
ក្រុមហ៊ុនដឹកជញ្ជូនទំនិញយក្សអាមេរិក FedEx ដែលនឹងបើកការហោះហើរត្រង់មកកម្ពុជានៅខែតុលា។ រូបថត FedEx
ភ្នំពេញៈ ផ្នែកឯកជនក្នុងវិស័យដឹកជញ្ជូន និងអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា គម្រោងនៃការហោះហើរត្រង់របស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញយក្សអាមេរិក FedEx មកកម្ពុជាចាប់ពីខែតុលានឹងផ្តល់ផលវិជ្ជមានច្រើន សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសការដឹកជញ្ជូនបញ្ញើរហ័ស។
តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៣០ ខែសីហា តំណាងក្រុមហ៊ុនដឹកជញ្ជូនទំនិញដ៏ធំរបស់អាមេរិក FedEx បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជាចាប់ពីខែតុលានេះតទៅ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣១ ខែសីហាថា FedEx ត្រូវបានគេដឹងថាជាក្រុមហ៊ុនយក្សផ្នែកដឹកជញ្ជូននៅលើពិភពលោក ដែលមានមូលដ្ឋាននៅអាមេរិក។ ក្រុមហ៊ុននេះកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើន ដោយការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនភាគច្រើនជាប្រភេទទំនិញកញ្ចប់បញ្ញើរហ័ស (Express)។
លោកបន្តថា ប្រសិនបើ FedEx ប្រើប្រាស់យន្តហោះរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការដឹកជញ្ជូនទំនិញមកកម្ពុជាដោយផ្ទាល់ វាមិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីប្រទេសនានាមកកម្ពុជា និងពីកម្ពុជាចេញទៅវិញបានកាន់តែលឿនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅដល់អ្នកវិនិយោគ ឬក្រុមហ៊ុនលំដាប់អន្តរជាតិមកចាប់អារម្មណ៍ពីភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «បើតាមខ្ញុំដឹងរហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាប្រើប្រាស់យន្តហោះ សម្រាប់ការដឹកជញ្ជូនទំនិញប្រភេទបញ្ញើរហ័សពីក្រៅប្រទេសមកកម្ពុជា និងពីកម្ពុជាទៅក្រៅប្រទេសដោយផ្ទាល់ទេ។ ការដឹកជញ្ជូនប្រើប្រាស់ការហោះហើរផ្ទាល់បែបនេះនឹងជួយកាត់បន្ថយការចំណាយលើការផ្ញើទំនិញ ព្រមទាំងលឿនជាងមុនផងដែរ»។
លោកលើកឡើងទៀតថា នៅពេលមានការដឹកជញ្ជូនបែបនេះ វានឹងរួមចំណែកច្រើនដល់អ្នកក្នុងផ្នែក SME នៅកម្ពុជា តាមរយៈការបញ្ជូនទំនិញក្នុងបរិមាណកំណត់មួយទៅដល់ដៃគូក្នុងរយៈពេលខ្លីជាងមុន។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ជាការពិតវិស័យដឹកជញ្ជូន (អ្នកដំណើរ និងទំនិញ) បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការតភ្ជាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការផ្លាស់ប្តូរទំនិញរវាងប្រទេសនានានៅលើសកលលោក។
លោកនិយាយថា៖ «ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះទាមទារឱ្យគ្រប់កិច្ចការត្រូវធ្វើដោយប្រសិទ្ធភាព និងមានភាពឆាប់រហ័ស។ ការដឹកជញ្ជូនដោយផ្ទាល់នឹងផ្តល់ផលវិជ្ជមានច្រើនទាំងអ្នកមានតម្រូវការ និងអ្នកផ្តល់សេវា»។ លោកប្រាប់ទៀតថា នៅពេលការដឹកជញ្ជូនច្រើន រដ្ឋាភិបាលក៏អាចទទួលបានចំណូលពន្ធ សម្រាប់យកមកអភិវឌ្ឍប្រទេសកាន់តែច្រើនផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសនៃជំនួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៣០ ខែសីហា ថ្នាក់ដឹកនាំក្រសួងទាំង ២ សុទ្ធតែបានបង្ហាញការគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន FedEx ចាប់ផ្តើមធ្វើប្រតិបត្តិការផែនការរបស់ខ្លួន ដោយអាជ្ញាធរកម្ពុជានឹងខិតខំជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក រយៈពេល ៧ ខែ ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ៥ ៨៩២,៥៣ លានដុល្លារ កើនឡើង ៤៥,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះការនាំចូលទំនិញពីអាមេរិក មានតម្លៃ ១៩៦,៧ លានដុល្លារ កើន ៣,២ ភាគរយ និងការនាំចេញមានតម្លៃ ៥ ៦៩៥,៨៣ លានដុល្លារ កើនឡើង ៤៧,៣ ភាគរយ៕