ភ្នំពេញ៖ កម្ពុជាបានកំណត់​វិស័យ​អាទិភាពសំខាន់ៗមួយចំនួនដើម្បី​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​លើក​ទី៣ គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី ​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែតុលាខាងមុខនេះ ក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីឱ្យ​កាន់តែ​ស៊ីជម្រៅ ​និង​ទាញ​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមា។

ក្រសួងពាណិជ្ជកម្មបាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​ ២៤ ខែសីហា ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​របៀបវារៈ និង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣ គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅអំឡុង​ខែតុលា ឆ្នាំ ២០២២ នៅ​កម្ពុជា។ កិច្ចប្រជុំ​នេះ ក៏មានថ្នាក់ដឹកនាំមន្ត្រី​ជំនាញ​នៃ​ក្រសួងពាណិជ្ជកម្ម និង​អន្តរក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៣ ស្ថាប័នផងដែរ។

លោកស្រី តឹក​ រ៉េតកំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានស្នើ​ដល់​តំណាង​អន្តរក្រសួង​ទាំង​ ១៣ ស្ថាប័ន ចូលរួម​ពិភាក្សា​និង​ផ្តល់​ធាតុ​ចូល​ឱ្យបាន​ផុសផុល​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួម ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣ គណៈ​កម្មការ​​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​ នាពេលខាងមុខឱ្យទទួល​ជោគជ័យនិង​លទ្ធផល​ផ្លែផ្កា។

កិច្ចប្រជុំបាន​ចេញសេចក្តីព្រាង​កំណត់ហេតុ​រួម ដែល​ក្នុងនោះ​បង្ហាញ​ពី​វិស័យ​អាទិភាព​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-តួ​ក​គី​​ ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​ទាញ​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមារួមមាន​ជាអាទិ៍៖ ពាណិជ្ជកម្មវិនិយោគធុរកិច្ចឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា ​និង​នវានុវត្តន៍ហា​ឡា​លសហគ្រាស​ធុន​តូច​ និង​មធ្យមកសិកម្មដឹកជញ្ជូនអាកាសចរ​ស៊ីវិលសុខាភិបាលអប់រំទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​ដទៃទៀត។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាបានឱ្យដឹង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជាជាមួយ​តួក​គី​នៅមាន​តូច​នៅឡើយហើយ​ដោយសារតែ​ប្រទេស​ទាំង ២ ​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​មួយចំនួនទៀតទើប​ចាំបាច់​ណាស់ដែល​ត្រូវតែមាន​ការប្រជុំ​ពិភាក្សា ដើម្បី​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង។

លោក​បាន​បន្ថែមថា វិនិយោគិន​នៃ​ប្រទេស​តួក​គីមាន​សក្តានុពល​ខ្លាំងដែល​អាចឱ្យ​កម្ពុជា​សហការ​ជាមួយ ដើម្បី​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា​បានបន្ទាប់ពី​សភាពាណិជ្ជកម្ម​កម្ពុជាបាន​ជួប និង​ស្នើ​អ្នក​ធុរកិច្ច​នៅក្នុង​ប្រទេស​តួ​កគី​​នេះកាលពីខែកុម្ភៈ​ កន្លងទៅ ឱ្យ​ទស្សនកិច្ច​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា។

លោក លឹម ហេង បាន​បញ្ជាក់ថា៖ «កម្ពុជាមាន​ទីផ្សារ​ទូលំទូលាយដោយ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សេរី​ទ្វេភាគី​ជាមួយចិន និង​កូរ៉េកិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ការនាំ​ផលិតផល​កម្ពុជា​ដោយ​មិន​ជាប់ពន្ធ​ទៅកាន់​អង់​គ្លសនិងទៅកាន់​សហគមន៍​អឺរ៉ុប (EBA) និងការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP)»។

លោក​បាន​បន្តថា កិច្ចប្រជុំ​លើក​ទី៣គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​នា​ខែតុលាខាងមុខនេះ គឺ​ការបើក​ច្រក​បន្ថែមទៀត​រវាង​ប្រទេស​ទាំង ២ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ធំ​ទូលាយដោយសារតែ​តួ​ក គី​ជា​មជ្ឈមណ្ឌល​ធុរកិច្ច​មួយ​ដែលមាន​ភាព​ទាក់​ទាញសម្រាប់​កម្ពុជាក្នុងការ​នាំចេញ​ទំនិញ​ផងដែរ។​

ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ក្នុង​រយៈពេល ៥ ឆ្នាំ (២០១៧-២០២១) ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-តួ​ក​គី​ សម្រេចបាន ៤៦២,៦៣ លាន​ដុល្លារ។ ហើយ​ទោះបីជា​ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្ដីក៏​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន​ប្រមាណ ៩០,៦៣ លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០២១ ដែល​កើនឡើង ២,០៦% ធៀប​នឹង​ឆ្នាំ ២០២០។

ក្នុងនោះកម្ពុជា​នាំចេញ​មុខទំនិញ​ទៅ​តួ​ក​គី​ដូចជាសម្លៀកបំពាក់វាយនភ័ណ្ឌស្បែកជើង សម្ភារ​ធ្វើដំណើរ អង្ករ ឆត្រ ខណៈដែល​កម្ពុជា​នាំចូល​ទំនិញ​ពី​តួ​ក​គី​​វិញ រួមមានម៉ាស៊ីនផលិតផល​ឱសថកញ្ចក់ដែកផលិតផល​ប្លា​ស្ទិ​ក និង​ទំនិញ​ដទៃទៀត៕