
កម្មករលើកផ្លែស្វាយចេញពីរទេះ ដាក់លើចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជានាំចេញស្វាយស្រស់បានជិត ១២ ម៉ឺនតោន នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ ថយចុះជាង ២៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
បើយោងតាមរបាយការណ៍ស្តីពីការនាំចេញកសិផលទៅក្រៅប្រទេសរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ ការនាំចេញផ្លែស្វាយស្រស់មានចំនួន ១១៧ ៩៥១,៥៥ តោន ថយចុះ ២៦,៨៤ ភាគរយ។ ក្នុងនោះនាំទៅប្រទេសវៀតណាម មានចំនួន ៦២ ៦៤០,២៣ តោន ថៃ ២៧ ៦៨១,១២ តោន, ចិន ២៧៤៦៧,៨៨ តោន, កូរ៉េ ១៦០,០៨ តោន និងទីក្រុងហុងកុង ២,២៤ តោន។
ដោយឡែកតំណាប់ស្វាយត្រូវបាននាំចេញចំនួន ១៣ ២២៤,៤១ តោន ថយចុះ ២,២២ ភាគរយ ដោយនាំចេញទៅប្រទេសចិន ១១ ៥៧៣,៣៧ តោន, ថៃ ៨៣៦,០២ តោន, ហ្វីលីពីន ៤៩៩,៩៦ តោន, វៀតណាម ២០០តោន, ជប៉ុន ៤៨,៣៨ តោន, រុស្ស៊ី ៤៥,៥៨ តោន, ចក្រភពអង់គ្លេស ៩,៧៨ តោន, អ៊ីតាលី ៦,៣០ តោន, កូរ៉េ ៤,៩៩ តោន និងអាមេរិក ០,០៣ តោន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា ការនាំចេញកសិផលស្រស់មួយចំនួនជាពិសេសស្វាយ និងចេក មានការថយចុះ ជាពិសេសការនាំចេញទៅប្រទេសចិន ដែលការណ៍នេះបណ្តាលមកពីកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផលបណ្តាលឱ្យទូត្រជាក់ឡើងថ្លៃ, ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន ជាដើម។
ក្រៅពីមូលហេតុទាំងនេះលោកបន្ថែមថា៖ «ការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យដែលបណ្តាលមកពីការរកឃើញកូវីដ ១៩ លើសម្បកកេសវេចខ្ចប់ផ្លែចេកពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខានការនាំចេញមួយរយៈ»។
អគ្គនាយកក្រុមហ៊ុនរីចហ្វាម អេស៊ា លោក ហ៊ុន ឡាក់ បាននិយាយថា បញ្ហាភូមិសាស្ត្រនយោបាយរវាងកោះតៃវ៉ាន់ និងចិនមិនមានផលប៉ះពាល់អ្វីដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនទេ ខណៈដែលតម្លៃនៃការដឹកជញ្ជូនហាក់មានភាពល្អប្រសើរជាងមុនបន្តិចនៅឆមាសទី២ នេះ។
លោកបន្ថែមថា គោលនយោបាយបិទខ្ទប់របស់ចិនហាក់មានការបន្ធូរបន្ថយខ្លះហើយ ប៉ុន្តែគេត្រូវរង់ចាំដល់ខែវិច្ឆិកា ជាពេលដែលរដ្ឋាភិបាលចិននឹងដាក់ចេញនូវគោលនយោបាយថ្មីទាក់ទងនឹងការបើកឡើងវិញនូវលំហូរសេដ្ឋកិច្ច ដែលរំពឹងថា គោលនយោបាយថ្មីនោះ នឹងមានភាពល្អប្រសើរជាងមុន។
លោកអះអាងថា៖ «ខ្ញុំគិតថា នៅចុងឆ្នាំនេះនឹងប្រសើរឡើងចំពោះការនាំចេញផលិតកសិកម្ម ដែលមិនត្រឹមតែនាំទៅប្រទេសចិន នោះទេ ការនាំចេញទៅតាមបណ្តាប្រទេសជិតខាងក៏នឹងល្អប្រសើរដែរ។ អ្វីដែលសំខាន់យើងត្រូវតែរៀបចំ គឺធ្វើយ៉ាងណាដើម្បីឱ្យមានប្រព័ន្ធលាងសម្អាត វេចខ្ចប់ ដើម្បីឆ្លើយទៅនឹងស្តង់ដាដែលគេចង់បាន»។
របាយការណ៍ក្រសួងកសិកម្មបង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញស្វាយស្រស់ និងផលិតផលពីផ្លែស្វាយមានចំនួនសរុប ២៦៥ ២២៩,៧៦ តោន ក្នុងនោះស្វាយស្រស់ ២៤២ ៤៨៣,៧៦ តោន កើនឡើង ១៤៨,៣៨ភាគរយបើធៀបនឹងឆ្នាំ ២០២០៕