ភ្នំពេញៈ អ្នក​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន​កំពុង​រៀបចំ​សេវាកម្ម​ធានា​រ៉ាប់រង​ផ្នែក​វារីវប្បកម្ម​ទឹកសាប​នៅ​កម្ពុជា ដើម្បី​ចូលរួម​កាត់បន្ថយ​ហានិភ័យ​របស់​កសិករ និង​ការខាតបង់​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ ដូចជា​ការកើនឡើង​កម្តៅ និង​កម្រិត​ទឹកភ្លៀង ជាដើម​។

អង្គការ​ទស្សនៈ​ពិភពលោក ក្រុមហ៊ុន​សណ្តែកសៀង​អាមេរិក និង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា តំណាង​កសិករ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានារ៉ាប់រង កាលពី​ចុង​សប្តាហ៍​មុន​បាន​រួម​គ្នា​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេវាកម្ម​ធានា​រ៉ាប់រង​ផ្នែក​វារីវប្បកម្ម​ទឹកសាប​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​វិធីសាស្ត្រ​ផ្សេងៗ​ទាក់ទង​នឹង​សេវា​ធានារ៉ាប់រង​វារីវប្បកម្ម​នៅ​កម្ពុជា​ផ្សារភ្ជាប់ និង​សេវា​ឥណទាន ឬ​ធាតុចូល​ផ្សេងៗ​ទៀត​ ដែល​អាចមាន​ដោយ​កំណត់​នីតិវិធី​នៃ​សេវាកម្ម​ធានារ៉ាប់រង និង​សារៈសំខាន់​នៃ​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​ទាំង​ ៣ កសិករ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង ក្រុមហ៊ុន​ធានារ៉ាប់រង ដោយ​អនុលោម​ទៅតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។

លោក ហាវ វិសិដ្ឋ អនុប្រធាន​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ការពិគ្រោះ​យោបល់​នោះ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៥ ​បាន​ចាប់អារម្មណ៍​សេវាកម្ម​ធានារ៉ាប់រង​ផ្នែក​វារីវប្បកម្ម​ទឹកសាប រួមមាន AMK, JC micro finance, ចម្រើន​, អម្រិត​, និង WB (Woory Bank) ជាដើម​។

លោក​បញ្ជាក់ថា​៖ «​សេវាកម្ម​ធានារ៉ាប់រង​ផ្នែក​វារីវប្បកម្ម​ទឹកសាប​នៅ​កម្ពុជា ដែល​វារីវប្បករ​ត្រូវការ​ទិញ​មានតែ ២ ​ចំណុច​ប៉ុណ្ណោះ គឺ​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត ​(​ក្នុង​រយៈពេល​ខ្លី​ ៤ ​ទៅ​ ៥ ​ថ្ងៃ​)​។ ចំពោះ​កញ្ចប់​តម្លៃ​វិញ​គឺ​ប្រហាក់​ប្រហែល ២១ ​ដុល្លារ នៅក្នុង​ ១ ​ឆ្នាំ​លើ​ផ្ទៃ​ទឹក​ចិញ្ចឹម​ ១ ​ហិកតា​»​។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន Forte Insurance បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការពិភាក្សា​នាពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ធ្វើ​ការងារ​សាកល្បង ​សម្រាប់​ធានារ៉ាប់រង​វារីវប្បកម្ម​ទឹកសាប​ ដែល​ជា​សេវាកម្ម​ធានា​រ៉ាប់រង​ថ្មី​មួយ និង​ដំបូង​គេ​នៅ​កម្ពុជា ដោយ​គ្រោង​នឹង​ធ្វើ​នៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​សៀមរាប​។

លោក​បាន​បន្ថែមថា សម្រាប់​សេវាកម្ម​ធានារ៉ាប់រង​ថ្មី​នេះ​ផ្នែក​ពាក់ព័ន្ធ​បាន​ជជែក​គ្នា ដោយ​ផ្អែកលើ​មូលដ្ឋាន​អាកាសធាតុ ដែល​ការធ្វើ​បែបនេះ ដើម្បី​ជួយ​ទប់​ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​ផង និង​ជួយ​ទៅដល់​កសិករ​ក្នុង​ការដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ ដែល​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ពិភាក្សាគ្នា​លម្អិត​ថែមទៀត​លើ​ការងារ​នេះ ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ផ្តល់​ជា​យោបល់ ហើយ​យើង​សង្ឃឹម​នឹង​អាច​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឬ​ធ្នូ​ខាងមុខ ដែល​វា​ជា​រដូវ​ចិញ្ចឹម​ត្រី​នាពេល​ខាងមុខ​នេះ​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា នៅមាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ ដែល​អាច​នឹង​កើតមាន​នៅពេល​ចាប់ផ្តើម​ដំណើរការ​គម្រោង​នេះ​ព្រោះថា ការយល់ដឹង​លើ​ផ្នែក​ធានារ៉ាប់រង​របស់​កសិករ ឬ​វារីវប្បករ​នៅ​កម្ពុជា​នៅមាន​កម្រិត ដោយ​ទាម​ឱ្យមាន​ការសិក្សា និង​បណ្តុះបណ្តាល​បន្ថែម​ដល់​ពួកគាត់​។ ម្យ៉ាងវិញទៀត និន្នាការ​ត្រី​ធម្មជាតិ​បាន​ចាប់ ម​ថយចុះ​គ្រប់​ប្រទេស​ទាំងអស់ ដោយ​ងាក​មក​បង្កើន​ការចិញ្ចឹម​ត្រី ដែល​អាចមាន​ហានិភ័យ​ច្រើន​។ ដូចនេះ ការធានា​រ៉ាប់រង​អាច​នឹង​ជួយ​កសិករ​បាន​ច្រើន ដើម្បី​ជំរុញ​ពួកគេ​បង្កើន​ការផលិត​បាន​កាន់តែច្រើន​។

ប្រធាន​សមាគម​វារីវប្បករ​នៅ​កម្ពុជា លោក សុខ រ៉ាដែន បាន​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​វារីវប្បករ​បាន​ជួប​បញ្ហា​ប្រឈម និង​ហានិភ័យ​ច្រើន​លើ​ការចិញ្ចឹម​ត្រី​ទឹកសាប ហើយ​សេវាកម្ម​ធានារ៉ាប់រង​លើ​វិស័យនេះ​ហាក់​មាន​ភាព​ថ្មី​សន្លាង​សម្រាប់​ប្រជាជន​ខ្មែរ ដែល​ទាមទារ​ឱ្យមាន​ការពិភាក្សា និង​បណ្តុះបណ្តាល​ឱ្យបាន​ច្បាស់លាស់​លើ​ការងារ​នេះ ព្រោះ​កសិករ​កំពុង​មាន​ការចំណាយ​លើ​ថ្លៃ​ផលិត​ច្រើន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ​ឱ្យមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​លម្អិត និង​ស៊ីជម្រៅ​ចំពោះ​ការធានា​នេះ ដើម្បីឱ្យ​កសិករ ឬ​វារីវប្បករ​បាន​យល់​ជ្រាប​កាន់តែច្បាស់​លើ​សេវា​នេះ​»​។

បើតាម​របាយការណ៍​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ FAO ក្នុង​ឆ្នាំ​ ២០១៩ បាន​បង្ហាញ​ថា មនុស្ស​ម្នាក់​ (​នៅ​កម្ពុជា​) មាន​តម្រូវការ​ត្រី​ចំនួន ៤១ ​គីឡូក្រាម ដែល​ស្មើនឹង ៧០​ ភាគរយ​នៃ​ការប្រើប្រាស់​ប្រចាំឆ្នាំ​។ ដើម្បីឱ្យ​សម្រេច​ទិសដៅ​ក្នុង​ការផ្គត់ផ្គង់​ក្នុង​ប្រទេស​រដ្ឋបាល​ជលផល​បានចេញ​ផែនការ​យុទ្ធសាស្ត្រ​ជលផល​ដោយ​ក្នុង​យុទ្ធសាស្ត្រ​នេះ​បានផ្តល់​អនុសាសន៍​ថា ទិន្នផល​វារីវប្បកម្ម​នៅ​កម្ពុជា​នឹង​កើនឡើង​ ២០ ​ភាគរយ​ប្រចាំ​ឆ្នាំ ចាប់ពី​ ១៨៥ ០០០ ​តោន ទៅ ២៤០ ០០០ ​តោន​៕