ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​របស់​ធនាគារ Advanced Bank of Asia Ltd (ABA) ​នៅតែ​កើនឡើង​នៅក្នុងឆមាស​ទី ១ ​ឆ្នាំនេះឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​របស់​ធនាគារ​នេះ និង​ជំហរ​ដ៏​រឹងមាំ​ក្នុង​វិស័យហិរញ្ញវត្ថុ បើទោះបីជា​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ រយៈពេល​យូរ​ និង​សង្គ្រាម​អ៊ុយ​ក្រែ​ន​ក៏ដោយ​។

លោក Yves Jacquot ​ជា​ប្រធាន​ធនាគារ​មួយ​នេះបាន​ថ្លែង​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​នៅក្នុង​ត្រីមាស​ទី​ ២ ថាក្នុង​ត្រីមាស​នេះកម្ចី​ចំនួន ១១ ៥៣៤ គិត​ជា​ទឹកប្រាក់ ៥១៣,៣ លាន​ដុល្លារ​អាមេរិក​ត្រូវបានបញ្ចេញ​។ ចំនួន​នេះបានធ្វើ​ឱ្យ​​ផលប​ត្រក​ម្ចី​ដុល​របស់​ធនាគារ​កើនឡើង ៦​ ភាគរយគិត​ជា​ទឹកប្រាក់​សរុប ៦,១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ផលប​ត្រ​ប្រាក់​បញ្ញើ​របស់​ធនាគារ ABA ស្មើនឹង ៦,៩ ពាន់​លាន​ដុល្លារនៅ​ត្រីមាស​ទី​ ២ ដែល​ចំនួន​នេះ​កើនឡើង ៩ ភាគរយគិត​ចាប់ពី​ដើមឆ្នាំ​។

ដោយសារតែ​អតិថិជន​កាន់តែច្រើនជ្រើសរើសយក​ធនាគារ ABA ធ្វើជា​ធនាគារ​ដៃគូ​របស់ខ្លួននោះ​មូលដ្ឋាន​អតិថិជន​បាន​កើនឡើង​ដល់ ២១ ភាគរយក្នុង​រយៈពេល​ទាំង ២ ​ត្រីមាស​នៃ​ឆ្នាំ ២០២២ ធ្វើ​ឱ្យចំនួន​គណនី​របស់​អតិថិជន​ ABA បាន​កើនឡើង ២,៥ លាន​នាក់​។​

​លោក ​Yves បាន​ឱ្យ​​ដឹងថាប្រទេស​កម្ពុជាបាន​បន្ត​ធូរស្រាល​ពី​ស្ថានភាព​កូ​វីដ​ក្នុងអំឡុងពេល​រាយការណ៍​។ ទន្ទឹមនឹងនេះប្រទេស​កម្ពុជាបាន​ឆ្លងកាត់​ពេលវេលា​មួយដែល​ការវិលត្រឡប់​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេសយឺត​ជាង​ការរំពឹងទុកនិង​បាន​រង​នូវ​សម្ពាធ​អតិផរណាដែល​ប៉ះពាល់​ដល់​អំណាច​ទិញ​របស់​ប្រជាពលរដ្ឋ​។ វិស័យ​អចលនទ្រព្យ​នៅ​ស្ថិតក្រោម​សម្ពាធហើយ​វិស័យ​ទេសចរណ៍​ក៏​មិនទាន់​ងើបឡើង​វិញ​ដល់​កម្រិត​ដើមដូច​កាលពី​ពេលមុន​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​ដែរ​។ បន្ថែម​លើ​នេះ​ទៀតយើង​បានចាប់ផ្ដើម​មើលឃើញ​ពីផលប៉ះពាល់​នៃ​វិបត្តិ​រុស្ស៊ី​-​អ៊ុយ​ក្រែ​នចំពោះ​សេដ្ឋកិច្ចពិភពលោក និង​ផលប៉ះពាល់​ដែល​អាច​កើតឡើងលើប្រទេស​នានា​ជុំវិញ​ពិភពលោក​។​

​លោក​លើកឡើងថា​៖ «​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​ទាំងនេះមាន​ភាពមិនច្បាស់លាស់​ក្ដីធនាគារ ​ABA ជា​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​របស់ខ្លួននៅតែ​ជា​គ្រឹះស្ថាន​មួយ​ដែលមាន​សុវត្ថិភាព និង​ស្ថិរភាពស្ថិត​លើ​មាគ៌ាឆ្ពោះទៅរក​ភាព​រីកចម្រើន​របស់ខ្លួន​។ កំណើន​ជា​បន្តបន្ទាប់​នៃ​មូលដ្ឋាន​អតិថិជន និង​លទ្ធផល​ប្រតិបត្តិការហិរញ្ញវត្ថុ​ដ៏​រឹងមាំឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ដ្រ​របស់​ធនាគារ និង​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​ក្នុង​វិស័យហិរញ្ញវត្ថុ​»​។​

​លោក​ថ្លែងថា​៖ «​លទ្ធផល​ទាំងនេះជា​ចម្បងអាច​សម្រេចបាន​ដោយសារ​អានុភាព​នៃប្រព័ន្ធ​សេវា​ធនាគារឌីជីថលនិង​ផ្លែ​ត​ហ្វ​ម​ស្វ័យ​សេវា​ដ៏​ទំនើប​របស់​ធនាគារ​។ ធនាគារ​បន្ត​អភិវឌ្ឍ​សេវា​ធនាគារ​តាម​ទូរស័ព្ទ ABA Mobile របស់ខ្លួនដោយ​នាំមក​នូវ​សេវាកម្ម និង​មុខងារ​ថ្មីៗ​ប្រកបដោយ​ភាពងាយស្រួល​មួយចំនួនទៀត​»​។

លោក​បន្តថាក្នុងចំណោម​នោះមាន​មុខងារ​កម្ចី​ប្រាក់​បៀ​វត្សដើម្បី​សម្រួល​ដល់​អតិថិជនដែល​ត្រូវ​ការប្រាក់បន្ទាន់ និង​ការអភិវឌ្ឍ​បន្ថែម​នៃ​សេវា ABA KHQR​ ដើម្បី​អនុញ្ញាតឱ្យ​អាជីវករប្រមូលប្រាក់​ទូទាត់​ពី​អ្នក​ប្រើ ABA Mobile និង​អតិថិជន​ធនាគារ​ផ្សេង​នៃ​គម្រោង​បាគង​។ បន្ថែម​លើ​នេះ​ទៀតធនាគារ ​ABA ​បន្ត​ចូលរួម​ក្នុងគម្រោង​សហ​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូចនិង​មធ្យម (SCFS) ដែលជា​គំនិត​ផ្តួចផ្ដើម​របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​ផ្ដល់ជូន​កម្ចី​ដែលមាន​តម្លៃ​សមរម្យ​ដល់​សហគ្រាស​ធុន​តូចនិង​មធ្យម​។ ក្រោមគម្រោង​នេះកម្ចី​ដែល​បាន​បញ្ចេញ​ពី​ធនាគារ ABA មាន​ចំនួន ៩,៦ លាន​ដុល្លារ​អាមេរិកគិត​ត្រឹម​ចុងខែមិថុនា​ឆ្នាំ​ ២០២២​ ។ ធនាគារ​នេះបានផ្ដល់​កម្ចី​សម្រាប់​ចំណាយ​មូលធន និង​ដើមទុន​បង្វិលជាមួយ​អត្រាការប្រាក់​ពិសេសមិន​លើសពី ៧,៥០ ភាគរយ​ក្នុង​មួយឆ្នាំ និង​រយៈពេល​កម្ចី​រហូត​ដល់ ៧ ឆ្នាំ​៕