ភ្នំពេញៈ កម្ពុជា-ចិន បាន​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ស្វែង​យល់​​ពី​កាលានុ​វត្ត​ភាពនិង​បញ្ហា​ប្រឈម​នានា​​ក្នុង​វិស័យ​កសិកម្ម​​កម្ពុជា ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​កម្ពុជា ក៏​ដូច​ជាប​ង្កើន​ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើនថែម​ទៀត​​​។

ជំនួប​នេះ​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ​ ២០២២ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជ​កម្ម​រវាង​លោក ប៊ុន ចន្ធី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម ជាមួយ​​​លោក ZHANG Lubiao អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្រៅ​ប្រទេស​នៃ​ក្រសួង​កសិកម្ម និង​កិច្ច​ការ​ជន​បទ​ចិនលើ​ការ​រៀបចំ​ផែនការ​មេ​ទំនើប​កម្ម​កសិកម្ម​កម្ពុជា-ចិន។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​ចំណុច​សំខាន់​ៗ​ចំនួន ៣ ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​ពេល​នោះ​​រួម​មាន ការ​សិក្សា​​បន្ថែម​អំពី​ស្ថាន​ភាព​នៃ​ពាណិជ្ជ​កម្ម​នាំ​ចេញ-​ចូល ផលិត​ផល​កសិកម្ម និង​ទីផ្សារ​ផលិត​ផល​កសិ​កម្ម​ក្នុងស្រុក, ការ​សិក្សា​បន្ថែម​អំពី​គោល​នយោ​បាយនិង​ផែនការ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម, និង​ការ​ប្រឹក្សា​យោបល់​នានា​លើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ផែនការ​ទំនើប​កម្ម​វិស័យ​កសិកម្ម​កម្ពុជា-​ចិន​ឱ្យ​ចំ​គោលដៅ សំដៅ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា និង​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​ប្រទេស​ចិន។

លោក ប៊ុន ចន្ធី បាន​លើក​ឡើង​ថា សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​លក្ខណៈ​អន្តរ​ជាតិ​របស់​កម្ពុជា​កំពុង​មាន​ដំណើរ​ការ​ល្អ​ជា​លំដាប់ ហើយ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ក៏​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ​។ បច្ចុប្បន្ន​កម្ពុជា​មាន​ផលិត​ផល​កសិកម្ម​សក្តានុ​ពល​ជា​ច្រើន​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​​​ចិន ​មាន​ដូចជាចេក ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម​។

បន្ថែម​លើ​នេះ លោក​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ថា៖​ «​កម្ពុជា​បាន​និង​កំពុង​ចរចាបើក​ទីផ្សារ​ថ្មីៗ ជា​ពិសេស​ក្រោម​ក្រប​ខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​អាសិប កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-​ចិន កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-​កូរ៉េ និង​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​សម្រួល​ពាណិជ្ជ​កម្ម ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​សកម្ម​ភាព​ធុរកិច្ច ជីវភាព​រស់​នៅ​របស់​ប្រជាជន និង​សេដ្ឋ​កិច្ច​ជាតិទាំង​មូល»។

លោក ZHANG Lubiao បាន​និយាយ​ថា គោល​បំណង​នៃ​ដំណើរ​បេសក​កម្ម​របស់​លោក​ គឺ​ផ្តោត​សំខាន់​លើ​ការ​ស្វែង​យល់​បន្ថែម​អំពី​កាលានុវត្ត​ភាព និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្មរ​បស់​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​កម្ពុជា-​ចិន ក៏​ដូចជា​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ និង​ប្រទេស​ចិន។

លោក​បន្ថែម​ទៀត​ថា ដើម្បី​ជំរុញ​ឱ្យ​សកម្ម​ភាព​ពាណិជ្ជកម្ម​កម្ពុជា-​ចិន កាន់​តែ​ល្អ​បន្ថែម​ទៀត កម្ពុជា​គួរ​ពិចារណា​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​សម្រាប់​វិស័យ​កសិកម្ម, ការ​រៀបចំ​ឱ្យ​មាន​ក្រុម​ការងារ​ប្រចាំ​នៅ​ស្ថាន​ទូត​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ជា​មួយ​ភាគី​ចិន​បាន​ទាន់​ពេល​វេលា, ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ និង​ការ​បង្កើត​ឱ្យ​មាន​តំបន់​អនុ​គ្រោះ​ពន្ធ​ជាដើម។ ការ​ងារ​ទាំង​អស់​នេះ ក៏​អាច​ជួយ​ទាក់ទាញ​វិនិយោ​គិន​បរទេស ពិសេស​វិនិយោ​គិន​ចិន ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ផង​ដែរ។

លោក​បាន​អះអាង​ថា៖ ​«​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន​មាន​ភាព​រឹងមាំនិង​ល្អ​ប្រសើរ​តាំង​ពី​យូរ​លង់​ណាស់​មកហើយ ហើយ​ភាគី​ចិន​ប្តេជ្ញា​នឹង​ជួយ​គាំទ្រ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​កសិកម្ម​របស់​កម្ពុជា»​។

ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ចិន ក្នុង​រយៈ​ពេល ៧ ​ខែ​ដំបូង ឆ្នាំ ​២០២២ មាន​ទឹក​ប្រាក់​សរុប ៦៩៧១,៤៧ ​​លាន​ដុល្លារ​ កើន​ឡើង ១៥,៥​ ភាគរយ​បើ​ធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១​។ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទំនិញ​ក្នុង​ទឹក​ប្រាក់ ៧០១​,១៩​ លាន​ដុល្លារ ធ្លាក់​ចុះ -១៥ ​ភាគ​រយ និង​ការ​នាំ​ទំនិញ​ពី​ចិន​មក​កម្ពុជា មាន​ទឹក​ប្រាក់​ ៦២៧០,២៨ ​លាន​ដុល្លារ កើន​ឡើង ២០,៤ ភាគរយ​៕