
រូបភាព ហុង មិនា
ភ្នំពេញៈ ការផ្តាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសរយៈពេល ៧ ខែដើមឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ៥៨១ លានដុល្លារ កើនជិតពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមទិន្នន័យចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ ការនាំចេញ នាំចូលទំនិញរបស់ប្រទេសទាំង ២ មានទឹកប្រាក់សរុប ៥៨១,៣៧ លានដុល្លារ កើនឡើង ៤៥,៥ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ៣៩៩,៥៨ លានដុល្លារ។
សម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅចក្រភពអង់គ្លេសក្នុងរយៈពេល ៧ ខែឆ្នាំ ២០២២ មានចំនួន ៥២៧,៧៣ លានដុល្លារ កើន ៤៣,១ ភាគរយ និងការនាំទំនិញពីអង់គ្លេសមានទឹកប្រាក់ ៥៣,៦៤ លានដុល្លារ កើន ៧៤,៥ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២១ ខែសីហា ថា ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលពិសេសនោះ គឺបន្ទាប់ពីអង់គ្លេសធ្វើ Brexit ចាកចេញពីសហគមន៍អឺរ៉ុប។ បន្ទាប់ពីការចេញនេះ ការធ្វើពាណិជ្ជកម្មលក្ខណៈទ្វេភាគីជាមួយកម្ពុជា គឺមានទំហំទឹកប្រាក់កាន់តែច្រើន ខណៈចក្រភពអង់គ្លេសក៏ផ្តល់ប្រព័ន្ធលើកលែងពន្ធ GSP ឱ្យកម្ពុជាសម្រាប់ការនាំចេញទំនិញមួយចំនួនដោយរួចពន្ធទៅប្រទេសខ្លួនដែរ។
លោកថ្លែងថា៖ «អង់គ្លេស គឺជាទីផ្សារធំមួយនៅអឺរ៉ុប និងជាទីផ្សារមានសក្តានុពល សម្រាប់ទំនិញកម្ពុជា។ ការនាំចេញរបស់កម្ពុជាទៅចក្រភពអង់គ្លេសនឹងអាចមានសម្ទុះខ្លាំងបន្ថែមទៀតនៅពេលខាងមុខ»។
ភាគច្រើននៃទំនិញកម្ពុជានាំទៅចក្រភពអង់គ្លេស មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម និងផលិតផលអង់គ្លេសនាំមកកម្ពុជាមានដូចជារថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសនី គ្រឿងអេឡិចត្រូនិកជាដើម។
បើតាមលោក លឹម ហេង បច្ចុប្បន្នចក្រភពអង់គ្លេសក៏បានធ្វើការកែទម្រង់ចំណុចមួយចំនួនក្នុងប្រព័ន្ធ GSP ដើម្បីផ្តល់ភាពអនុគ្រោះឱ្យកម្ពុជាកាន់តែច្រើនសម្រាប់ការនាំចេញទំនិញទៅចក្រភពអង់គ្លេស។ លោកបញ្ជាក់ថា៖ «ខ្ញុំជឿថា ក្រោយពេលទទួលបាន GSP ថ្មី (ដើមឆ្នាំ ២០២៣) ការនាំចេញទំនិញកម្ពុជាទៅចក្រភពអង់គ្លេសនឹងមានទឹកប្រាក់កាន់តែច្រើន ហើយការចូលមកបណ្តាក់ទុនពីសំណាក់ក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងអឺរ៉ុបមកកម្ពុជានឹងមានចំនួនកាន់តែច្រើន»។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាការទទួលបាន GSP ពីចក្រភពអង់គ្លេស គឺជាផ្នែកមួយនៃការប៉ះប៉ូវពីការបាត់បង់ EBA ចំនួន ២០ ភាគរយរបស់សហគមន៍អឺរ៉ុបដែលបានផ្តល់ឱ្យកម្ពុជាកាលពីពេលកន្លងមកផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ការបើកឡើងវិញសកម្មភាពសេដ្ឋកិច្ចសង្គម ឆាប់រហ័សនៅកម្ពុជា (ខែវិច្ឆិកា ឆ្នាំ ២០២១) បានជួយធ្វើឱ្យខ្សែចង្វាក់ផលិតកម្មកម្ពុជាដំណើរការល្អប្រសើរ។ អង់គ្លេស គឺជាប្រទេសរីកចម្រើន ដូច្នេះជាឱកាស សម្រាប់កម្ពុជាក្នុងការឆក់យកទីផ្សារនេះ ហើយតាមរយៈអង់គ្លេសទំនិញ កម្ពុជាក៏អាចបន្តទៅប្រទេសក្នុងតំបន់អឺរ៉ុបផងដែរ។
លោកបញ្ជាក់ថា៖ «បើកម្ពុជាអាចទាក់ទាញអ្នកវិនិយោគអង់គ្លេសឱ្យចូលមកវិនិយោគផ្ទាល់កាន់តែច្រើន វានឹងធ្វើឱ្យទំនិញកម្ពុជាបង្ហាញវត្តមាននៅទីនោះកាន់តែច្រើន ខណៈកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា និងទឹកប្រាក់បានពីការនាំចេញក៏មានចំនួនកាន់តែច្រើន»។
វិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យទំហំទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចក្រភពអង់គ្លេសកាលពីឆ្នាំ ២០២១ មានចំនួនជាង ៧៨៨,៦៥ លានដុល្លារ ធ្លាក់ចុះ -១០,៦ ភាគរយធៀបឆ្នាំ ២០២០ ដោយការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៧៣១,៨៤ លានដុល្លារ ធ្លាក់ -១១,៩ ភាគរយ និងទំនិញនាំពីអង់គ្លេសមានទឹកប្រាក់ ៥៦,៨១ លានដុល្លារ កើនឡើង ១០,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕