ភ្នំពេញៈ ក្រុមហ៊ុន​សម្ព័ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀតណាមកំពុង​ជំរុញ​ការ​ផលិត​ជ័រ​កៅស៊ូ​នៅ​កម្ពុជាឱ្យ​កើន​ដល់ ១៤​ ម៉ឺន​តោន ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុងការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា ជា​ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​របស់​កៅស៊ូ​វៀតណាម។

នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​ និង​នេសាទកាល​ពី​ថ្ងៃទី​ ២៣ ខែ ​សីហា ឆ្នាំ ​២០២២ លោក Le Thanh Hung អគ្គ​នាយក​ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្ម​កៅស៊ូ​វៀតណាម (Vietnam Rubber Group) បាន​ឱ្យ​ដឹង​ថាក្រុម​ហ៊ុន​បាន​បោះ​ទុន​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កៅស៊ូ និង​បាន​សាង​សង់​រោងចក្រ​ផលិត​ជ័រ​កៅស៊ូ​នៅ​កម្ពុជា ដោយ​បាន​ពង្រីក​ការ​ដាំដុះ និង​បាន​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​ខ្នាត​ធំ​នៅ​ក្នុង​ខេត្ត​ចំនួន ៧ ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ថាជាក់​ស្តែង​កាល​ពី​ឆ្នាំ ​២០២១ ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូវីដ ១៩ រោងចក្រ​របស់​សម្ព័ន្ធ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជាបាន​សម្រេច​ការ​ផលិត​ជ័រកៅស៊ូ​បាន​ចំនួន ១០៩ ៥២៦ ​តោន​ហើយ​នៅ​ត្រឹម​បំណាច់​ឆ្នាំ ​២០២២ ក្រុមហ៊ុន​សង្ឃឹម​ថាការ​ផលិត​ជ័រកៅស៊ូ​នៅ​កម្ពុជានឹង​មាន​កំណើន​ដល់ ១៤០ ០០០ ​តោន។

លោក​បាន​បញ្ជាក់​ថា៖ «​យើង​ពិតជា​អរគុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​កសិកម្ម​កម្ពុជាដែល​បាន​ផ្តល់​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​កសិ​ឧស្សាហ​កម្ម​របស់​វៀតណាមនៅ​កម្ពុជា»។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រុមហ៊ុន​សម្ព័ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀតណាមដោយ​សារ​តែ​ការ​ផលិត​កៅស៊ូ​ធម្មជាតិ​នៅ​វៀតណាម​ទាប​ជាង​បរិមាណ​នាំ​ចេញទើប​ជំរុញ​ឱ្យ​ក្រុមហ៊ុន​កៅស៊ូ​របស់​វៀតណាមវិនិយោគ​លើ​ការ​ដាំ​ដើម​កៅស៊ូនៅ​តាម​ប្រទេស​ជិត​ខាងដូច​ជា​កម្ពុជានិង​ឡាវ ដើម្បី​ប្រមូល​ផល និង​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​សម្រាប់​កែច្នៃ​បឋម​មុន​ពេល​នាំ​ចេញ​ទៅ​ប្រទេស​នានាជា​ពិសេស​ប្រទេស​ចិន។

លោក វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទបាន​ថ្លែង​ថា ការ​វិនិយោគ​ដំណាំ​កៅស៊ូ​របស់​សម្ព័ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀតណាមបាន​និង​កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​កម្ពុជា ដោយ​បាន​រួម​ចំណែក​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា និង​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​នៅ​តំបន់​ជនបទ​ចំនួន ២០ ០០០ នាក់​នៅ​ក្នុង​ឆ្នាំ ​២០២២ នេះពិ​សេល​តាម​បណ្តា​តំបន់​ដែល​ក្រុមហ៊ុន​កំពុង​វិនិយោគ។

លោក​បាន​បន្ថែម​ថា ដំណាំ​កៅស៊ូ​បាន​ចូល​រួម​ចំណែក​បង្កើន​គម្រប​ដី​បៃតង​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជាហើយ​ថែម​ទាំង​បាន​ចូល​រួម​ចំណែក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ជនបទ​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «​កម្ពុជាសង្ឃឹម​ថា​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាមនឹង​បន្ត​ខិតខំ​សហការ​ការងារ​លើ​ការ​គ្រប់​គ្រង​ដំណាំ​កៅស៊ូ និង​ខ្សែ​ច្រវាក់​ផលិត​កម្មឱ្យ​កាន់​តែ​បាន​ល្អ​ថែម​ទៀត​ជាមួយ​អគ្គ​នាយក​ដ្ឋាន​កៅស៊ូ​កម្ពុជានា​ពេលខា​ងមុខ»។

យោង​តាម​របាយការណ៍​ពី​អគ្គ​នាយក​ដ្ឋាន​កៅស៊ូបាន​បង្ហាញថា​ចំណូល​ពី​ការ​នាំ​ចេញ​ផលិត​ផល​ជ័រ​កៅស៊ូ និង​ឈើ​កៅស៊ូចំណូល​ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ​សរុបចាប់​ពី​ខែមករារហូត​មក​ដល់​ខែ​កក្កដាមាន​ចំនួន ២៥៤ ៨៣៨ ៤៧៦ ​ដុល្លារ ខណៈ​ដែល​ចំណូល​ពី​ការ​នាំ​ចេញ​ឈើ​កៅស៊ូ​សរុប​រហូត​មក​ដល់​ខែកក្កដាមាន​ចំនួន ២ ៦១១ ១១៨​ ដុល្លារ៕