
ផ្ទះស្នាក់នៅ តំបន់សហគមន៍អេកូទេសចរណ៍ព្រៃវែង ស្រុកគូលែន។ ហេង ជីវ័ន
ភ្នំពេញៈ កំណើននៃចរន្តភ្ញៀវទេសចរក្នុងស្រុក និងបរទេស ចូលមកវិនិយោគ និងកម្សាន្តនៅកម្ពុជា កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យវិស័យទេសចរណ៍មានដំណើរការឡើងវិញកាន់តែប្រសើរ។ ជាក់ស្តែងមានសណ្ឋាគារ និងផ្ទះសំណាក់ប្រមាណជាង ៥០០ ទីតាំង បានបើកទទួលភ្ញៀវឡើងវិញ បន្ទាប់ពីទទួលរងប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិនៃជំងឺកូវីដ ១៩ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមក។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ គិតត្រឹមថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២២ មានសណ្ឋាគារ និងសេវាកម្មស្នាក់នៅចំនួន ៥២០ ទីតាំង កំពុងបើកដំណើរការក្នុងចំណោមទីតាំងសរុប ៧៣៩ ដែលមាននៅកម្ពុជា។ ចំណែកសល់ពីនោះ គឺ ១៩០ ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀត សម្រេចបិទអាជីវកម្មតែម្តង។ របាយការណ៍ឱ្យដឹងថា ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួន ២ ៥២៩ ទីតាំង ក្នុងនោះជាង ២ ពាន់កន្លែងកំពុងបើកដំណើរការ និង ៣៦៣ ទីតាំងទៀត បានបន្តផ្អាក និងបិទអាជីវកម្ម។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឱ្យដឹងនៅលើបណ្តាញសង្គមផ្លូវការក្រសួងទេសចរណ៍ក្នុងថ្ងៃទី ២៧ ខែសីហាថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ សៀមរាប ជាខេត្តរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយមូលដ្ឋានអាជីវកម្មក្នុងខេត្តនេះប្រមាណ ៩០ ភាគរយបានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀតរងផលប៉ះពាល់តិចតួច។
លោកបន្ថែមថា ទោះយ៉ាងណាក្រោយពេលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ ៤៦ភាគរយ ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។
លោកថ្លែងថា៖ «នៅក្នុងរដូវកាលមានទេសចរច្រើនចាប់ពីខែតុលា វិច្ឆិកា និងខែធ្នូ អាចថា ដល់ពេលនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងឡើងច្រើនដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានបិទកន្លងទៅអាចបើកដំណើរការបន្តថែមទៀត»។
បើតាម លោក សុភ័ក បច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្សាន្តកម្ពុជាមានប្រមាណ ៥ ០០០ នាក់ ក្នុង ១ ថ្ងៃ ក្នុងនោះខេត្តសៀមរាប មានប្រមាណពី ៧០០ នាក់ទៅ ៨០០ នាក់។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ភាពធូរស្រាលនៃវិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យចរន្តសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅកម្ពុជា ចាប់ដំណើរការទៅមុខដោយសន្សឹមៗ។
កំណើនសន្សឹមៗនេះ ក៏មានជាប់ទាក់ទងនឹងវិបត្តិអន្តរជាតិមួយចំនួនដូចជា កំណើនសេដ្ឋកិច្ចដែលមានភាពយឺតយ៉ាវ និងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន ផងដែរ ព្រោះវិបត្តិទាំងនេះបានធ្វើឱ្យផែនការទេសចរណ៍ ឆ្លងប្រទេសមួយចំនួនត្រូវផ្អាកឬពន្យារពេល។
លោកស្រីបានអះអាងថា៖ «ទោះបីទេសចរអន្តរជាតិមិនទាន់កើនឡើងច្រើន ប៉ុន្តែកំណើនទេសចរផ្ទៃក្នុងកំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឱ្យតម្រូវការកន្លែងស្នាក់នៅសម្រាប់ដំណើរកម្សាន្តកើនឡើងជាបណ្តើរហើយ»។
ដើម្បីចូលរួមចំណែកស្តារវិស័យទេសចរណ៍ពីវិបត្តិបណ្តាលមកពីជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ ២០២២ បានប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលមានទឹកប្រាក់សរុប ១៥០ លានដុល្លារ ក្នុងនោះជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារ ដោយផ្តល់អត្រាការប្រាក់ ៦,៥ ភាគរយ ក្នុង ១ ឆ្នាំ និងខ្ចីបានខ្ពស់បំផុត ៤០ ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់ ៧ ឆ្នាំ។ ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ ម៉ឺននាក់ កើនឡើង ៥៦០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ សម្រាប់ខេត្តសៀមរាប មានទេសចរផ្ទៃក្នុង (ខ្មែរ និងបរទេសនៅកម្ពុជា) ១ ២៤២ ៨៥៤នាក់ កើនឡើង ៨៩០ ភាគរយ។ នេះបើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕