
អគ្គនាយកដ្ឋានពន្ធដារ (GDT) ។ ហុង មិនា
ភ្នំពេញ៖កម្ពុជា និងមីយ៉ាន់ម៉ាបានឯកភាពគ្នាស្ទើរតែទាំងស្រុងលើគ្រប់មាត្រាទាំងអស់នៃសេចក្តីព្រាងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) នៅក្នុងកិច្ចប្រជុំជុំទី ១ ដើម្បីបង្កើនតម្លៃវិនិយោគបន្ថែម និងពង្រឹងសេដ្ឋកិច្ចប្រទេសទាំង ២ ខណៈការធ្វើពាណិជ្ជកម្មរវាងគ្នានៅមានទំហំតូចនៅឡើយ។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និងនាយកដ្ឋានចំណូលផ្ទៃក្នុងនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី ២២ ដល់ ២៥ ខែសីហាឆ្នាំ ២០២២ កន្លងទៅនៅរាជធានីភ្នំពេញបានបើកកិច្ចប្រជុំចរចាកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី ១ ដើម្បីពិភាក្សាលម្អិត និងស៊ីជម្រៅលើគ្រប់មាត្រាទាំងអស់នៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ និងបានឯកភាពគ្នាទាំងស្រុង ខណៈដែលមាត្រាដែលនៅសេសសល់ និងចំណុចដែលពុំទាន់បានឯកភាពភាគីទាំង ២ នឹងបន្តការចរចា ដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងដែរថាកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិនិយោគ ជាពិសេសប្រទេសដែលមានពាណិជ្ជកម្មធំៗជាមួយកម្ពុជាគឺទាមទារឱ្យមានកិច្ចព្រមព្រៀងនេះ។
លោកបានបញ្ជាក់ថា៖ « នៅពេលដែលមានកិច្ចព្រមព្រៀងនេះវិនិយោគិនដែលចង់បង្វិលប្រាក់ចំណេញឱ្យប្រទេសគេវិញគេត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ តែបើគ្មានទេត្រូវបង់ដល់ ១៤ ភាគរយ។ ដូចនេះនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងនេះជាមួយប្រទេសនានាកាន់តែច្រើននឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀត»។
ជាមួយគ្នានេះដែរកម្ពុជា និងមីយ៉ាន់ម៉ាក៏កំពុងពន្លឿនកិច្ចពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងចំនួន ២ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដោយក្នុងជំនួបរវាងតំណាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងវិនិយោគមីយ៉ាន់ម៉ា និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៅប្រទេសឥណ្ឌូនេស៊ីកាលពីខែឧសភាកន្លងទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោកប៉ានសូរស័ក្តិនាពេលថ្មីៗនេះបានអំពាវនាវឱ្យភាគីទាំង ២ ពិភាក្សាបន្ថែមទៀតអំពីវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគីសំដៅជំរុញទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។
បើតាមក្រសួងពាណិជ្ជកម្មទំហំពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំង ២ កម្ពុជានិងមីយ៉ាន់ម៉ាក្នុងរយៈពេល ៣ ឆ្នាំមុនវិបត្តិកូវីដ ១៩ សរុបមានត្រឹមតែ ២០ លានដុល្លារប៉ុណ្ណោះ។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមីយ៉ាន់ម៉ានៅក្នុងឆ្នាំ ២០២០ មានចំនួនជាង ២៨ លានដុល្លារ ដែលទំហំពាណិជ្ជកម្មនេះបានធ្លាក់ចុះតិចតួចបើធៀបនឹងឆ្នាំ ២០១៩៕