​ការផ្តល់​កម្ចី ដែល​មាន​ការធានា​ក៏ដូចជា​នីតិវិធី​នៃ​ការដាក់​ស្នើ​កម្ចី​ពី​ធនាគារ​របស់ SME មកកាន់​ធនាគារ ដើម្បី​អាច​ទទួល​បាន​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

ទិន្នន័យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​បង្ហាញថា ការចុះបញ្ជី​មូលដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្នែក​កម្មន្តសាល គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២២ មាន​ចំនួន​សរុប ៤៣ ៨១៣ ​មូលដ្ឋាន ក្នុង​ចំណោម​ជាង ៥២ ​ម៉ឺន​មូលដ្ឋាន កើនឡើង ៤៤២​ មូលដ្ឋាន​ បើ​ប្រៀបធៀប​កាលពី​មុន​ឆ្នាំ​ ២០១៧៕