
អគារធនាគារជាតិនៃកម្ពុជា ក្នុងខណ្ឌសែនសុខ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ចំនួន ១២១ ដែលបានផ្តល់ប្រាក់កម្ចីបានរៀបចំឥណទានឡើងវិញ ដល់អតិថិជនចំនួន ៣៧០ ០០០ នាក់ ជាមួយនឹងប្រាក់កម្ចីសរុបជាង ១,៧ ពាន់លានដុល្លារ ចាប់ពីដើមឆ្នាំ ២០២០ ដល់ចុងខែសីហា ឆ្នាំ ២០២២។
លោក កាំង តុងងី នាយកផ្នែកទំនាក់ទំនងនៅ CMA បានឱ្យដឹងថា ការរៀបចំឥណទានឡើងវិញនៃប្រាក់កម្ចី បានកាត់បន្ថយសម្ពាធក្នុងការទូទាត់ និងជួយអតិថិជន ឱ្យដំណើរការអាជីវកម្មដូចធម្មតាដោយមិនចាំបាច់ព្រួយបារម្ភ អំពីការសងប្រាក់កម្ចី។
យោងតាមយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីធានាស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានរឹតបន្តឹងការអនុវត្តការរៀបចំឥណទានឡើងវិញនៃប្រាក់កម្ចីដល់អតិថិជន ចាប់តាំងពីដើមឆ្នាំ ២០២២ ជាពិសេសអ្នកដែលធ្លាប់បានទទួលការរៀបចំឥណទានឡើងវិញនៃប្រាក់កម្ចីយ៉ាងហោចណាស់ ១ ដង។
លោក តុងងី ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ចាប់តាំងពីការចាប់ផ្តើមការរីករាលដាលជំងឺកូវីដ ១៩ វិស័យមីក្រូហិរញ្ញវត្ថុ មិនដែលដាក់កម្រិតលើការផ្តល់ប្រាក់កម្ចីនោះទេ ដរាបណាអតិថិជន បំពេញតាមលក្ខណវិនិច្ឆ័យរបស់យើង ជាពិសេសសមត្ថភាពសងបំណុល។ យើងបានគាំទ្ររដ្ឋាភិបាលក្នុងការធានាឱ្យមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយនៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ នៅក្នុងគ្រាដ៏លំបាក សហគ្រាសធុនតូច និងមធ្យម ត្រូវការដើមទុនច្រើនជាងពេលណាៗទាំងអស់ ដើម្បីបន្ត ឬចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេឡើងវិញ»។
ផ្អែកលើរបាយការណ៍របស់ NBC គ្រឹះស្ថានហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញ នូវគណនីប្រាក់កម្ចីចំនួន ២៦៨ ០៤២ ដែលស្មើនឹង ៤,៥ ពាន់លានដុល្លារ។
ក្នុងនោះវិស័យទេសចរណ៍ មានគណនីចំនួន ២៤ ៤២៧ ដែលមានតម្លៃ ៨៣០ លានដុល្លារ, វិស័យកាត់ដេរ មានគណនីចំនួន ៣៩ ០១៥ (១៤០ លានដុល្លារ), វិស័យសំណង់មានគណនីចំនួន ២២ ៥០១
(៧១០ លានដុល្លារ), វិស័យដឹកជញ្ជូន និងភ័ស្តុភារ មានគណនីចំនួន ១៥ ៣០០ (២២០ លានដុល្លារ), និងវិស័យផ្សេងទៀតចំនួន ១៦៨ ៨០៥ គណនី ស្មើនឹង ២ ពាន់លានដុល្លារ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការរៀបចំឥណទានឡើងវិញនៃប្រាក់កម្ចីរបស់ធនាគារ បានថយចុះមកត្រឹម ២៦២ លានដុល្លារ ដែលស្មើនឹងប្រហែល ៤ ភាគរយ នៃផលបត្រប្រាក់កម្ចីសរុប គិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ ពីចំនួន ៤២០ លានដុល្លារ (៨ ភាគរយ នៃផលបត្រប្រាក់កម្ចីសរុប) ក្នុងឆ្នាំ ២០២១។
លោកថ្លែងថា៖ «ការរៀបចំឥណទានឡើងវិញនៃប្រាក់កម្ចី ជួយអតិថិជនគ្រប់គ្រងរំហូរសាច់ប្រាក់ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញ នៃអាជីវកម្មក្នុងអំឡុងពេលមានភាពតានតឹងនេះ។ យើងបន្តផ្តល់កម្ចីដល់អតិថិជនទោះបីជាតម្លៃទីផ្សារឡើងថ្លៃក៏ដោយ។ លោកបញ្ជាក់ថា៖ «គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ កំណើនប្រាក់កម្ចី មានប្រហែល ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយសារតែមានតម្រូវការប្រាក់កម្ចីយ៉ាងខ្លាំង ពីអតិថិជន»៕