ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន បាន​លើកឡើង​ថា គិតគូរ​អំពី​អក្ខរកម្ម​ឌីជីថល​នៅក្នុង​វិស័យ​ទេសចរណ៍ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឆ្លើយតប​នឹង​បរិបទ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ហើយ​វា​ក៏​ជា​គន្លឹះ​ដ៏សំខាន់​សម្រាប់​កម្ពុជា​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​កម្សាន្ត​ឡើងវិញ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាង​គំហុក​ក្នុង​រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​ «​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​» ដែល​រៀបចំ​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២២, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩ ព្រមទាំង​មាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​ក្នុងស្រុក និង​បរទេស តំណាង​វិស័យ​ឯកជន ព្រមទាំង​សិក្ខាកាម សរុប​ចំនួន​អ្នក​ចូលរួម​ទាំង​ផ្ទាល់ និង​ពី​ចម្ងាយ​មាន​ប្រមាណ ៣០០ ​នាក់​។

លោក ថោង ខុន បានឱ្យ​ដឹងថា ស្រប​ជាមួយ​នឹង​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ផ្នែក​បច្ចេកវិទ្យា និង​ការកើនឡើង​នៃ​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឌីជីថលូបនីយកម្ម បាន​ក្លាយជា​ប្រធានបទ​ដ៏សំខាន់​នៅ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយ​ចុងក្រោយ​នេះ​វិបត្តិ​ជំងឺ​កូវីដ ​១៩ បានក្លាយ​ទៅជា​កាតាលីករ​ជំរុញ​ឱ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា គឺជា​ដំណោះស្រាយ​កាន់តែ​មាន​ភាពចាំបាច់ និង​ចំពេល​វេលា​សំដៅ​ធានា​ឧត្តមភាព​ប្រកួតប្រជែង​របស់​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។ លោក​បន្ថែម​ថា ដើម្បីឱ្យ​អ្វីៗ​អាច​ដំណើរការ​ទៅ​មុខ​បាន ក៏ត្រូវ​ទាមទារ​ការចូលរួម​របស់​វិស័យ​ឯកជន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការគិតគូរ​អំពី​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ពិតជា​មាន​សារៈសំខាន់​ដើម្បី​បង្ហាញ​នូវ​ជំនាញ​ថ្មី​មួយ​ក្នុង​ការជំរុញ​ការកសាង​វិស័យ​ទេសចរណ៍​វៃឆ្លាត​នៅ​កម្ពុជា តាមរយៈ​ការទាញ​យក​សក្តានុពល​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​បម្រើ​ដល់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ​ស្របតាម​តម្រូវការ និង​បរិបទ​ជាក់ស្តែង​»​។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​ក៏​ស្នើឱ្យ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ​(​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​) ​ត្រូវ​ចូលរួម​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន ចំណែក​គ្រឹះស្ថាន និង​អ្នកផ្តល់​អប់រំ​បណ្តុះបណ្តាល​ទាំងអស់ គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ឱ្យបាន​ជាប្រចាំ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​។

បើតាម​លោក ថោង ខុន រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង និង​ដើរតួនាទី​ជា​ចន្ទល់​គន្លឹះ​មួយ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច តាមរយៈ​ការបង្កើន​ចំណូល​ជាតិ ព្រមទាំង​ការបង្កើត​ការងារ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ជា​អកុសល​រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ​វិស័យ​ទេសចរណ៍​កម្ពុជា​ក៏ដូចជា​ក្នុង​តំបន់ និង​សកលលោក​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ឥទ្ធិពល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែល​បាន​រាំងស្ទះ​ដល់​ការធ្វើ​ដំណើរ​ជា​អន្តរជាតិ ហើយ​ធុរកិច្ច​ជាច្រើន​ក្នុង​វិស័យនេះ​ត្រូវ​កាត់បន្ថយ​សកម្មភាព​ផ្អាក​ដំណើរការ ឬ​បិទ​អាជីវកម្ម​ទាំងស្រុង ដោយ​បាន​បង្ក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ សម្រាប់​សេដ្ឋកិច្ចសង្គម ក្នុង​បរិការណ៍​ក្នុង​វិបត្តិ​ដ៏ស្រួចស្រាល់​នេះ​។

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ លោក ហ៊ុន ម៉ានី បាន​លើកឡើង​ថា «​អក្ខរកម្ម​ឌីជីថល​» ​បាន​ក្លាយជា​តម្រូវការ​មូលដ្ឋាន​សម្រាប់​ប្រជាជន​ទូទៅ​គ្រប់​វ័យ​ ដើម្បី​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ឆ្លើយតប​នឹង​តម្រូវការ​រៀងៗ​ខ្លួន​។ លោក​បន្តថា ទោះ​វិស័យ​ទេសចរណ៍​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ ក៏​រដ្ឋាភិបាល​កម្ពុជា​នៅតែ​ចាត់ទុក​ថា វិស័យនេះ​ជា​ផ្នែក​សំខាន់​ក្នុង​ការចូលរួម​ចំណែក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​បញ្ជាក់ថា​៖ «​ស្ថិតក្នុង​បរិបទ​នេះ ការចាប់​យក​បច្ចេកវិទ្យា គឺ​ពិតជា​មាន​ភាពចាំបាច់ និង​ចំពេល​វេលា​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ ដើម្បី​ធានា​កំណើន​រយៈពេល​វែង​សម្រាប់​កម្ពុជា​ជាមួយ​នឹង​ការបន្ត​ជំរុញ​ពិពិធកម្ម​ក្នុង​គ្រប់​វិស័យ​អាទិភាព​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង និង​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​ឆ្ពោះទៅ​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្នុង​ឆ្នាំ​ ២០៣០ និង​ឆ្នាំ​ ២០៥០»​។

លោក​បន្ដថា គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា​តែងតែ​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​នានា​របស់​ក្រសួង និង​វិស័យ​ឯកជន ដែល​ជា​ការរួម​ចំណែក​ដល់​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ពិសេស​ការបំពាក់​បំប៉ន​សមត្ថភាព​ក្នុង​វិស័យ​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​។

របាយការណ៍​ក្រសួង​ទេសចរណ៍ ឱ្យដឹងថា ក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២២ កម្ពុជា​ទទួល​បាន​ទេស​ចរ​អន្តរជាតិ​ជាង ៧៤ ​ម៉ឺន​នាក់ កើន ៥៦០ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១​។ ដោយឡែក​ខេត្ត​សៀមរាប​មាន​ទេសចរ​ផ្ទៃក្នុង ១ ២៤២ ៨៥៤ ​នាក់ កើនឡើង ៨៩០ ​ភាគរយ ដែល​ក្នុងនោះ​ទេសចរ​ជាតិ​មាន ១ ១៥៩ ០០០ ​នាក់ កើន ៧៩៩​ ភាគរយ និង​ទេសចរ​បរទេស​ផ្ទៃក្នុង ៨៣ ៨៥៤ ​នាក់ កើន ១ ៣៥២ ​ភាគរយ​៕