ភ្នំពេញៈ ក្រុមហ៊ុន Minebea របស់​ប្រទេស​ជប៉ុន​គ្រោង​នឹង​វិនិយោគ​ ៤៥ ​លាន​ដុល្លារ ក្នុង​ការបង្កើត​ថាមពល​កកើត​ឡើងវិញ ៥០ ​មេហ្គាវ៉ាត់ ដោយ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ ​(Solar) សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​របស់ខ្លួន​នៅ​កម្ពុជា និង​ដើម្បី​គាំទ្រ​ការប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ ដែល​មិន​គ្រោះថ្នាក់​ដល់​បរិស្ថាន​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី នាយក​គ្រប់គ្រង​ក្រុមហ៊ុន Minebea (Cambodia) បាន​លើកឡើង​ថា ក្រុមហ៊ុន Minebea ងាក​ទៅប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ ដោយសារ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ ដូចជា ក្រុមហ៊ុន Apple និង​Toyota ជាដើម គិតគូរ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។

លោក យ៉ូស៊ីហ៊ីរ៉ូ បានឱ្យ​ដឹងថា គម្រោង​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​ក្នុង​អនុភាព​ ៥០ ​មេហ្គាវ៉ាត់ ដោយ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​នេះ​គឺ​សម្រាប់​គាំទ្រ​ដល់​ការវិនិយោគ និង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ​របស់​ខ្លួន​នៅ​កម្ពុជា និង​ការផ្តល់ជូន​ទៅ​ខាង​អគ្គិសនី​កម្ពុជា សម្រាប់​ធ្វើការ​ចែកចាយ​បន្ត​ផងដែរ​។

លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី បាន​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​មាន​លទ្ធភាព​ក្នុង​ការបង្កើត​នូវ​ថាមពល​កកើត​ឡើងវិញ ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​តម្រូវ​ឱ្យ​មាន​ទីតាំង​មួយ​ សម្រាប់​ការដាក់ Sola Panel នេះ និង​ការបង្កើត Sola Farm មួយ ក្នុង​គម្រោង​បង្កើត​ថាមពល​កម្រិត​ ៥០ ​មេហ្គាវ៉ាត់ ដែល​ប្រើប្រាស់​ទុនវិនិយោគ​ប្រមាណ ៤៥ ​លាន​ដុល្លារ​។

លោក ហេង គុណលាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ក្រសួង​គាំទ្រ​ជានិច្ច​ចំពោះ​គម្រោង​នេះ​ឱ្យ​តែ​ក្រុមហ៊ុន Minebea អនុវត្តតាម​គោលការណ៍​ច្បាប់​បាន​ត្រឹមត្រូវ​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ ដោយ​ប្រើ​ពន្លឺព្រះអាទិត្យ​នេះ ព្រោះ​កម្ពុជា​នឹង​បង្កើន​ការប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ និង​ប្រភព​ថាមពល​ផ្សេងទៀត ដែល​មិន​គ្រោះថ្នាក់​ដល់​បរិស្ថាន​ឱ្យ​បាន​ជា​អតិបរមា​។

លោក​បញ្ជាក់​ថា​៖ «​ក្រសួង​កំពុង​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍ វិស័យ​ថាមពល​អគិ្គសនី និង​ធ្វើការ​អភិវឌ្ឍ​គម្រោង​ស្តីពី​ប្រសិទ្ធភាព​ថាមពល និង​កំពុង​សហការ​ជាមួយ ADB ដើម្បី​ចូលរួម​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ចូលរួម​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​វិស័យ​ថាមពល​ និង​អភិវឌ្ឍន៍​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះ​ទៅ​អព្យាក្រឹតភាព​កាបូន​»​។ ទោះជា​យ៉ាងណា​លោក​ថា ក្រុមហ៊ុន​វិនិយោគ​ត្រូវ​អនុវត្ត​ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន​ជាមុន​សិន (PPP) ពីព្រោះ​បច្ចុប្បន្ន​នេះ ការវិនិយោគ​របស់​ឯកជន​ត្រូវ​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​នេះ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ឱ្យ​ដឹងថា វិស័យ​ឯកជន​តែងតែ​ចង់បាន​តម្លៃ​ថាមពល ដែល​មាន​តម្លៃ​ធូរថ្លៃ ដូចជា​ការប្រើប្រាស់​ថាមពល​សូឡា​ជាដើម ប៉ុន្តែ​ការប្រើប្រាស់​ថាមពល​សូឡា​នៅ​កម្ពុជា​ត្រូវតែ​មាន​កម្រិត​កំណត់​ពី​រដ្ឋ ខណៈ​ដែល​ការប្រើប្រាស់​បន្ទះ​សូឡា ក៏​មិនទាន់​អាច​ផ្គត់ផ្គង់​ក្នុង​ចង្វាក់​ផលិតកម្ម​បាន​ ១០០ ​ភាគរយ​នៅឡើយ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ឯកជន​ខ្លះ​បាន​ប្រើប្រាស់​ថាមពល​សូឡា​ផង និង​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​ផង ដើម្បី​ទប់ទល់​នឹង​ការចំណាយ​ថ្លៃដើម​លើ​អគ្គិសនី ដោយសារ​តែ​បច្ចុប្បន្ន​តម្លៃ​អគ្គិសនី​កម្ពុជា​នៅ​ថ្លៃ​នៅឡើយ​។ ទោះបី​ជា​ការប្រើប្រាស់​ថាមពល​សូឡា​មាន​តម្លៃ​ទាប ប៉ុន្តែ​ថាមពល​នេះ មិនទាន់​អាច​ផ្គត់ផ្គង់​លើ​ដំណើរ​ការផលិតកម្ម​បាន​ពេញលេញ​នៅឡើយ​ទេ ដោយសារ​ថាមពល​នេះ​ពឹងផ្អែក​ទាំងស្រុង​លើ​ពន្លឺ​ព្រះអាទិត្យ​»​។

រោងចក្រ​ផលិត​អំពូល​ភ្លើង​អំពូល​អិលអ៊ីឌី​កម្រិត​អន្តរជាតិ Minebea នៅ​កម្ពុជា ផលិត​អំពូល​បាន​ជិត​ ២​ ម៉ឺន​អំពូល​ក្នុង​ ១ ​ឆ្នាំ​ ដោយ​បាន​ជួយ​ដល់​ការកាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង និង​ការចំណាយ​លើ​អគ្គិសនី​ប្រមាណ ​១ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ​ក្រុមហ៊ុន Minebea Cambodia មាន​ទុនវិនិយោគ​នៅ​កម្ពុជា​ប្រមាណ ៣៧២ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ និង​ទុនវិនិយោគ​នេះ​បាន​កើន​ដល់ ៤០០ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៩៕