ភ្នំពេញៈ ដើម្បីពង្រឹងការគ្រប់គ្រង ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនទៅលើប្រព័ន្ធធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងនាមអាណាព្យាបាលនៃគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា បានស្នើឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់បន្ថែមទៀត ខណៈបច្ចុប្បន្នមានការផ្សព្វផ្សាយច្រើនទាក់ទងនឹងការផ្ដល់ឥណទានដោយខុសច្បាប់។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ស្តីពី «ការផ្សព្វផ្សាយ និងផ្ដល់ឥណទានដោយខុសច្បាប់» ដែលចុះកាលបរិច្ឆេទ ក្នុងថ្ងៃទី ២៥ ខែសីហា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់ និងផ្លូវការដែលអាចផ្ដល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះក៏ត្រូវបានការពារដោយច្បាប់ផងដែរ។
NBC បានបន្ថែមថា កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិទផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លិខិតរបស់ NBC បានបញ្ជាក់ថា៖ «ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការ និងដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុងប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការ»។
លិខិតបញ្ជាក់ទៀតថា៖ «NBC សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ឥណទានក្រៅផ្លូវការ ខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនឹងនេះ NBC កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់ជាធរមាន»៕
វីដេអូ៖