ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន​ចំនួន៨ដែលជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JBAC) បានមកវិនិយោគ​នៅ​កម្ពុជាគិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២២ នេះ ខណៈដែល​ធនាគារ​អេស៊ីលីដាកំពុង​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត។

ក្នុងជំនួប​ពិភាក្សា​ជាមួយ​អ្នកជំនួញ​ជោគជ័យ​រវាង​ធនាគារ​អេស៊ីលីដា និង​សភាពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JBAC) និង​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ៥០ ក្រុមហ៊ុននៅ​ប្រទេស​កម្ពុជាកាល​ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២២ លោក KANDA Yogo ប្រធានសភា​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជាបាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថាជាទូទៅ​សភាពាណិជ្ជកម្ម​ជប៉ុន​មាន​កិច្ចប្រជុំពេញអង្គ​មួយឆ្នាំ ២ ដងហើយ​នៅក្នុង​ខែកញ្ញា​ខាង​មុខនេះនឹងមាន​កិច្ចប្រជុំ​ម្តងទៀតដោយ​នឹង​ពិភាក្សា​ពី​ស្ថានភាព​នៃ​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា និង​ប្រកាស​ពី​ក្រុមហ៊ុនថ្មីៗដែល​គ្រោង​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត។

លោក​បញ្ជាក់ថា៖ «សម្រាប់​ឆ្នាំ ២០២២ នេះគិត​ត្រឹម​ឆមាស​ទី ១ មាន​ក្រុមហ៊ុន​ចំនួន ៨ ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​ដោយឡែក​សម្រាប់​ឆ្នាំ ២០២៣ យើង​នឹង​រៀបចំ​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​ធុរជន​កម្ពុជា​ល្បីឈ្មោះដើម្បី​ស្វែងរក​ពី​ឱកាស​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា»។

លោក​បន្តថាបច្ចុប្បន្ននេះសមាគមមាន​សមាជិក​ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា និង​បាន​ចុះបញ្ជី​សភាពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជាមាន​ជាង ២៥០ ក្រុមហ៊ុនដោយ​ក្នុងនោះ ២៥ ភាគរយស្ថិតក្នុង​វិស័យ​ផលិតកម្ម និង​កម្មន្តសាល ២៥ ភាគរយស្ថិតក្នុង​វិស័យ​ពាណិជ្ជកម្មនិង​សេវាកម្ម និង ៥០ ភាគរយ​ទៀតស្ថិតក្នុង​វិស័យ​ធនាគារនិង​ធានារ៉ាប់រង និង​វិស័យផ្សេងៗទៀត។

ទោះជា​យ៉ាងណាក៏ដោយលោក KANDA Yogo អះអាងថាចំនួន​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជាអាច​នឹងមាន​ច្រើនជាង​នេះ ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ចុះបញ្ជី​ជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ីបាន​ប្រាប់ឱ្យដឹង​ដែរ​ថាលោក​បានផ្ដល់​ព័ត៌មានដល់​វិនិយោគិន​ជប៉ុនជុំវិញ​ភាព​អំណោយផល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការសាងសង់​អា​យានដ្ឋាន​ថ្មី ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន និង​សក្តានុពល​ក្នុង​វិស័យសំខាន់ៗដើម្បី​ធ្វើ​យ៉ាងណា​ផ្ដល់​ការទាក់ទាញ​ដល់​វិ​យោគិន​ជប៉ុនឱ្យមក​វិនិយោគ​នៅ​កម្ពុជា។

លោក​បាន​បន្ថែមថា ធុរកិច្ច​ជន​ជប៉ុន​ជាង ៥០ ក្រុមហ៊ុនបានមក​ស្វែងយល់​ឱកាស​វិនិយោគ​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជាតាមរយៈ​ធនាគារ​អេស៊ីលីដា ដើម្បី​បង្កើន​ចំនួន​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ខណៈដែល​អេស៊ីលីដាមាន​អតិថិជនដែល​ក្រុមហ៊ុន​ជប៉ុនប្រមាណ​ជាង ៦០០ ក្រុមហ៊ុនដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​សាជីវកម្មធំៗដូចជា​ក្រុមហ៊ុន Minebea ក្រុមហ៊ុន​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លជាដើម។

លោក​បាន​បញ្ជាក់ថា៖ «គោលដៅ​របស់​យើងគឺ​ធ្វើការ​ចែករំលែក​បទពិសោធ​​របស់​យើង​ពាក់ព័ន្ធ​អាជីវកម្ម​របស់​ធនាគា​រ និង​ហិរញ្ញវត្ថុនិង​ទិន្នន័យ​ខ្លះដែល​ទទួលបាន​ពី​ CDC,ក្រសួង​សេដ្ឋកិច្ច​ និង​ធនាគារពិភពលោក ដើម្បី​ប៉ាន់ប្រមាណ​ពី​ការលូតលាស់​សេដ្ឋកិច្ចកម្ពុជា​នា​ឆ្នាំ​បន្តបន្ទាប់​រហូតដល់​ឆ្នាំ ២០២២។ ក្នុងនោះយើង​ឃើញថា​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ខ្លាំង​ពី​ឆ្នាំ ២០២២ នេះ​ដល់​ឆ្នាំ ២០២៧»។

ទោះយ៉ាងណា​ក៏ដោយវិនិយោគ​ជប៉ុន​ក៏មាន​ការព្រួយបារម្ភ​ខ្លះ​ដែរ​ពី​បញ្ហា​អតិផរណា​នាពេល​បច្ចុប្បន្នតែ​លោក​បាន​បញ្ជាក់ថា​តួលេខ​នៃ​អតិផរណា​នៅ​ឆ្នាំនេះមាន​កម្រិត​ទាប​ជាង​ឆ្នាំ ២០០៨ នៅឡើយ​ទេ ខណៈ​រាជរដ្ឋាភិបាល​មាន​វិធានការ​គ្រប់គ្រាន់ក្នុងការ​គ្រប់គ្រង​អតិផរណា​នេះ​បាន។

បើ​តាម​​ទិន្នន័យ​ពី​ធនាគារ​អេស៊ីលីដាដែល​ដកស្រង់​ចេញពី CDC បាន​បង្ហាញថានា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះលំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស (FDI) មក​កម្ពុជា​មានការ​កើនឡើង​យ៉ាងខ្លាំង ​ដោយសារតែស្ថិរភាព​នយោបាយទីផ្សារ​វិនិយោគ​បើកចំហគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ល្អកំណើនសេដ្ឋកិច្ច​ក្នុង​តំបន់។ នៅក្នុង​នោះវិស័យសំខាន់ៗដែល​ទាក់ទាញ​អ្នកវិនិយោគ​ច្រើនជាងគេ​គឺ​វិស័យ​សំណង់អចលនទ្រព្យវិស័យ​កាត់ដេរវិស័យ​មិនមែន​កាត់ដេរនិង​វិស័យ​កសិកម្ម។ នៅក្នុង​រយៈពេលជិត ៣០ ឆ្នាំប្រទេស​កម្ពុជា​បាន​ចុះបញ្ជី​ការវិនិយោគ​សរុបមានតម្លៃ​ប្រមាណ ៤១,០២ ពាន់​លាន​ដុល្លារ។ ដោយ​វិស័យ​ហិរញ្ញវត្ថុរួមចំណែក ២២,៩ ភាគរយ, ផលិតកម្ម ២០,៨ ភាគយ,សំណង់និង​អចលនទ្រព្យ ១៦,១ ភាគរយ,សណ្ឋាគារនិង​ភោជនីយដ្ឋាន ១០,៧ ភាគរយ,កសិកម្ម ១០,៣ ភាគរយ,អគ្គិសនី ៦,១ ភាគរយនិង​វិស័យ​ផ្សេងទៀត ១៣ ភាគរយ៕