
រូបភាព ហុង មិនា
ភ្នំពេញៈ បន្ទាប់ពីចុះថ្លៃបន្តិចកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ឥឡូវតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបានឡើងថ្លៃបន្តិចវិញ។
យោងតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ប្រេងសាំងធម្មតា មានតម្លៃ ៤ ៧០០ រៀល ក្នុងមួយលីត្រ (កើនឡើង ៥០ រៀល) និងប្រេងម៉ាស៊ូត មានតម្លៃ ៥ ១០០ រៀលក្នុងមួយលីត្រ (កើនឡើង ១០០ រៀល) ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។
របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជារបស់ធនាគារពិភពលោក ដែលបានចេញកាលពីចុងខែមិថុនាបានបង្ហាញថា ប្រេងឥន្ធនៈឡើងថ្លៃគួបជាមួយអតុល្យភាពជញ្ជីងពាណិជ្ជកម្មបរទេសរបស់កម្ពុជាបានបន្ថែមផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។
ធនាគារពិភពលោកបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ រួមមានការបន្តខិតខំទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន,ជំរុញការនាំចេញ ជាពិសេសកសិផល តាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃដើមក្នុងការធ្វើអាជីវកម្ម និងបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារជាដើម៕