
ទិដ្ឋភាពក្រុងព្រះសីហនុ មើលពីសមុទ្រ កាលពីឆ្នាំ ២០២០។ ហុង មិនា
ព្រះសីហនុៈ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុដើម្បីរៀបចំព្រឹត្តិការណ៍ធំៗមួយចំនួនទាក់ទងនឹងទេសចរណ៍ដែលនឹងត្រូវរៀបចំនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ ខាងមុខនេះក្នុងគោលដៅជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូងក្នុងតំបន់ឆ្នេរសមុទ្រ។
ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុក្នុងអំឡុងខែធ្នូឆ្នាំ ២០២២ នាពេលខាងមុខអមជាមួយនឹងពិធីបុណ្យសមុទ្រនិងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី ៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣ ដែលព្រឹត្តិការណ៍សំខាន់ៗទាំងនេះនឹងរៀបចំឡើងនៅខេត្តព្រះសីហនុ។
លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ថា ការជ្រើសរើសយកខេត្តព្រះសីហនុដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗបែបនេះដោយសារតែខេត្តនេះជាគោលដៅទេសចរណ៍ដែលមានទីក្រុងជាប់មាត់សមុទ្រដោយត្រូវបានប្រសិទ្ធនាមថា តារារះនាទិសនិរតី។
លោកបានបន្ថែមថា ខេត្តនេះជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់កម្ពុជាដែលរដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនក្នុងខេត្តនេះដើម្បីកែលម្អខេត្តទេសចរណ៍នេះឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសដើម្បីបង្ហាញដល់អន្តរជាតិពីមុខមាត់ថ្មីនៃខេត្តមួយនេះនៅរាល់ពេលមានព្រឹត្តិការណ៍ធំនានា។
លោកបានបញ្ជាក់ទៀតថា៖ «ព្រឹត្តិការណ៍ធំដែលនឹងរៀបចំនាពេលខាងមុខនេះមានផលប្រយោជន៍ណាស់ក្នុងការផ្សព្វផ្សាយទីក្រុងមួយជាពិសេសទីក្រុងទេសចរណ៍ដូចខេត្តព្រះសីហនុ។បើយើងមើលប្រទេសជិតខាងយើងឃើញថា ទីក្រុងទេសចរណ៍របស់គេស្ទើរតែមានការរៀបចំព្រឹត្តិការណ៍ធំរៀងរាល់មួយខែម្តងដើម្បីផ្សព្វផ្សាយពីទេសចរណ៍របស់ប្រទេសគេ»។
លោកធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងថា មានមូលហេតុធំ ៣ ដែលអាចជំរុញឱ្យរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានានៅខេត្តព្រះសីហនុនេះ ដោយសារតែក្រុងព្រះសីហនុជាទីក្រុងអន្តរជាតិ ជាខេត្តពហុបំណង និងមានផ្លូវល្បឿនលឿន។
លោកថា៖ «ការរៀបចំព្រឹតិ្តការណ៍ទាំងនេះក្រៅពីលើកទឹកចិត្តដល់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍ដូចជា សណ្ឋាគារភោជនីយដ្ឋានម្ហូបអាហារជាដើម វាក៏អាចជាការលើកមុខមាត់និងកិត្យានុភាពកម្ពុជា ព្រោះកន្លងមកមានតែសៀមរាបនិងភ្នំពេញទេដែលមានរៀបចំព្រឹតិ្តការណ៍បែបនេះ»។
កាលពីខែមករាឆ្នាំ ២០២២ ខេត្តព្រះសីហនុក៏បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដែរគឺវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ដែលមានស្ថាប័នធំៗជាច្រើនបានចូលរួម រួមមាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន អង្គការទេសចរណ៍ពិភពលោក សមាគមទេសចរណ៍អាស៊ាន សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកសមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) ក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ពិភពលោក (WTTC) វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)៕