
កម្មករ-កម្មការិនីកំពុងធ្វើការក្នុងរោងចក្រ ១ កន្លែង ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ នាពេលកន្លងនៅ។ ហុង មិនា
ភ្នំពេញៈ អាមេរិក គឺជាទីផ្សារធំជាងគេដែលទទួលទិញទំនិញពីកម្ពុជា ដោយក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២២ ការនាំទំនិញពីកម្ពុជាទៅអាមេរិកមានទឹកប្រាក់ជិត ៥,៧ ពាន់លានដុល្លារ ស្មើនឹងជាង ៤១ ភាគរយនៃចំណែកទីផ្សារនាំចេញសរុបរបស់កម្ពុជា។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងចំណោមការនាំចេញទំនិញសរុបរបស់កម្ពុជាចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ ដែលមានទឹកប្រាក់ ១៣ ៧៦៩,៧៣ លានដុល្លារ គឺការនាំចេញទៅអាមេរិក មានទឹកប្រាក់ ៥ ៦៩៥,៨៣ លានដុល្លារ ដែលស្មើនឹង ៤១,៤ ភាគរយនៃការនាំចេញទាំងអស់។ សម្រាប់ចំនួនទឹកប្រាក់នាំចេញពីកម្ពុជាទៅអាមេរិកក្នុងរយៈពេលខាងលើ គឺកើនឡើង ៤៧,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៨៦៧,២៧ លានដុល្លារ។
បើតាមទិន្នន័យខាងលើសម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២គឺមានចំនួន ៥ ៨៩២,៥៣ លានដុល្លារ កើនឡើង ៤៥,២ ភាគរយធៀបរយៈពេល ៧ ខែ ឆ្នាំ ២០២១។ ដោយឡែកបើគិតនៅក្នុងខែកក្កដាឆ្នាំ ២០២២ គឺការនាំចេញរបស់កម្ពុជាទៅអាមេរិកមានទឹកប្រាក់ ១ ០៤៧,៤៩ លានដុល្លារ ស្មើនឹង ៤៣,៨ ភាគរយធៀបនឹងការនាំចេញសរុបរបស់កម្ពុជាមានទឹកប្រាក់ ២ ៣៩០,៦១ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ ខែសីហាថា កត្តាជំរុញឱ្យការនាំទំនិញពីកម្ពុជាទៅអាមេរិកមានសម្ទុះឡើងខ្ពស់ក្នុងអំឡុងពេលនេះ (កូវីដ ១៩ នៅបន្តមានវត្តមាន) គឺដោយសារតែមានចង្វាក់ផលិតកម្មនៅប្រទេសមួយចំនួនមិនទាន់អាចដំណើរការបានពេញលេញ ដែលធ្វើឱ្យការបញ្ជាទិញត្រូវប្តូរទិសមកកម្ពុជា ខណៈទំនិញកម្ពុជាមួយចំនួនក៏ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកផងដែរ។ លោកបន្ថែមថា ក្រៅពីនេះកម្ពុជាក៏ទទួលបានភាពចំណេញពីបញ្ហាជម្លោះពាណិជ្ជកម្មអាមេរិក-ចិន និងពីបញ្ហាវិបត្តិនយោបាយរបស់ប្រទេសមួយចំនួនដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ទំនិញឱ្យទីផ្សារអាមេរិក។
លោកប្រាប់ទៀតថា បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ ការនាំចេញផលិតផលមួយចំនួនទៀតដូចជា កង់ គ្រឿងបរិក្ខារអគ្គិសនី ផលិតផលកសិកម្ម និងបន្ទះសូឡា ជាដើម។
លោកបញ្ជាក់ថា៖ «តាមរយៈការនាំចេញផលិតផលចម្រុះកាន់តែច្រើនមុខបែបនេះ ខ្ញុំគិតថា ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកនឹងមានចំនួនកាន់តែច្រើននៅពេលអនាគត»។
ខណៈថ្មីៗនេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GM-AC) បានសម្តែងការព្រួយបារម្ភពីការធ្លាក់ចុះការបញ្ជាទិញពីក្រៅប្រទេស (អាមេរិក គឺជាទីផ្សារធំជាងគេ) លោក លឹម ហេង បានអះអាងថា ផលប៉ះពាល់នៃការនាំចេញក្នុងវិស័យកាត់ដេរនឹងអាចកើតមានដូចការលើកឡើងរបស់ GMAC ប៉ុន្តែវាមិនមែនជាបញ្ហាធំសម្រាប់កម្ពុជាឡើយ ព្រោះការបញ្ជាទិញផលិតផលផ្សេងទៀត ពិសេសបន្ទះសូឡាពីកម្ពុជាទៅអាមេរិកនឹងមានកំណើនខ្ពស់។
លោកថ្លែងថា៖ «គម្រោងវិនិយោគថ្មីៗដែលទើបចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺមានអនុវិស័យទ្រទ្រង់ដែលមិនមែនវិស័យកាត់ដេរកាន់តែច្រើន រួមទាំងឧស្សាហកម្មដំឡើងរថយន្ត ការកែច្នៃផលិតផលកសិកម្ម ធនធានរ៉ែ ជាដើម។ នេះជាក្តីសង្ឃឹមថ្មីទៀតសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា»។
អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ប្រទេសកម្ពុជាកំពុងក្តាប់បានឱកាសកាន់តែច្រើនក្នុងការនាំចេញទំនិញរបស់ខ្លួនទៅទីផ្សារអន្តរជាតិ ពិសេសប្រទេសអាមេរិកដែលជាទីផ្សារមានកម្រិតចំណាយខ្ពស់។ ក្រៅពីការនាំចេញដ៏ច្រើនលើសលប់នៃផលិតផលកាត់ដេរ ការនាំចេញផលិតផលបន្ទះសូឡា ក៏នឹងមានចំនួនច្រើនដែរ ខណៈថ្មីៗនេះអាមេរិកបានអនុញ្ញាតឱ្យប្រទេសចំនួន ៤ រួមទាំងកម្ពុជា រួចពន្ធសម្រាប់ការនាំចូលបន្ទះសូឡា។ ភាពវិជ្ជមាននៃការនាំចេញទីផ្សារទៅអាមេរិកក៏ដោយសារប្រទេសទាំង ២ មានទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយគ្នាល្អផងដែរ។
លោកសង្កត់ធ្ងន់ថា៖ «ទឹកប្រាក់ជាង ៤០ ភាគរយនៃការនាំទំនិញពីកម្ពុជាទៅអាមេរិកបញ្ជាក់ថា ផលិតផលខ្មែរមានការពេញនិយម និងស្តង់ដាគ្រប់គ្រាន់សម្រាប់ទីផ្សារអាមេរិក»។
ទោះយ៉ាងណា ក្នុងនាមជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក វណ្ណៈ បានបញ្ជាក់ថា៖ «កម្ពុជាត្រូវខិតខំទាក់ទាញការវិនិយោគលើវិស័យចម្រុះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចៀសវាងការពឹងតែទៅលើការនាំចេញផលិតផលសំខាន់តែប៉ុន្មានមុខដូចក្នុងពេលនេះ»។
កម្ពុជារំពឹងអាចទាក់ទាញវិនិយោគិនបរទេសពីក្នុងតំបន់ និងពិភពលោក ជាពិសេសមកពីអាមេរិកឱ្យចូលមកបណ្តាក់ទុនលើការផលិតបន្ទះសូឡា ដើម្បីនាំទៅកាន់ទីផ្សារអាមេរិក ក្រោយពេលប្រធានាធិបតីនៃប្រទេសនេះបានប្រកាសលើកលែងពន្ធគយអនុវត្តចំពោះបន្ទះសូឡាដែលនាំចូលពីប្រទេសចំនួន ៤ រួមមាន កម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ក្នុងរយៈពេល ២ ឆ្នាំ ដើម្បីជួយជំរុញផលិតកម្មនៅអាមេរិក។ ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ ដែលមានតម្លៃ ៧ ៨២៦,៤៩ លានដុល្លារ កើនឡើង ៤០,៤ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ៕