
លោក Khomgrich Tantravanich អគ្គលេខាធិការនៃគណៈកម្មាធិការនិយតកម្មថាមពលរបស់ប្រទេសថៃ។ រូបថត The Nation
ភ្នំពេញៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយភាគីថៃលើបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាដែលមានផ្ទៃក្រឡាទំហំជាង ២៦ ០០០ គីឡូម៉ែត្រការ៉េ ដើម្បីរួមគ្នាអភិវឌ្ឍតំបន់សំដៅទាញយកប្រយោជន៍សម្រាប់ប្រទេសទាំង ២ ក្នុងការដោះស្រាយវិបត្តិថាមពលនាពេលអនាគត។
លោក Khomgrich Tantravanich អគ្គលេខាធិការនៃគណៈកម្មាធិការនិយតកម្មថាមពល (ERC) របស់ប្រទេសថៃ បាននិយាយថា អ្នកបង្កើតគោលនយោបាយនៃប្រទេសទាំង ២ (កម្ពុជា-ថៃ) គួរតែបញ្ចប់ភាពស្ងៀមស្ងាត់ និងកំណត់ទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍរួមគ្នានៅលើតំបន់ប្រេងត្រួតស៊ីគ្នា (OCA)។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ២២ ខែសីហា។
លោក Khomgrich បានបន្ថែមថា ប្រទេសថៃ ត្រូវការធានានូវការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតសម្រាប់ការផលិតអគ្គិសនី បន្ទាប់ពីការថយចុះនៃបរិមាណឧស្ម័ននៅក្នុងឈូងសមុទ្រថៃ បាននាំឱ្យមានការកើនឡើងការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃ។
លោកបញ្ជាក់ថា៖ «យើងជឿថា OCA នឹងជួយប្រទេសថៃក្នុងការធានាសុវត្ថិភាពលើការផ្គត់ផ្គង់ឧស្ម័ន និងរក្សាតម្លៃថាមពលទាបក្នុងរយៈពេលវែង»។
ជុំវិញការចរចាលើតំបន់ប្រេងត្រួតស៊ីគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល កាលពីដើមខែសីហាកន្លងមក លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការចរចាលើបញ្ហា OCA នេះមានភាពស្មុគស្មាញខ្លាំង ដោយសារតែមានពាក់ព័ន្ធមិនត្រឹមតែបញ្ហាប្រេងប៉ុណ្ណោះទេ ប៉ុន្តែមានធនធានធម្មជាតិផ្សេងៗទៀតនៅក្នុងនោះដែរ ហើយបញ្ហានេះ មានចរិតជានយោបាយផង និងជាសេដ្ឋកិច្ចផង។
លោកបន្ថែមថា កម្ពុជាបានព្យាយាមជជែកជាមួយថៃដើម្បីបំបែករឿងនេះ ជា ២ ដោយទុករឿងព្រំដែន ១ ផ្នែក ហើយនាំគ្នាយកធនធានធម្មជាតិទាំងអស់នេះមកអភិវឌ្ឍរួមគ្នាសិន ដោយយកគំរូទៅតាមប្រទេសផ្សេងៗ ដែលមានបញ្ហាទំនាស់ព្រំដែនសមុទ្រដូចគ្នា។
លោកអះអាងថា៖ «ថៃមានបញ្ហាជាមួយនឹងម៉ាឡេស៊ីដូចគ្នា ហើយបានអនុវត្តដោយជោគជ័យ។ យើងខិតខំរួមគ្នាដើម្បីយកធនធានធម្មជាតិមកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំង ២ លើគោលការណ៍សមធម៌ និងគោរពតាមគោលការណ៍អន្តរជាតិ»។
លោកបន្ថែមទៀតថា ទោះបីប្រមុខថ្នាក់ដឹកនាំប្រទេសទាំង ២ ចង់ឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័ស ប៉ុន្តែវឌ្ឍនភាពនៃការចរចានេះនៅមានភាពយឺតយ៉ាវ។
ទាក់ទងនឹងបញ្ហានេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបាននិយាយថា កម្ពុជាបានត្រៀមខ្លួនរួចស្រេចហើយក្នុងការចរចាជាមួយភាគីថៃ សំដៅធ្វើយ៉ាងណាទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនពីកិច្ចចរចានេះ៕
វីដេអូ៖