ភ្នំពេញៈ វិស័យ​មូល​បត្រ​នៅ​កម្ពុជានឹង​​​បោះ​ជំហាន​ទៅ​មុខកាន់​តែ​​សកម្ម​បន្ថែម​ទៀត បន្ទាប់​ពី​ស្ថាប័ន​ចំនួន ៣ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ការផ្តល់ជំនួយបច្ចេកទេស ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា»​។

ពិធី​ចុះ​ MOU ខាង​លើ​ត្រូវ​បានធ្វើ​ឡើង​នៅ​សណ្ឋាគារ សូហ្វីតែល​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ​រវាង ​លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(ផ.ម.ក.) ជា​មួយ​នឹង​​លោកស្រី Preeti Sinha អគ្គលេខាធិការប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UN Capital Development Fund-UNCDF) ក្រោមអធិបតីភាព​របស់​លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់និយ័តករ​មូលបត្រកម្ពុជា បាន​ឱ្យ​ដឹង​ថា អនុស្សរណៈនេះ​ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា ដែលUNCDF នឹងផ្តល់ការគាំទ្រមក ន.ម.ក. និង ផ.ម.ក. លើចំណុចសំខាន់​ៗ​រួមមាន ការ​គាំទ្រដល់ការអភិវឌ្ឍសមត្ថភាព ស្ថាប័ន និងធនធានមនុស្ស, ការ​គាំទ្រដល់ការរៀបចំនូវបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងផលិតផលមូលបត្រឆ្លងដែន, ការ​សម្រួលដល់ការផ្លាស់ប្តូរធនធាន បច្ចេកវិទ្យា និងចំណេះដឹង រវាងប្រទេសកំពុងអភិវឌ្ឍន៍ និង​ការរៀនសូត្រពីដៃគូរវាង ន.ម.ក. និង ផ.ម.ក. ជាមួយនឹងស្ថាប័ននិយ័តកររបស់ប្រទេសសមាជិកអាស៊ានបូក ៣ និង ការផ្ដល់ការ​គាំទ្រដល់ការអភិវឌ្ឍ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ ព្រមទាំងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹង​មូលបត្ររដ្ឋ និង​មូលបត្រមហាជន។

អគ្គនាយក​នៃ​និយ័តករមូល​បត្រ​កម្ពុជា លោក ស៊ូ សុជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ថា ក្នុង​នាម​អ្នក​នៅ​ក្នុង​វិស័យ​មូល​បត្រ​កម្ពុជាលោក​ពិត​ជា​មាន​​ការ​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ការចុះ​ MoU ជា​មួយ​នឹង​ស្ថាប័ន​ធំៗ​ដូច​ជា ​ UNCDF ដើម្បី​ធ្វើ​យ៉ាង​ណាជំរុញ និង​លើក​កម្ពស់​​វិស័យ​មូល​បត្រ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​។ កន្លង​មក​វិស័យ​មូល​បត្រ​កម្ពុជា ក៏​បាន​ចុះ​ MoU ជា​មួយ​នឹង​ស្ថាប័ន​លំដាប់​អន្តរ​ជាតិ​ធំៗ​ជា​ច្រើន​ដូច​ជា WB, IFC, ADB និង​ស្ថាប័ននិយ័តករ​​របស់​ប្រទេស​ក្នុង​តំបន់​ជា​ច្រើន​ទៀត​។​

លោក​បាន​ថ្លែង​ថា៖​«​តាម​រយៈ​ការ​ចុះ MoU នេះ UNCDF នឹងក្លាយ​ជា​ដៃគូ​ថ្មី​មួយ​ទៀត​ដែល​ចូល​​រួម​​ចំណែក​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិស័យមូល​បត្រ​កម្ពុជា ជា​ពិសេស​តាម​រយៈ​ការ​ស្វែង​រក​មូល​ផលិត​ផល​ថ្មីៗ​បន្ថែម​ដើម្បី​ដាក់​លក់​នៅ​លើ​ទីផ្សារ​មូល​បត្រ​កម្ពុជា ឱ្យ​បាន​កាន់​តែ​ទូលាយ»។​

លោកបន្ថែម​ថា​៖ «ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើង។ ខ្ញុំមានទំនុកចិត្តថា ដោយមាន​កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង MOU ដែលយើងនឹងចុះហត្ថលេខានេះ នឹងផ្តល់អត្ថប្រយោជន៍ប្រកប​ដោយ​ជោគជ័យក្នុងការពន្លឿនការអភិវឌ្ឍ​ទីផ្សារមូលបត្រ​កម្ពុជា និងជួយកម្ពុជាឱ្យយកឈ្នះលើដំណើរការវិនិយោគដែលបង្កឡើងដោយការរីករាលដាលជំងឺកូវីដ១៩»។

យោងតាម លោក សុជាតិ សកម្មភាពជួញដូរមានការកើនឡើងជាលំដាប់ ដែលបង្ហាញថាទីផ្សារមូលបត្រ​កម្ពុជា កាន់តែមានភាពទាក់ទាញ ហើយការយល់ដឹងរបស់សាធារណជនក៏កើនឡើងផងដែរ។ ទំហំនៃ​ការ​ជួញដូរ និងទំហំជួញដូរប្រចាំថ្ងៃជាមធ្យមក្នុងត្រីមាសទី២ ឆ្នាំ២០២២ បានកើនឡើង ២៩២,៦៥ ភាគរយ និង ២៧៣,៣៤ ភាគរយរៀងគ្នាបើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១ ទោះបីជាមានការរីករាលដាលជំងឺកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ។ មានវិនិយោគិន ប្រហែល ៣២ ៥០០ នាក់បានចូលរួមក្នុងទីផ្សារភាគ​ហ៊ុន​កម្ពុជា​៕​