
បុគ្គលិកម្នាក់ទាញបាវស្រូវនៅឃ្លាំងមួយក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញ៖កម្ពុជា និងបង់ក្លា ដែសកំពុងរៀបចំយន្តការ និងលក្ខខណ្ឌតម្រូវនានា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស ខណៈដែលប្រទេសនេះធ្លាប់បាននាំចូលអង្ករពីកម្ពុជាតែម្តងប៉ុណ្ណោះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាកាលពីថ្ងៃទី ២២ ខែសីហាលោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកបានថ្លែងថាបើទោះបីវិស័យកសិកម្មបង់ក្លាដែស ជាពិសេសផលិតកម្មស្រូវមានការកើនឡើងតាមរយៈការបង្កើនរដូវដាំដុះរហូតដល់ទៅ ៣ ដងគិតពីឆ្នាំ ១៩៧១ មកដល់បច្ចុប្បន្នយ៉ាងណាក្តីក៏ការផ្គត់ផ្គង់មិនទាន់ធានាដល់សន្តិសុខស្បៀង សម្រាប់ប្រជាជនបង់ក្លាដែសចំនួនជាង ១៦០ លាននាក់ ដែលបង់ក្លាដែសត្រូវការនាំចូលអង្ករពី ១ លានទៅ ១,៥ លានតោនជារៀងរាល់ឆ្នាំ។
លោកបានបញ្ជាក់ថា៖ «កិច្ចប្រជុំនារសៀលនេះនឹងអាចផ្តល់ឱកាសឱ្យភាគីបង់ក្លាដែសយល់ច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវ ដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថាបច្ចុប្បន្ននេះកម្ពុជាសល់អតិរេកស្បៀងជាង៦លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកប ដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ដូច្នេះហើយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការអង្កររបស់ភាគីបង់ក្លាដែស។
លោករដ្ឋមន្ត្រីបន្ថែមថាទៀតថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យកម្ពុជាគឺមាន ២ ជម្រើសសម្រាប់ភាគីបង់ក្លាដែសពិនិត្យនិងពិចារណា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជម្រើសទី ១ ប្រើប្រាស់យន្តការដែលមានរួចជាស្រេចគឺសំដៅទៅលើការធ្វើកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានសមត្ថភាព និងលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារតាមតម្រូវចិត្ត និងតម្រូវការនៃភាគីបង់ក្លាដែស»។
លោកបន្តថាសម្រាប់ជម្រើសទី ២ បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាង ១ ពាន់សហគមន៍ទូទាំងប្រទេសហេតុ ដូចនេះអ្នកវិនិយោគបង់ក្លាដែសអាចមកវិនិយោគនៅកម្ពុជាដូចតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីដោយបង្កើតជាឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវនិងទិញស្រូវផ្ទាល់ពីសហគមន៍កសិករ សម្រាប់ស្តុកទុកកិន និងនាំអង្ករចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា តាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យារវាងបង់ក្លាដែសជាមួយកសិករកម្ពុជាផងដែរ។
លោក លន់យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថាកម្ពុជាធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសបង់ក្លាដែសតែម្តងគត់កាលពីឆ្នាំ ២០១៧ ដែលមានបរិមាណជាង ៣១ ពាន់តោនហើយក្រោយមកទៀតមិនដែលនាំចេញទៀតទេ។
លោកបានបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តរវាងកម្ពុជា និងបង់ក្លាដែសដើម្បីជំរុញការនាំចេញអង្ករនាពេលខាងមុខនេះគឺជាដំណឹងល្អមួយសម្រាប់សហព័ន្ធដោយយើងស្វាគមន៍នូវរាល់ការផ្តួចផ្តើមគំនិតថ្មីៗដែលជំរុញឱ្យមានការបើកច្រកទីផ្សារការពង្រឹងកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាពិសេសស្រូវអង្ករដោយនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំង ២ កម្ពុជា-បង់ក្លាដែស»។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថានៅក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០២២ នេះការនាំចេញអង្ករមានចំនួន ៣៥០ ៩០២ តោនកើនឡើង ១៣,២៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នៅក្នុងនោះបរិមាណអង្ករបាននាំចេញទៅកាន់សហភាពអឺរ៉ុបមានចំនួន ១១៤ ៣៨០ តោនកើនឡើង ៤៧,០៤ ភាគរយ,ចិនចំនួន ១៦៩ ៧៦៦ តោនកើនឡើង ១០,២៩ ភាគរយ,អាស៊ានចំនួន ២៩ ៩៥៧ តោនកើនឡើង ១,៧១ ភាគរយនិងទិសដៅដទៃទៀតចំនួន ២៥ ប្រទេសមានបរិមាណសរុប ៣៦ ៧៩៩ តោនថយចុះ ២៤,៤៥ ភាគរយ៕