
ភ្ញៀវទេសចរដើរទស្សនាប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានអនុម័តសំណើចំនួន ៤៣ ក្នុងទំហំទឹកប្រាក់ ៦ ៣៤៩ ០០០ ដុល្លារ ក្នុងគម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ (TRCS) គិតត្រឹមថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញគម្រោង TRCS នេះតាំងពីពាក់កណ្តាលខែឧសភាមក។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា អេស៊ីលីដា បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលចាប់តាំងពីមានការពិភាក្សាពីការបង្កើតមូលនិធិនេះ រហូតដល់អេស៊ីលីដា បានចូលរួមនៅក្នុងមូលនិធិនេះថែមទៀត និងមានការតាំងចិត្តខ្ពស់ដើម្បីគាំទ្រគម្រោងនេះបន្តទៀត។ ក្នុងគម្រោងនេះ អេស៊ីលីដា បានផ្តល់កម្ចីផ្តោតតែលើអាជីវកម្មខ្នាតតូចៗប៉ុណ្ណោះ។
លោកថ្លែងថា៖ «ជាទូទៅផ្នែកទេសចរណ៍ ធ្វើលើភោជនីយដ្ឋានតូចៗ និងផ្ទះសំណាក់ មិនមែនខ្នាតសណ្ឋាគារធំៗឡើយ ព្រោះពីដើមមកអេស៊ីលីដា ធ្វើតែប៉ុណ្ណឹង ដែលមធ្យមភាគនៃកម្ចីរបស់យើងប្រហែល ១៣ ០០០ ដុល្លារ ដូច្នេះយើងគិតថា ទំហំប្រាក់កម្ចីនេះ ជាកន្លែងលក់ម្ហូបអាហារតូចៗ មិនជាខ្នាតធំទេ ហើយផ្ទះសំណាក់ ក៏ដូចគ្នាដែលពួកគាត់បម្រើទេសចរណ៍ក្នុងស្រុកមិនសូវមានរងផលប៉ះពាល់ខ្លាំងឡើយ»។
លោកបន្ថែមថា អេស៊ីលីដា ប្តេជ្ញាបន្តគាំទ្រ និងផ្តល់ប្រាក់កម្ចីលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការស្តារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ដោយសារកូវីដ ១៩ កន្លងមក។
កាលពីថ្ងៃទី ១៦ ខែឧសភា រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តគម្រោង TRCS ក្នុងទំហំទឹកប្រាក់ ១៥០ លានដុល្លារ តាមរយៈធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុ។ នៅក្នុងនោះថវិកាបដិភាគរបស់រដ្ឋាភិបាល ៧៥លានដុល្លារ តាមរយៈធនាគារ SME និងថវិការបស់ធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុចំនួន ៧៥ លានដុល្លារ។ លក្ខណពិសេសរបស់គម្រោងនេះ មានដូចជា អត្រាការប្រាក់អតិបរមា ៦,៥ ភាគរយ នៅក្នុង ១ ឆ្នាំ, ការសងត្រលប់ឥណទានសម្រាប់រយៈពេលអនុគ្រោះ ១២ ខែ, រយៈពេលឥណទានកំណត់ដល់ ៧ ឆ្នាំ, ទំហំទឹកប្រាក់កម្ចីបានដល់ ៤០ ម៉ឺនដុល្លារ, ផ្តោតលើអាជីវកម្មផ្សេងៗទាក់ទងនឹងវិស័យទេសចរណ៍, និងរូបិយប័ណ្ណ អាចខ្ចីជាលុយរៀល ឬដុល្លារ។ អាជីវកម្មគោលដៅ មាន ៤ គឺសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដទៃទៀត ដែលគាំទ្រវិស័យទេសចរណ៍។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងពិធីប្រកាស ដាក់ឱ្យប្រើប្រាស់គម្រោង TRCS ថា គម្រោងនេះ គឺជាផ្នែកមួយនៃការគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ដែលរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្ត កាលពីខែធ្នូ ឆ្នាំ ២០២១។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ចំនួនអាជីវកម្មទេសចរណ៍ដែលបានបើកឡើងវិញនៅមានសម្ទុះយឺត ដោយគិតត្រឹមថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ មានទីតាំងអាជីវកម្មទេសចរណ៍ ១ ៤២៨ ទីតាំងកំពុងបន្តបិទ ឬព្យួរនៅឡើយ ខណៈអ្នកបម្រើការផ្ទាល់ក្នុងវិស័យនេះជាង ២ ម៉ឺននាក់ នៅទទួលរងផលប៉ះពាល់។
លោកអះអាងថា អាជីវកម្មទេសចរណ៍ជិត ៩៧ ភាគរយ មានបញ្ហាលំហូរសាច់ប្រាក់ និងកង្វះខាតហិរញ្ញប្បទានសម្រាប់ជួសជុល និងដំណើរការអាជីវកម្មឡើងវិញ។
SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុ ជាដៃគូចំនួន ១៩ រួមទាំងធនាគារ អេស៊ីលីដា បានប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទានក្រោមគម្រោង TRCS ចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២២ រហូតមក៕