
សកម្មភាពក្រុមកម្មករកំពុងដេរសម្លៀកបំពាក់។ ហុង មិនា
ភ្នំពេញៈ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ទៅកាន់ចក្រភពអង់គ្លេសបានបង្ហាញលក្ខណៈធូរស្រាលជាងមុន សម្រាប់ការ-ចេញផលិតផលវាយនភណ្ឌកាត់ដេរកម្ពុជា ពិសេសផលិតផលធ្វើដំណើរ ដែលការកែលម្អនេះនឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ ២០២៣។
លិខិតរបស់សមាគមរោងចក្រកាត់នៅកម្ពុជា (GMAC) ចេញផ្សាយចុងសប្តាហ៍មុន ឱ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីលម្អិតជាមុនអំពីសំណើកែលម្អប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP)។ មិនមានអ្វីផ្លាស់ប្តូរច្រើនក្នុងការអនុគ្រោះ សម្រាប់កម្ពុជាក្រោមការកែលម្អថ្មីនេះឡើយ។ ពិតណាស់បើមានអ្វីកែលម្អ ប្រព័ន្ធកែលម្អនេះមានលក្ខណៈធូរជាងមុន សម្រាប់ផលិតផលធ្វើដំណើរ ប៉ុន្តែសម្រាប់ផលិតផលសម្លៀក-ពាក់គឺនៅដដែល។ រដ្ឋាភិបាលអង់គ្លេសរក្សារចនាសម្ព័ន្ធថ្នាក់ដដែលដូចនៅក្នុងប្រព័ន្ធមុន (ក្របខ័ណ្ឌទូទៅ/ក្របខ័ណ្ឌប្រ-រឡើង/ក្របខ័ណ្ឌ LDC) ដូចលោក លោកស្រី បានដឹងច្បាស់ហើយ គឺផ្អែកលើថ្នាក់ទូទៅ/ថ្នាក់ GSP+ / ថ្នាក់ EBA របស់អឺរ៉ុប។ ប៉ុន្តែដោយសារមានការផ្លាស់ប្តូរឈ្មោះកម្មវិធីថ្នាក់ទាំង ៣ នឹងត្រូវហៅថា ការ-នុគ្រោះតាមស្តង់ដា/ការអនុគ្រោះប្រសើរឡើង/ ការអនុគ្រោះទូលំទូលាយ (សម្រាប់ប្រទេស LDCs)។ នឹងនៅតែមានការអនុគ្រោះពន្ធ និងគ្មានកូតាលើគ្រប់មុខទំនិញទាំងអស់លើកលែងតែគ្រឿងសព្វាវុធសម្រាប់កម្ពុជា (និងរាល់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត LDCs) ក្រោមថ្នាក់ទូលំទូលាយ។
លិខិត GMAC បានបញ្ជាក់ថា ការកែលម្អនេះនឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ ហើយវានឹងត្រូវហៅថា ប្រព័ន្ធពាណិជ្ជកម្ម សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។ ទោះបីយ៉ាងណាក្តី មានមុខទំនិញផលិតផលច្រើនជាងមុន ២-៣ មុខត្រូវបានធ្វើឱ្យរួចពន្ធក្រោមថ្នាក់ប្រសើរឡើង។ នោះមានន័យថា ឥឡូវនេះប្រហែល ៨៥ ភាគរយនៃខ្សែបន្ទាត់ពន្ធរបស់ អង់គ្លេស គឺរួចពន្ធក្រោមថ្នាក់ប្រសើរឡើង ខណៈប្រហែល ៨០ ភាគរយបានកាត់បន្ថយពន្ធក្រោមថ្នាក់ស្តង់ដា។ សម្រាប់ផលិតផលធ្វើដំណើរ គឺរួចពន្ធក្រោមប្រព័ន្ធគ្រប់ថ្នាក់ទាំងអស់ ប៉ុន្តែសម្លៀកបំពាក់ គឺរួចពន្ធតែក្រោមថ្នាក់ប្រសើរឡើង និងថ្នាក់ទូលំទូលាយ។
ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា លោក លឹម តុង ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា លោកមានការបារម្ភដោយសារតែស្ថានភាពសកលលោកមានភាពមិនស្ថិតស្ថេរ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ពីកម្ពុជា។
ទោះយ៉ាងណាលោកសាទរចំពោះប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលរដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីលម្អិត ដោយមានលក្ខណៈធូរជាងមុនសម្រាប់ផលិតផលធ្វើដំណើរ។
លោកបានបញ្ជាក់ថា៖ «វាជាដំណឹងល្អសម្រាប់វិស័យផលិតផលធ្វើដំណើរនៅកម្ពុជា ក្នុងពេលដែលការបញ្ជាទិញចាប់ផ្តើមធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដោយសារសេដ្ឋកិច្ចសកលលោកធ្លាក់ចុះ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងដែរថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) នឹងអាចទៅបំពេញបន្ថែមលើ EBA ដែលកម្ពុជាបានបាត់បង់ តាមរយៈទីផ្សារប្រទេសអង់គ្លេស ហើយចែកចាយទៅកាន់តំបន់អឺរ៉ុប។
លោកលើកឡើងថា៖ «ប្រព័ន្ធអនុគ្រោះពន្ធនេះវានឹងជំរុញនូវការផលិតបន្ថែមទៀត នាំចេញទៅប្រទេសអង់គ្លេស ឬនាំចេញទៅសហគមន៍អឺរ៉ុបតាមរយៈប្រទេសអង់គ្លេស ដែលវាជាឱកាស សម្រាប់អ្នកវិនិយោគផ្នែកវិស័យកាត់ដេរវាយនភណ្ឌ ផលិតកាបូប កង់ បរិក្ខារអគ្គិសនី និងផលិតសូឡាជាដើម»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អង់គ្លេស សម្រាប់កម្ពុជានេះត្រូវបានកែសម្រួលឱ្យមានលក្ខណៈធូរជាងមុន ដែលមានន័យថា អាចឱ្យកម្ពុជាទិញវត្ថុធាតុដើមពីបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេសចិន។
បើតាម GMAC បច្ចុប្បន្នលក្ខណវិនិច្ឆ័យ សម្រាប់ថ្នាក់ប្រសើរឡើង គឺជាលក្ខណវិនិច្ឆ័យភាពងាយរងគ្រោះសេដ្ឋកិច្ចសាមញ្ញ ដែលផ្ទុយពីលក្ខណវិនិច្ឆ័យសិទ្ធិមនុស្សក្នុងប្រព័ន្ធ GSP(EBA) របស់អឺរ៉ុប ដែលមានន័យថា ស្ទើរតែរាល់ប្រទេសទាំងអស់ ដែលមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ឥឡូវនេះគឺជាផ្នែកនៃថ្នាក់ប្រសើរឡើង។ ហេតុដូច្នេះ ទទួលការរួចពន្ធសម្រាប់សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរទាំងអស់៕