
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនមូលបត្រ CSX ថ្លែងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញៈ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០ លានដុល្លារលើកដំបូងជាផ្លូវការ ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ដ៏ខ្លីខាងមុខដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគតាមស្ថាប័ន ដូចជា មូលនិធិសន្តិសុខសង្គមជាតិ មូលនិធិសោធននិវត្តន៍ ក្រុមហ៊ុនធានារ៉ាប់រង និងធនាគារ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអាណត្តិគាហក នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងក្នុងទំហំ ១ ២១៩ ៥០០ លានរៀល (មួយទ្រីលាន ពីររយដប់ប្រាំបួន ប្រាំរយលានរៀល) សមមូលនឹងប្រមាណ ៣០០ លានដុល្លារ ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ តទៅ»។
មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុង ១ បណ្ណមានតម្លៃ ១ លានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ ខែម្តង។ មូលបត្រនេះមាន ៣ ប្រភេទ គឺប្រភេទប្រតិទាន ១ ឆ្នាំ ដោយបោះផ្សាយចំនួន ២ ដង និងមានគម្លាតបោះផ្សាយ ៤ សប្តាហ៍ម្តង ប្រភេទប្រតិទាន ៣ ឆ្នាំ ដោយបោះផ្សាយចំនួន ៤ ដង និងមានគម្លាតបោះផ្សាយ ៤ សប្តាហ៍ម្តង និងប្រភេទប្រតិទាន ៥ ឆ្នាំ ដោយបោះផ្សាយចំនួន ២ ដង និងមានគម្លាតបោះផ្សាយ ៤ សប្តាហ៍ម្តង។
សេចក្តីប្រកាសព័ត៌មានបន្តថា វិនិយោគិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្ត ដូចជា ទី១ ការលើកទឹកចិត្តពន្ធដារ៖ កាត់បន្ថយពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់បានពី ការកាន់កាប់ និង/ ឬ ការទិញលក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋ សម្រាប់រយៈពេល ៣ ឆ្នាំ។
ទី២ ការលើកទឹកចិត្តក្នុងវិស័យធនាគារ ៖ ទទួលស្គាល់ការថ្លឹងហានិភ័យ ០ (សូន្យ ភាគរយ ចំពោះមូលបត្ររដ្ឋដែលចារិកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារិកជារូបិយវត្ថុជាតិឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌ សន្ទនីយភាព។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនមូលបត្រ CSX បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលដែលរៀបចំដំណើរការទីផ្សារដំបូង ធ្លាប់មានគម្រោងចាប់ផ្តើមជាមួយនឹងទីផ្សារមូលបត្របំណុលរដ្ឋ ដោយសារតែវាងាយក្នុងការបោះផ្សាយ និងមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនធំ។ ប៉ុន្តែដោយសារក្របខ័ណ្ឌបទប្បញ្ញតិ្តផ្សេងៗដែលធ្វើឱ្យរដ្ឋាភិបាលមិនទាន់អាចបោះផ្សាយមូលបត្របាន ទើបងាកមកចាប់ផ្តើមជាមួយនឹងភាគហ៊ុនវិញ។
លោកបានបន្ថែមថា មូលបត្ររដ្ឋនេះ នៅតែមានតម្រូវការពីវិនិយោគិនធំទាំងក្នុងនិងក្រៅប្រទេស ក្នុងការស្វែងរកឱកាសវិនិយោគ ដូចជា ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ មូលនិធិសន្តិសុខសង្គមជាតិ និងធនាគារជាដើម ដោយស្ថាប័នទាំងនេះ ត្រូវការវិនិយោគលើប្រភេទមូលបត្រណា ដែលមានសុវត្ថិភាពខ្ពស់ និងទទួលបានអត្រាការប្រាក់សមរម្យ។
លោកថា៖ «ការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនៅខែក្រោយនេះ (ខែកញ្ញា) យើងរំពឹងថា នឹងអាចទាក់ទាញវិនិយោគិនដែលខ្វះខាតនៅលើទីផ្សារយើងកន្លងមកគឺវិនិយោគិនជាស្ថាប័នទាំងក្នុង និងក្រៅស្រុក»។
ក្នុងសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែឧសភាកន្លងមក លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការបោះផ្សាយមូលបត្ររដ្ឋនេះ នឹងអាចធ្វើឱ្យរដ្ឋប្រមូលមូលនិធិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកថា៖ «មូលបត្របំណុលរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងមានប្រជាប្រិយភាពនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) និងផ្តល់នូវទិន្នន័យគោលសម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និងការវិភាគហិរញ្ញវត្ថុ ដូចដែលបានអនុវត្តនៅក្នុងប្រទេសដែលមានវិស័យមូលបត្រដែលកំពុងរីកចម្រើន»៕