ភ្នំពេញ​៖ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានសម្រេច​អនុម័តលើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុនចំនួន ១៤៨ ​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ២,៨៥ ប៊ី​លាន​ដុល្លារនេះ​បើគិត​ត្រឹម​ខែកក្កដាឆ្នាំ​ ២០២២​​។​

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO) ដោយមាន​ការចូលរួម​ពី​តំណាង​វិនិយោគិន​ជប៉ុន​ក្នុង​វិស័យ​ចំណីអាហារអេឡិចត្រូនិកសុខាភិបាលឡូ​ជី​ស្ទិកធនាគារសំណង់និង​អចលនទ្រព្យកាលពី​ថ្ងៃទី​ ៣០ខែសីហាលោក សុខ ចិន្តា​សោភា អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែងប្រាប់​តំណាង​វិនិយោគិន​ជប៉ុនអំពី​អត្ថប្រយោជន៍​នៃ​ច្បាប់​ស្តីពី​វិនិយោគ​របស់​កម្ពុជាដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាលពីថ្ងៃ​ទី​ ១៥ ខែតុលាឆ្នាំ ​២០២១ ដែល​បាន​បើក​កិច្ចសម្របសម្រួលការធានា ​និង​ការការពារការលើកទឹកចិត្ត និងការថែទាំ​វិនិយោគ​។ លោក​បាន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ថាច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះបានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការត្រៀម​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​វិនិយោគបន្ថែម​ប្រកបដោយ​គុណភាព ដើម្បី​ចូលរួម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ខ្សែ​ចង្វាក់​តម្លៃ​តំបន់ និង​សកលតាមរយៈ​យុទ្ធសាស្ត្រ​បូក​មួយ​»​។

​លោកស្រី Marisa Haruta តំណាង​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO) បានឱ្យដឹងថាគោលបំណង​នៃ​គណៈប្រតិភូ​ធុរកិច្ច និង​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​នាពេលនេះ​គឺ ​ដើម្បី​ផ្តល់ឱកាស​ដល់គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​បាន​ស្តាប់ ​និង​ឃើញអំពី​ស្ថានភាព​ទូទៅ​នៃ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា និង​ស្ថានភាព​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ កម្ពុជា​-​ជប៉ុន ជាពិសេស​ការសម្របសម្រួល​ពី​រាជរដ្ឋាភិបាល​កម្ពុជាលើ​វិស័យ​ពាណិជ្ជកម្ម​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ព្រមទាំង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ធុរជន និង​វិនិយោគិន​ជប៉ុន​ឱ្យ​ពិចារណា​ក្នុងការ​ប្រកប​អាជីវកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​សម្របសម្រួល ដើម្បី​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យនិង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់ចំពោះ​ក្តីកង្វល់ និង​សំណូមពរ​របស់​វិនិយោគិន​ជប៉ុន​»​។​

​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​វិនិយោគិន​ជប៉ុន​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO) កាលពី​ថ្ងៃ​ ៣០ សីហា ​នេះដែរលោកប៉ានសូរ​ស័ក្តិរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មបាន​មានប្រសាសន៍ថា JETRO គឺជា​ដៃគូ​ដ៏​ល្អ​មួយ​របស់​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្មក្នុងការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគដោយ​តែងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ក្នុង​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន​។​

​លោក​បាន​បញ្ជាក់ថា​៖ « កម្ពុជា​បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជារបស់​ក្រសួងពាណិជ្ជកម្មនៅ​ទីក្រុង Atsugi នៃ​ខេត្ត Kanagawa ប្រទេស​ជប៉ុនដែល​បានដាក់​សម្ពោធ​ជា​ផ្លូវការកាលពី​ខែមីនាឆ្នាំ​ ២០២២ កន្លងទៅគឺជា​ស្ពាន និង​ជា​កន្លែង ​សម្រាប់​ពាណិជ្ជករវិនិយោគិន​ជប៉ុនក៏ដូចជា​សាធារណជន​ទូទៅមក​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ច្បាប់​បញ្ញត្តិ និង​ចម្ងល់​នានា ដើម្បី​មាន​មូល​ដ្នា​ន​មុន​សម្រេចចិត្ត​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុងប្រទេស​ទាំង ២ ហើយក៏​មជ្ឈមណ្ឌលតាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ផងដែរ​»​។​

​ជំនួប​ពាណិជ្ជកម្ម​រវាងសភាពាណិជ្ជកម្ម​កម្ពុជា​សភាពាណិជ្ជកម្ម​កម្ពុជាជាមួយ JETRO នៅ​ថ្ងៃទី​ ៣០ ខែសីហាដដែល​នោះត្រូវបាន​លោកលឹមហេងអនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាប្រាប់​ឱ្យដឹងថានៅក្នុង​ដំណើរ​ទស្សនកិច្ចរបស់អង្គការ​ពាណិជ្ជកម្មក្រៅប្រទេស​ជប៉ុន (JETRO) មកកាន់​កម្ពុជាក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះគឺ​បាន​ទៅដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា និង​ទៅកាន់​តំបន់​មួយចំនួន​ដូចជាព្រះសីហនុសៀមរាបប៉ោយប៉ែតបាវិតរួមទាំង​កន្លែង​ជាច្រើន​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅតាម​តំបន់​ទាំងនោះ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ក្រោយពី​យើង​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នាលើ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​និង​សេដ្ឋកិច្ច​មកស្ថាប័ន​យើង​ទាំង ២ បាន​សហការគ្នា​បានល្អ ជាពិសេស​ផ្សព្វផ្សាយ​ការវិនិយោគ​រួមគ្នា​កម្ពុជា​-​ជប៉ុន​។ ​យើង​រំពឹងថាក្រោយ​ដំណើរ​ទស្សនកិច្ច​របស់ JETRO ​នៅ​កម្ពុជាយើង​នឹង​ទទួលបាន​អ្នកវិនិយោគ​មកពី​​ជប៉ុន​បន្ថែមទៀត​»​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​អ្នកជំនួញ​ជោគជ័យ​រវាង​ធនាគារ​អេស៊ីលីដា និង​សភាពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JBAC) នៅ​ប្រទេស​កម្ពុជាកាល​ថ្ងៃទី​ ២៦ ខែសីហាលោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ីបាន​និយាយថាបាន​បញ្ជាក់ថា ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ការអភិវឌ្ឍ​ព្រលានយន្តហោះ​ថ្មី និង​សក្តានុពល​របស់​កម្ពុជា​ក្នុង​វិស័យ​សំខាន់ៗ ដោយ​ស្វែងរក​ការត្រួសត្រាយ​ផ្លូវ​ សម្រាប់​អ្នកវិនិយោគ​ថ្មីៗ​ចូលមក ជាពិសេស​វិនិយោគិន​ជប៉ុន​។​

​លោក ចាន់នី បានន​បញ្ជាក់ថា​៖ « ទោះបីជា​អ្នកវិនិយោគ​ជប៉ុន​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​អតិផរណា​ក៏ដោយតួលេខ​កើនឡើង​នៅ​ឆ្នាំនេះ​នៅតែ​ទាប​ជាង​អ្វីដែល​បានឃើញ​ក្នុង​ឆ្នាំ ២០០៨ ហើយ​រាជរដ្ឋាភិបាល​មាន​វិធានការ​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​»​។​

​បើតាម​ក្រសួងពាណិជ្ជកម្មនៅក្នុង​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុនមាន​ទឹកប្រាក់​ប្រមាណ​ជាង ១ ៧០០​ លាន​ដុល្លារក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុនមាន​ទឹកប្រាក់​ប្រមាណ​ជាង ១ ០៩៣​ លាន​ដុល្លា​អាមេរិក ខណៈដែល​ជប៉ុន​នាំ​ចូលមក​កម្ពុជាមាន​ទឹកប្រាក់​ប្រមាណ​ជាង ៦០៧ ​លាន​ដុល្លា​មេ​រិ​ក​។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ជប៉ុនមាន​ផលិតផល​ដូចជាសម្លៀកបំពាក់ស្បែកជើងកាបូបនិង​ផលិតផល​ផ្សេងៗទៀត​៕