
បុរសម្នាក់ប្រមូលផលពោតក្រហម នៅខេត្តប៉ៃលិន កាលពីឆ្នាំ ២០១២។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន HN OUTSOURCES TRADING AND TECHNOLOGY CO., LTD. ជាក្រុមហ៊ុនតែមួយគត់ដែលបានចុះបញ្ជី និងត្រូវបានអនុញ្ញាតឱ្យនាំគ្រាប់ពោតចេញទៅប្រទេសចិន ជាផ្លូវការ បន្ទាប់ពីកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញ។
យោងតាមការចេញផ្សាយរបស់គេហទំព័រស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី ២៧ ខែសីហា កន្លងទៅនេះ រដ្ឋបាលគយប្រទេសចិន បានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជាទៅកាន់ប្រទេសចិន ដែលមានន័យថា ដំណាំពោតនៅកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។ នេះគឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ ២០២២ នេះ ដែលជាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា ទំហំបានបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កន្លងមក HN OUTSOURCES TRADING AND TECHNOLOGY ជាក្រុមហ៊ុនតែ ១ គត់ បានមកចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីអាចនាំចេញផលិតផលពោតជាផ្លូវការទៅកាន់ប្រទេសចិន។
លោកបានបន្ថែមថា តាមពិតទៅកម្ពុជាបានបញ្ចប់ការចរចាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ចំពោះការនាំចេញពោតទៅកាន់ប្រទេសចិននេះ ប៉ុន្តែមានការយឺតយ៉ាវពីខាងក្រុមហ៊ុនមកចុះបញ្ជីតែប៉ុណ្ណោះ ពោលគឺមិនសូវមានក្រុមហ៊ុនស្ម័គ្រចិត្តមកចុះបញ្ជី។
ចំពោះពេលវេលាដែលកម្ពុជាអាចនាំចេញពោតទៅកាន់ប្រទេសចិន នៅពេលណានោះ ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសំខាន់នោះ គឺការសម្រេចចិត្តរបស់ក្រុមហ៊ុនថា តើការនាំចេញបានចំណេញ ឬអត់តែ ប៉ុណ្ណោះ។ ក្រុមហ៊ុនឯកជនអាចនៅមានរារែក នៅពេលការចំណាយលើថ្លៃដឹកជញ្ជូននៅថ្លៃ និងការចំណាយផ្សេងៗអស់ច្រើន ដូចនេះអាស្រ័យទៅលើលទ្ធភាពរបស់ក្រុមហ៊ុនដែរ»។
លោកបានបន្តថា កន្លងទៅ ផលិតផលពោតរបស់កម្ពុជា មិនទាន់បញ្ហាចោទនៅឡើយទេ បើទោះបីកម្ពុជាមិនបាននាំចេញពោតទៅកាន់ប្រទេសចិន ក៏ដោយ ដោយសារកម្ពុជាមានទីផ្សារស្រាប់ ចំពោះផលិតផលពោតនេះដោយបាននាំចេញពោតទៅកាន់ប្រទេសចិន (តៃ-វ៉ាន់), កូរ៉េ, ថៃ, វៀតណាម និងបង់ក្លាដែសផងដែរ នៅក្នុងបរិមាណជាង ២០ ម៉ឺនតោន និងមួយចំនួនសម្រាប់បម្រើការផលិតចំណីសត្វនៅក្នុងស្រុក ខណៈដែលកម្ពុជាអាចផលិតពោតចំនួនជាង ១ លាន តោន ក្នុង ១ ឆ្នាំ។
លោក ឈឹង យ៉េ ម្ចាស់សៃឡូទិញលក់កសិផល ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបាននិយាយថា ការអនុញ្ញាតឱ្យនាំគ្រាប់ពោតចេញទៅប្រទេសចិន នេះ គឺជាការបើកច្រកកាន់តែទូលាយ សម្រាប់ផលិតផលកសិកម្មកម្ពុជា ខណៈដែលបច្ចុប្បន្ន ពោតដែលសៃឡូរបស់លោកបានទិញពីកសិករភាគច្រើនលក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វស៊ីភី និងមួយចំនួនតូចទៀតនាំចេញទៅកាន់ប្រទេសថៃ។
លោកបានបន្ថែមថា ក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក ទិញតែពោតដែល មានគុណភាព និងសម្ងួតបានល្អ ខណៈពោតដែលនាំចេញទៅប្រទេសថៃជាពោតមានគុណភាពអន់ជាងនេះបន្តិច។
លោកបានបញ្ជាក់ថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារ និងតម្លៃពោត មិនមានបញ្ហាអ្វីទេ គ្រាន់តែថា តម្លៃឆ្នាំនេះមិនសូវបានថ្លៃដូចឆ្នាំមុន ហើយការចំណាយថ្លៃដើមលើជីថ្នាំកសិកម្ម និងឥន្ធនៈអស់ច្រើនជាងមុន។ មានទីផ្សារកាន់តែច្រើន កាន់តែល្អ យើងមានជម្រើសច្រើន និងផលិតផលយើងអាចលក់បានថ្លៃជាងមុនដែរ»។
តាមរបាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ កម្ពុជាបាននាំចេញគ្រាប់ពោត ទៅក្រៅប្រទេសបានចំនួនជាង ១៣ ម៉ឺនតោន ថយចុះ ៨,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២១។ ក្នុង នោះចេញទៅវៀតណាម ជាង ៨,៥ ម៉ឺនតោន, ថៃ ជាង ៤,៧ ម៉ឺនតោន, កោះតៃវ៉ាន់ជាង ៨៤៦ តោន និងកូរ៉េខាងត្បូងជាង ១២ តោន៕