
កម្មករនៅក្នុងកសិដ្ឋានចិញ្ចឹមត្រី ១ កន្លែង ជាយក្រុងភ្នំពេញកំពុងចាប់ត្រីប្រា នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន នឹងយឺតយ៉ាវជាងការរំពឹងទុក ដោយសាររោងចក្រ ខ្វះបុគ្គលិកជំនាញក្នុងការកែច្នៃ។
ក្រុមហ៊ុន ហ៊ុន ទី ដែលទទួលបានសិទ្ធិក្នុងការកែច្នៃត្រីប្រាសម្រាប់ធ្វើការនាំចេញកំពុងដំណើរការខ្សែចង្វាក់ផលិតកម្មកែច្នៃត្រីប្រារបស់ខ្លួនដើម្បីនាំចេញសាកល្បងជាលើកដំបូងក្នុងបរិមាណ ៤០ តោន នៅពេលខាងមុខនេះ នឹងត្រូវពន្យារពេលបន្ថែមទៀត រហូតដល់ពាក់កណ្តាលខែកញ្ញា ដោយសារតែរោងចក្រពិបាករកអ្នកជំនាញក្នុងការកែច្នៃ និងបុគ្គលិកដែលមានស្រាប់មិនទាន់ស្ទាត់ជំនាញ។
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៩ ខែសីហាថា ខាងរដ្ឋជលផលកំពុងតែជំរុញក្រុមហ៊ុន ក្នុងការពន្លឿនលើការងារនេះ ខណៈដែលខាងក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងការកែច្នៃ លើបរិមាណត្រី ដែលបានទិញពីកសិដ្ឋានចិញ្ចឹមត្រីប្រា យន់ សុវណ្ណារិទ្ធ នៅព្រែកព្នៅដែរ ដើម្បីធ្វើយ៉ាងណានាំចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានបន្ថែមថា ដំបូងក្រុមហ៊ុនមានគម្រោងកែច្នៃឱ្យបាន ៥ តោន ក្នុង ១ ថ្ងៃ ប៉ុន្តែជាក់ស្តែងបានត្រឹម ១ តោន ក្នុង ១ ថ្ងៃ ដោយសារតែបុគ្គលិករបស់រោងចក្រភាគច្រើនជាបុគ្គលិកថ្មី។
លោកបានបញ្ជាក់បន្ថែមថា៖ «រោងចក្រនេះ ប្រើប្រាស់កម្លាំងពលកម្មនៅក្នុងស្រុកច្រើន ខណៈដែលអ្នកជំនាញការជាជនជាតិចិន។ដូចនេះកម្មករនៅក្នុងស្រុកយើង ដែលជាអ្នកធ្វើផ្ទាល់មិន ទាន់ស្ទាត់ជំនាញ និងគ្មានបទពិសោធលើការងារនេះនៅឡើយ ដែលត្រូវការពេលវេលា ១ ខែ ឬ ២ ខែទៀត ដើម្បីថ្នឹកនឹងការងារនេះ»។
ទោះជាយ៉ាងណា លោកបានអះអាងថា រដ្ឋបាលជលផល និងក្រុមហ៊ុន ហ៊ុន ទី បានត្រៀមខ្លួនរួចរាល់ក្នុងការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន នាពេលខាងមុខនេះ នៅពេលត្រីកែច្នៃបានគ្រប់ចំនួន ៤០ តោន។
លោក អ៊ុំ ចាន់ចំណាន ប្រធានផ្នែករដ្ឋបាលនៃកសិដ្ឋានចិញ្ចឹមត្រីប្រា យន់ សុវណ្ណារិទ្ធ មានទីតាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្រុមហ៊ុនបានចាប់ផ្តើមបន្តទិញត្រីប្រាពីកសិដ្ឋានវិញកាល ពីថ្ងៃព្រហស្បតិ៍មុន (ថ្ងៃទី ២៥ ខែសីហា) បន្ទាប់ពីផ្អាកមួយរយៈ ដើម្បីរើសបុគ្គលិកជំនាញ។ លោកបានឱ្យដឹងថា ក្រុមហ៊ុន ហ៊ុន ទី មានតម្រូវការត្រីប្រាដែលមានទម្ងន់ចន្លោះពី ៩០០ ក្រាម ទៅ ១ ១០០ ក្រាម (៩ ខាំទៅ ១,១ គីឡូក្រាម) ហើយត្រីដែលដឹកចេញទៅរោងចក្រកែច្នៃត្រូវតែនៅរស់ទាំងអស់់។
កន្លងទៅ កម្ពុជាមិនទាន់មានការនាំចេញផលវារីវប្បកម្មនៅឡើយ ដោយការនាំចេញជាប្រភេទត្រីធម្មជាតិ។ ក្នុងនោះការនាំចេញផលនេសាទស្រស់ និងកែច្នៃសម្រេចបានចំនួនជិត ២ ពាន់តោន ក្នុងរយៈពេល ៧ ខែឆ្នាំនេះ មានការថយចុះជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ទិន្នផលវារីវប្បកម្មនៅកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើង ២០ ភាគរយប្រចាំឆ្នាំ ចាប់ពី ១៨៥ ០០០ តោន ទៅ ២៤០ ០០០ តោន តាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រជលផល របស់ក្រសួងកសិកម្ម៕