ភ្នំពេញៈ កម្ពុជាបាននាំចេញម្រេចជិត ៧ ពាន់តោនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២២ ធ្លាក់ចុះជាង ២/៣ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈអ្នកនៅក្នុងផលិតកម្មម្រេចអះអាងថា ការធ្លាក់ចុះនេះមិនមែនជាក្តីគួរឱ្យបារម្ភទេ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ចាប់ពីខែមករា-កក្កដា ឆ្នាំ ២០២២ កម្ពុជានាំចេញម្រេចចំនួន ៦ ៩៩០,៧ តោន ធ្លាក់ចុះ ៦៩,០៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាម ចំនួន ៦ ២៩៨,៨៩ តោន, អាល្លឺម៉ង់ ៦០៨,៤៤ តោន, ចិនតៃប៊ិ ២១ តោន, បារាំង ១៥,០៨ តោន, ម៉ាឡេស៊ី ១៣,៦៤ តោន, បែលហ្ស៊ិក ១៣,២៤ តោន, សាធារណរដ្ឋឆែក ៨,១៨តោន, ជប៉ុន ២,៩៤ តោន, ស៊ុយអែត ២,៧៨ តោន, និងកាណាដា ១,២៨ តោន។ ចំណែកប្រទេសផ្សេងៗទៀតដែលទិញម្រេចពីកម្ពុជាក្នុងបរិមាណទាបជាង ១ តោន រួមមាន អាមេរិក, ឥណ្ឌា, អង់គ្លេស, កូរ៉េ, លីទុយអានី, ស្វ៊ីស, កាហ្សាក់ស្ថាន និងអូស្ត្រាលី។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា លោក ម៉ាក នី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែសីហាថា បរិមាណម្រេចនាំចេញធ្លាក់ចុះ គឺអាចមកពីកត្តាមួយចំនួនដូចជា តម្រូវការម្រេចលើទីផ្សារអន្តរជាតិធ្លាក់ចុះ ការបន្តអូសបន្លាយពេលនៃរីករាលដាលជំងឺកូវីដ ១៩ សង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងភាពមិនទាន់ច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា៖ «ការនាំចេញម្រេចទៅទីផ្សារអន្តរជាតិធ្លាក់ចុះ គឺអាចមកពីកសិករមិនទាន់បញ្ចេញលក់ឱ្យឈ្មួញ ព្រោះតម្លៃម្រេចធ្លាក់ចុះប្រមាណ ១០ ភាគរយ បើធៀបនឹងឆ្នាំមុន។ ម្យ៉ាងទៀត ដោយសារឆ្នាំ នេះមានភ្លៀងធ្លាក់ច្រើន ដូច្នេះមិនទាន់មានកម្តៅថ្ងៃគ្រប់គ្រាន់សម្រាប់ហាលគ្រាប់ម្រេច»។
លោកបន្តថា ដោយសារកម្ពុជាមិនមានឃ្លាំងស្តុក និងកន្លែងសម្ងួតគ្រប់គ្រាន់ ហើយការដឹកជញ្ជូនទៅទីផ្សារឆ្ងាយៗមានតម្លៃខ្ពស់ ដូច្នេះវៀតណាម គឺជាប្រទេសដែលទទួលទិញម្រេចពីកម្ពុជាច្រើនជាងគេ។ លោកនិយាយថា៖ «បច្ចុប្បន្នក្រៅពីទីផ្សារមានស្រាប់ ក្រុមការងាររបស់សហព័ន្ធក៏កំពុងព្យាយាមនាំចេញទៅប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ»។
យោងតាមលោក ម៉ាក នី បច្ចុប្បន្នតម្លៃម្រេចស្ងួត (ម្រេចខ្មៅធម្មតា) ដែលក្រុមឈ្មួញប្រមូលទិញពីកសិករអាចមានតម្លៃពី ១២ ០០០ - ១៣ ០០០ រៀល ក្នុង ១ គីឡូក្រាម ខណៈកាលពីឆ្នាំមុនមានតម្លៃចន្លោះពី ១៤ ០០០ - ១៥ ០០០ រៀល។
ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បាននិយាយថា សម្រាប់ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ការប្រមូលផលទើបតែចប់នាពេលថ្មីៗនេះប៉ុណ្ណោះ (ដើមខែសីហា) ដូចនេះការនាំចេញ គឺយឺតជាងឆ្នាំមុន ដោយកសិករត្រូវការពេលហាលឱ្យស្ងួត។ សម្រាប់បរិមាណនាំចេញក្នុងឆ្នាំនេះ នឹងមិនខុសពីឆ្នាំមុនឡើយ ព្រោះម្រេចកំពត ជាផលិតផល GI ដែលទទួលបានការបញ្ជាទិញភាគច្រើនរួចទៅហើយ។
លោកថ្លែងថា៖ «សម្រាប់ម្រេចកំពត ការនាំចេញក្នុងឆ្នាំនេះមានការយឺតជាងឆ្នាំមុនខ្លះ ដោយសារកត្តាអាកាសធាតុ។ ការនាំចេញនឹងអាចមានសម្ទុះឡើងវិញក្នុងពេលឆាប់ៗ»។
ដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ដូច្នេះបរិមាណ និងគុណភាពម្រេច អាចធ្លាក់ចុះខ្លះបើធៀបនឹងឆ្នាំមុន។ បច្ចុប្បន្នផ្ទៃដីដាំម្រេចកំពត មានជាង ២១០ ហិកតា និងអាចប្រមូលផលបានប្រហែល ១២០ តោន ក្នុង ១ ឆ្នាំ។ នេះបើតាមលោក ងួន ឡាយ។
សម្រាប់តម្លៃម្រេចកំពតឆ្នាំ ២០២២ នេះគឺដូចនឹងឆ្នាំមុនដដែល ដោយម្រេចខ្មៅ មានតម្លៃ ១៥ ដុល្លារ ក្នុង ១ គីឡូក្រាម, ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញម្រេចចំនួន ២៨ ០៧៤,៧៩ តោន កើនឡើង ៤៥២,៧២ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
យោងតាមលោក ម៉ាក នី នៅកម្ពុជាមានផ្ទៃដីចម្ការម្រេចប្រហែល ៦ ០០០ ហិកតា (នៅខេត្តចំនួន ១៨) ដែលក្នុងនោះចម្ការម្រេចមានច្រើននៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕