ភ្នំពេញៈ​គណៈប្រតិភូ​សមា​ជិ​ក​សភា​អាមេរិក​បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​លើ​វិស័យ​ឥន្ធនៈ និង​កំពង់ផែ នៅ​កម្ពុជា ដែលជា​ប្រទេសមួយ​កំពុងមាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​។​

​ចំណាប់អារម្មណ៍​នេះ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយនឹង​គណៈប្រតិភូ​សមាជិកសភា​អាមេរិក ដឹកនាំ​ដោយ​លោកស្រី Carol Miller កាលពី​ថ្ងៃទី​ ២៩ ខែសីហា នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ជា​កិច្ច​ចាប់ផ្តើម​លោក ស៊ុន ចាន់ថុល បានលើកឡើង​ពី​ដំណើរ​វិវត្តន៍​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ព្រមទាំង​បាន​សម្តែង​ការស្វាគមន៍ ​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ក្រុមការងារ​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ដែល​អាច​នឹង​ជួយ​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​រីកចម្រើន​។​

​បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ប្រាប់​ពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​លើ​ការទាក់ទាញ​អ្នកវិនិយោគ​សក្តានុពល​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សំខាន់ៗ​ដូចជា ការសាងសង់​ព្រលានយន្តហោះ​ថ្មី ចំនួន ​៣ (​កម្រិតស្តង់ដា​អន្តរជាតិ​) ជាដើម​។​

​ពាក់ព័ន្ធ​នឹង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លោក​រដ្ឋមន្ត្រី បានស្នើ​ឱ្យមាន​ការចូល​រួម​ពី​ក្រុមហ៊ុន​អាមេរិក​លើ​ការបណ្ដាក់ទុន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា ដោយ​កន្លងមក​កម្ពុជា​មិនទាន់​ឃើញ​មាន​ក្រុមហ៊ុន​វិនិយោគ​របស់​អាមេរិក​ណា​ចូលមក​បណ្តាក់ទុន​លើ​វិស័យនេះ​ទេ​។​

​លោក​ថ្លែងថា​៖ «​កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​កាន់តែ​ទូលំទូលាយ ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន តាមរយៈ​គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​នៅតាម​បណ្តា​រាជធានី​ខេត្ត​ដើម្បី​ជំរុញ​លើក ទឹកចិត្ត និង​ទាក់ទាញ​ការចាប់អារម្មណ៍​ឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ពី​សំណាក់​សាធារណៈ ទូទៅ និង​ស្វែងរក​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នានា ជាពិសេស​ក្រុមហ៊ុន​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ការដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ឱ្យបាន​ច្រើន​»​។​

​លោកស្រី​ Carol Miller​ បាន​ប្រាប់ថា លោកស្រី​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ជាពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កំពង់ផែ ដែល​ខុសពី​អ្វីដែល​រំពឹងទុក​មុន​មកដល់​កម្ពុជា​។ បន្ថែម​ពីលើ​នេះ លោកស្រី​បានបញ្ជាក់​អំពី​បំណង​ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា​ហ្គាស និង​ថាមពល ​(LPNG) និង​ការវិនិយោគ​លើ​វិស័យ​កំពង់ផែ​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ក្រុម​ធុរកិច្ច​របស់​អាមេរិក​ដែលមាន​បំណង​ចង់​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​វិស័យ​កំពង់ផែ និង​វិស័យ​ហ្គាស និង​ថាមពល (LPNG) ហើយ​កម្ពុជា​បើកចំហ និង​ត្រៀមខ្លួន​សម្របសម្រួល​ក្រុម​ធុរកិច្ច​សហរដ្ឋអាមេរិក ដែល​មក​វិនិយោគ​នៅ​កម្ពុជា​៕