ភ្នំពេញៈ ប្រទេសកម្ពុជានៅសល់ស្រូវជិត ៧ លានតោន ឬប្រមាណ ៤,៤៥ លានតោន គិតជាអង្ករ សម្រាប់លក់ និងនាំចេញទៅក្រៅប្រទេសកាលពីឆ្នាំ ២០២១ បន្ទាប់ពីកាត់កងការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោកកាលពីថ្ងៃទី ២៨ ខែសីហា ឱ្យដឹងថា ទោះបីក្នុងពេលមានវិបត្តិកូវីដ ១៩ ក៏ផលិតកម្មស្រូវនៅកម្ពុជានៅតែរក្សាបាននូវសម្ទុះកំណើនគួរជាទីមោទនៈ ដោយក្នុងឆ្នាំ ២០២១ កន្លងមក កម្ពុជាផលិតបានស្រូវប្រមាណ ១២,២ លានតោន កើនពីជាង ១០,៩ លានតោនក្នុងឆ្នាំ ២០២០។
លោកបានសរសេរថា៖ «ក្រោយពីកាត់ចេញ ១៣ ភាគរយសម្រាប់ទុកជាចំណីសត្វ ទុកជាពូជ និងការបាត់បង់ពេលប្រមូលផល បូក តម្រូវការស្បៀងក្នុងស្រុក ប្រមាណជា ២,៣៥ លានតោននោះ កម្ពុជានៅសល់ស្រូវប្រមាណជា ៦,៩ លានតោន (គិតជាអង្ករ ប្រមាណ ៤,៤៥ លានតោន) សម្រាប់លក់»។
ទាក់ទងនឹងបរិមាណទិន្នផលស្រូវដែលកម្ពុជាប្រមូលជារៀងរាល់ឆ្នាំបាន លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៩ ខែសីហាថា លោកមិនមានទិន្នន័យជាក់ស្តែងពីទិន្នផលស្រូវដែលកម្ពុជាប្រមូលបានក្នុង ១ ឆ្នាំៗទេ ខណៈដំណាំស្រូវតែងពឹងផ្អែកខ្លាំងលើកត្តាអាកាសធាតុ និងប្រព័ន្ធបង្ហូរទឹក។ សម្រាប់ទិន្នផលក្នុងឆ្នាំនេះ គេមិនទាន់អាចវាយតម្លៃបានច្បាស់ថា នឹងទទួលបានប៉ុន្មានតោននោះទេ ព្រោះការប្រមូលផលស្រូវធំ គឺនៅចុងឆ្នាំ។
លោកបានថ្លែងថា៖ «បរិមាណផលស្រូវរហូតមកដល់ពេលនេះ គឺមិនច្រើនលើសឆ្នាំមុននៅឡើយទេ ប៉ុន្តែដើម្បីអាចដឹងច្បាស់ត្រូវរង់ចាំមើលដល់ខែវិច្ឆិកា ឬខែធ្នូ នៅពេលរដូវប្រមូលផលច្រើន (ស្រូវម្លិះ) សិន»។

សម្រាប់បញ្ហាទីផ្សារ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នអង្ករកម្ពុជាត្រូវបានគេទទួលស្គាល់នៅលើទីផ្សារអន្តរជាតិថាមានគុណភាពល្អ និងមានការបញ្ជាទិញកាន់តែច្រើន។ លោកបន្តថា ជាក់ស្តែងគិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ការនាំអង្ករកម្ពុជាទៅទីផ្សារអឺរ៉ុបបានកើនឡើងជិត ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ហើយការនាំចេញទៅប្រទេសចិន ដែលមានកូតាចំនួន ៤០ ម៉ឺនតោននោះ ក៏សម្រេចបានជាង ៤០ ភាគរយផងដែរ ខណៈការនាំចេញទៅប្រទេសចិន តែងមានបរិមាណច្រើនចាប់ពីខែសីហា រហូតដល់ចុងឆ្នាំ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ន នេះឱ្យតែមានស្រូវច្រើន គឺកម្ពុជាមិនមានបញ្ហាទីផ្សារនាំចេញទេ»។
ទោះយ៉ាងណា លោក សារ៉ន បានលើកឡើងថា កសិកម្ម និងក្រុមហ៊ុនវិនិយោគលើផលិតកម្មស្រូវនៅពេលនេះ ក៏កំពុងមានបញ្ហាប្រឈមច្រើនទាក់ទងនឹងថ្លៃដើមផលិតកើនកាន់តែខ្ពស់ផងដែរ ដោយសារការកើនឡើងនៃតម្លៃជី ប្រេងឥន្ធនៈ និងកត្តាអាកាសធាតុ ជាដើម។
បើយោងតាមសហព័ន្ធស្រូវ-អង្ករកម្ពុជា ការនាំចេញអង្ករក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ មានចំនួន ៣៥០ ៩០២ តោន គិតជាទឹកប្រាក់មានចំនួនប្រមាណជា ២១៨,១៧ លានដុល្លារ។ បរិមាណនៃការនាំចេញនេះ គឺមានកំណើន ១៣,២៤ ភាគរយបើប្រៀបធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ជាមួយ គ្នានេះកម្ពុជាក៏បាននាំចេញស្រូវទៅប្រទេសវៀតណាមចំនួន ១ ៩៥០ ៩៨៦ តោន ដែលគិតជាទឹកប្រាក់ប្រមាណ ៤៨៧,២៤ លានដុល្លារ។
បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៦១៧ ០៦៩ តោន ថយចុះ ១០,៦៧ ភាគរយបើធៀបឆ្នាំ ២០២០ ដែល មានបរិមាណ ៦៩០ ៨២៩ តោន៕