​ភ្នំពេញៈ កម្ពុជា​-​វៀតណាម គ្រោង​នឹង​ដំឡើង​កូតា​រថយន្ត​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​អន្តរ​​ជាតិ​រវាង​ប្រទេស​ទាំង ​២ ​ពី​ចំនួន ​៥០០ ​គ្រឿង ​ទៅ​ ៨០០ ​គ្រឿង នៅ​ចុង​ឆ្នាំនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការកើនឡើង​សកម្មភាព​ការដោះដូរ​ទំនិញ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ និង​ជួបពិភាក្សា​ការ​ងារ​ជាមួយ​ស្ថាប័នរដ្ឋ និង​ឯកជន​នៅ​ប្រទេស​វៀតណាម កាលពី​ចុង​សប្តាហ៍​មុន​គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​ ២ ​បាន​ពិភាក្សាគ្នា​លើ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការដំឡើង​កូតា​រថយន្ត​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​​កាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ព្រមទាំង​បានកំណត់​ពេលវេលា និង​ទីកន្លែង​សម្រាប់​រៀបចំ​កិច្ច​ប្រជុំ​ទ្វេភាគី​ ដើម្បី​ពិនិត្យ​លទ្ធ​ភាព​នៅក្នុង​ការជំរុញ​ការបញ្ចប់​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការ​​យោគយល់​នេះ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​និង​បញ្ហា​ប្រឈម​នានា​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន និង​ការភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម រួមមាន ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ភ័ស្តុភា​រកម្ម​។​

​លោក ប៉ែន បូរាណ អនុ​រដ្ឋ​លេខាធិការ​​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន ដែល​បាន​ដឹកនាំ​ប្រតិភូ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បានឱ្យ​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​ដឹងថា ការកំណត់​កូតា​រថ​យន្ត​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំ​ដែន​អន្តរជាតិ​រវាង​កម្ពុជា និង​វៀតណាម​កាលពី​លើក​មុន គឺ​នៅក្នុង​ឆ្នាំ ​២០១២ ដោយ​ភាគី​ទាំង​ ២ ​បានកំណត់​កូតា​រថយន្ត​ចំនួន ៥០០ ​គ្រឿង មានន័យថា ខាង​វៀតណាម ៥០០ គ្រឿង និង​កម្ពុជា ៥០០ ​គ្រឿង ដែល​អាច​ឆ្លងកាត់​ព្រំដែន​គ្នា​ទៅវិញទៅមក ដើម្បី​ផ្លាស់ប្តូរ​ទំនិញ​។​

​លោក​បន្ថែមថា នៅក្នុង​រយៈ​​ពេល ១០ ​ឆ្នាំ​មកនេះ​ដោយ​មើលឃើញថា កំណើន​នៃ​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​កើនឡើង​គួរឱ្យ​កត់​សម្គាល់ បានធ្វើឱ្យ​ភាគី​ទាំង ​២ ​សម្រេច​ពិភាក្សា​លើ​ការកំណត់​កូតា​ឡើងវិញ​ដោយ​សម្រេច​ដំ​​ឡើង​ចំនួន​កូតា​រថយន្ត​ធ្វើ​ពា​​ណិ​ជ្ជ​កម្ម ​(Exchange List) ដែល​នឹង​ឈានទៅដល់​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅចុងឆ្នាំ​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​នៃ​ប្រទេស​ទាំង ​២ នឹង​ពិភាក្សាគ្នា​ឱ្យបាន​លម្អិត​ជុំវិញ​ការរៀបចំ​អនុស្សរណៈ​យោគ​​យល់​គ្នា​នេះ​នៅ​ខែកញ្ញា ឬ​ខែតុលា​ខាងមុខ​។ សេដ្ឋកិច្ច​យើង​មានការ​កើនឡើង ហើយ​តម្រូវ​​ការ​រថយន្ត​ដឹកទំនិញ​ក៏​កើន​ដែរ ទើប​ភាគី​ទាំង ​២ សម្រេច​ដំឡើង​កូតា​រថយន្ត​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​​កាត់​ព្រំដែន​អន្តរជាតិ​នេះ​»​។​

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បានឱ្យដឹងថា ចំនួន​កូតា​រថយន្ត​ធ្វើ​ពា​ណិ​ជ្ជ​កម្ម​ឆ្លងកាត់​ព្រំដែន​អន្តរ​​ជាតិ​រវាង​ប្រទេស​ទាំង​ ២​ បាន​បង្កើន​ជា​បន្តបន្ទាប់​ដោយ​ចាប់​​ផ្តើម​ពី​លើកដំបូង​ ៤០ ​គ្រឿង​។​

​លោក​បាន​អះអាងថា​៖ «​ការ​ដំឡើង​កូតា​បន្ថែម​ពី ៥០០ ​ទៅ​ ៨០០ ​គ្រឿង​នេះ គឺជា​គោលដៅ​របស់​កម្ពុជា ដើម្បី​ជំរុញ​ការនាំ​​ចេញ ខណៈ​ការនាំចេញ​តាមផ្លូវ​​គោក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ វា​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​អ្នកប្រើប្រាស់ ក្នុងការ​ជ្រើស​រថយន្ត​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​នឹង​លើកកម្ពស់​ការប្រកួតប្រជែង​ថែមទៀត​ទៅដល់​ក្រុមហ៊ុន​ដឹកជញ្ជូន ដើម្បី​ការផ្តល់សេវា​ដល់​អតិថិ​ជន​កាន់តែ​ប្រសើរ​»​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​គាំទ្រ​ចំពោះ​ការដំឡើង​កូតា​រថយន្ត​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម ដោយសារតែ​រថយន្ត​នៃ​ប្រទេស​ចង្កូត​ឆ្វេង​ដូចគ្នា ដែល​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការបើកបរ​។​

​លោក​ប្រាប់ថា​៖ «​ការជំរុញ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រវាង​កម្ពុជា​-​វៀតណាម ជាពិសេស ដំឡើង​កូតា​រថយន្ត​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ ដែល​ស្ថាប័នរដ្ឋ​នៃ​ប្រទេស​ទាំង​ ២​ កំពុង​គិតគូរ គឺ​រឿង​ដ៏​ល្អ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ដែល​អាច​ចំណេញ​ពេល​​វេលា​ធ្វើឱ្យ​ការដឹកជញ្ជូន​លឿន​រហ័ស​ជាង​មុន​»​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបង្ហាញថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង ២ រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ៣ ៧៦៥ ​លាន​ដុល្លារ កើន ២២​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។ ក្នុងនោះ​ការ​​នាំ​ចេញទៅ​វៀតណាម មាន​ទឹកប្រាក់​ជាង ១ ៣២៦ ​លាន​ដុល្លារ កើន ៣,៤ ​ភាគរយ និង កម្ពុជា​នាំចូល​ពី​វៀតណាម មាន​ជាង ២ ៤៣៩​ លាន​ដុល្លារ ​កើន​ ៣៥,៥ ​ភាគរយ​ បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​៕