ភ្នំពេញៈ ​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​អះអាង​ថា​ទោះបី​ជា​កម្ពុជា​បាន​បាត់បង់​ចំណូល​ពន្ធគយ​ជាង​ ១៨៦​ លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក៏ដោយ ប៉ុន្តែ​កម្ពុជា​បាន​បើក​ទីផ្សារ​នាំចេញ​កាន់តែ​ធំ ការកើនឡើង​នៃ​ខ្សែចង្វាក់​ផលិតកម្ម និង​បង្កើត​ការងារ​កាន់តែ​ច្រើនជាង​មុន​។

របាយការណ៍​សង្ខេប​ស្តីពី​ «​សកម្មភាព​ការងារ​ប្រចាំឆមាស​ទី​ ១ ឆ្នាំ​ ២០២២» របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទើប​ផ្សព្វផ្សាយ​ក្នុង​សប្តាហ៍​នេះ ឱ្យដឹង​ថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ការបាត់បង់​ចំណូល​ពន្ធគយ​ដោយ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មាន​ចំនួន​ប្រមាណ ១៨៧ ​លាន​ដុល្លារ កើនឡើង​ប្រមាណ​ ៧,៣៤ ​ភាគរយ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។

លោក មាស សុខសេនសាន្ត អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​ដៃគូ​គឺ​ពិតជា​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​បាត់បង់​នូវ​ចំណូល​ពន្ធគយ ប៉ុន្តែ​វា​បាន​ផ្តល់នូវ​ឱកាស​ដល់​កម្ពុជា​ក្នុង​ការពង្រីក​ទីផ្សារ​ប្រកួត​ប្រជែង ការបង្កើត​ការងារ និង​ការទាក់ទាញ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​ច្រើនជាង​មុន​។

លោក​បាន​ថ្លែងថា​៖ «​ជាធម្មតា​នៅពេល​ដែល​យើង​អនុវត្ត​ពាណិជ្ជកម្ម​សេរី​ទៅវិញ​ទៅមក មាន​ន័យថា យើង​កាត់​បន្ថយពន្ធ​ខាងយើង ខាងគេ​ក៏​កាត់បន្ថយ​ពន្ធ ដូច្នេះ​យើង​បាន​ចំណេញ​ទីផ្សារ យើង​អាច​បង្កើន​ទីផ្សារ​ប្រកួត​ប្រជែង ដោយសារ​តែ​យើង​បើក​របាំង​នាំចូល ខាងគេ​ក៏​បើក​របាំង​នាំចូល ដូច្នេះ​ការប្រកួត​ប្រជែង​នេះ​មាន​ទៅវិញ​ទៅមក អ៊ីចឹង​យើង​បាន​ចំណេញ​ទីផ្សារ យើង​បង្កើន​ការនាំចេញ ហើយ​ចង្វាក់​ផលិតកម្ម​នៅក្នុង​ស្រុក​យើង​ក៏​កើន​ទៅតាម​នោះដែរ​»​។

លោក​បាន​ពន្យល់​ថា នៅពេល ដែល​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រឹងប៉ឹង ពន្ធគយ​នឹង​បាត់​បន្តិច​ម្តងៗ ដូច្នេះ​រដ្ឋាភិបាល​បង្កើន​ចំណូល​មកវិញ​ ដោយ​ការពង្រឹង​នូវ​រដ្ឋបាល​សារពើពន្ធ​នៅក្នុង​ស្រុក​ដើម្បី​ប្រមូល​ចំណូល​។

លោក​បាន​បញ្ជាក់ថា​៖«​ការបាត់​ចំណូល​នេះ ទោះបី​វា​ហាក់ដូចជា​ធំ​ពិតមែន ប៉ុន្តែ​យើង​ត្រូវ​មើលថា ការបង្កើន​ចង្វាក់​ផលិតកម្ម​នៅក្នុង​ស្រុក​វា​ជា​ការបង្កើត​ឱ្យ​មាន​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ស្រុក ហើយ​ពន្ធ​ក្នុង​ស្រុក​ក៏​នឹង​កើនឡើង​ផងដែរ​»​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៣០ ខែសីហា​ថា ចំពោះ​ការបាត់បង់​ចំណូល​ពន្ធគយ​ ដោយសារតែ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​នេះ ដោយសារ​តែ​មាន​ផលិតផល​ជាច្រើន​បាន​នាំចូល​ពី​ប្រទេស​ចិន​ដែល​កម្ពុជា​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។

លោក​បាន​ថ្លែងថា​៖ «​ការបាត់បង់​ចំណូល​ពន្ធគយ​នេះ​នឹង​ជំនួស​ដោយ​ចំណូល​ពន្ធដារ ដូច្នេះ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ក៏​ជំរុញ​ឱ្យ​មាន​កំណើន​ផលិតកម្ម​នៅក្នុង​ស្រុក​ សម្រាប់​ធ្វើការ​នាំចេញ​ទៅ​ប្រទេស​ចិន​ផងដែរ​»​។

លោក​ថា ទោះបីជា​អតុល្យភាព​នៃ​ការ​នាំចូល និង​ការនាំចេញ​ក៏ដោយ ក៏​ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​មាន​កំណើន​ខ្ពស់ជាង​មុន ដែល​ធ្វើឱ្យ​ចំណូល​បាន​មកពី​ផលិតកម្ម​នៅក្នុង​ស្រុក និង​អាចបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ផលិតផល​ក្នុងស្រុក​ប្រសើរ​ជាង​មុន​។

លោក​បាន​ថ្លែងថា​៖«​ការបាត់បង់​ចំណូល​ពី​ពន្ធគយ​ជាង​ ១៨០ ​លាន​ដុល្លារ​នោះ ខ្ញុំ​ជឿថា វា​គឺជា​កត្តារួម​ចំណែក​មួយ​នៃ​ការកាត់បន្ថយ​ចំណូល​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​ការជំនួស​មកវិញ​នៃ​ចំណូល​ពន្ធដារ​នឹង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ពិតជា​មាន​សារៈសំខាន់ និង​ភាពប្រសើរ​ជាជាង​ការនាំ​ចូល​»​។

បើ​យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច ការប្រមូល​ចំណូល​ពន្ធគយ​ក្នុង​ផ្នែក​មួយ​ចំនួន​មិនមាន​ភាព​វិជ្ជមាន​ទេ ដោយសារ​តែ​កំណើន​នៃ​ចង្វាក់​ផ្គត់ផ្គង់​ក្នុងស្រុក​ចាប់ផ្តើម​បំពេញ​តួនាទី​ជំនួស​ឱ្យ​ការនាំចូល​។ កំណើន​នៃ​ផលិតកម្ម​ក្នុងស្រុក​ទាំង​នោះ​មាន​ដូចជា ស្រាបៀរ​, ស៊ីម៉ងត៍​, ភេសជ្ជៈ​, បារី និង​យានយន្ដ​ដែល​បានធ្វើឱ្យ​កម្ពុជា​បាត់​ចំណូល​ពន្ធ​នាំចូល​ប្រមាណ ៥២៦,៧៣​ លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ផលប៉ះពាល់​ចំណូល​ទាំងនោះ​មាន​ទឹកប្រាក់​សរុប​ចំនួន​ ៥២៦,៧៣ ​លាន​ដុល្លារ ដោយ​ក្នុងនោះ​ពី​ស្រាបៀរ​មាន​ចំនួន​ ២៣៨ ​លាន​ដុល្លារ​,​ស៊ីម៉ងត៍ ១០១,៨៥​ លាន​ដុល្លារ​,​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ៨៤,៦២ ​លាន​ដុល្លារ​, បារី ១៧,៤២ ​លាន​ដុល្លារ​, ការដំឡើង​រថយន្ដ ៧,៤៥ ​លាន​ដុល្លារ​, ការដំឡើង​ទោចក្រយានយន្ដ ៧៤,៤៧ ​លាន​ដុល្លារ​, និង​ការដំឡើង​​ត្រីចក្រយានយន្ដ ៣,៣៦​ លាន​ដុល្លារ​៕