ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ធ្វើ​ទស្សនកិច្ច​សិក្សា​ជា​លើក​ទី​២ ​នៅ​អង្គទូត​បរទេស​ចំនួន​ ១៧ ដែល​មា​និវេសនដ្ឋាន​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី ​៤ ខែ កញ្ញា ឆ្នាំ ​២០២២ មកកាន់​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ក្នុង​គោល​​បំណង​លើកកម្ពស់​ការអនុវត្ត​ការ​​ទូត​សេដ្ឋកិច្ច ក៏ដូចជា អនុញ្ញាតឱ្យ​មន្ត្រីការទូត​​ស្វែងរក​ឱកាស វិនិយោគ​នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​ទទួលបាន​នៅ​ថ្ងៃទី ​៣១ ​ខែសីហា បានឱ្យដឹងថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​ក៏បាន​រៀបចំ​សិក្ខាសាលា​សម្រាប់​ស្ថាប័ន​ការទូត​បរទេស ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់​​ព័ន្ធ ដូចជា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួង​​ទេសចរណ៍ និង​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា​។​

​លោក អ៊ូ​ក សោ​ភ័​ណ្ឌ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៣១ ខែសីហា​ថា ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អាជ្ញាធរ​​ខេត្តសៀមរាប និង​ខេត្ត​បន្ទាយ​មានជ័យ ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​ផ្តល់ឱកាស​ដល់​អ្នកចូលរួម​ទស្សនា​ប្រាសាទ​ល្បីៗ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ដូចជា ប្រាសាទ​​អង្គរវត្ត ព្រះ​លានជល់ដំរី ប្រាសាទបាយ័ន និង​ប្រាសាទ​​បន្ទាយស្រី​។​..​ល​។​

​លោក​ថ្លែងថា​៖ «​អង្គទូតទាំងអស់​នឹង​ទទួលបាន​បទ​​ពិសោធ​ដំណើរ​កម្សាន្ត​ទីក្រុង និង​ទីផ្សារ​សហគមន៍ ព្រមទាំង​រីករាយ​ជាមួយ​ការសម្តែង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ទស្សនា​កន្លែង​នានា​ដូចជា​សួន​បៃតង​អង្គរ​ជាដើម​។ ពួកគេ​ក៏​នឹង​មើល​​ឃើញ​ពី​ការតភ្ជាប់​រវាង​ប្រទេស​​កម្ពុជា និង​ថៃ ព្រមទាំង​ទស្សនា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​»​។

លោក​បាន​បន្ថែមថា​៖ «​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​សិក្សា​ដ៏​​សំខាន់​មួយ ដែល​អនុញ្ញាតឱ្យ​មន្ត្រីការទូត​ទាំងនោះ​ស្វែងយល់​បន្ថែម​អំពី​ឱកាស​វិនិយោគ​របស់​យើង​ដើម្បី​ពួកគេ​ជូនដំណឹង​ដល់​វិនិយោគិន របស់​ពួកគេ​មក​ធ្វើ​អាជីវកម្ម ឬ​វិនិយោគ​នៅក្នុង​ប្រទេស​របស់​យើង​»​។

លោក​បន្តថា ជាមួយគ្នានេះ មន្ដ្រីការទូត​ទាំងនោះ នឹង​យល់ដឹង​កាន់តែច្បាស់​អំពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​កិច្ចព្រមព្រៀង​ពា​​ណិ​ជ្ជ​កម្ម​សេរី​ដែល​កម្ពុ​ជាមាន​។​

​ស្ថានទូត​ទាំងនោះ​មាន​ដូច​​ជា អា​ហ្ស​ង់​ទីន អូទ្រីស បង់​ក្លា​​ដែ​ស ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី អេ​ហ្ស៊ី​ប ហ្វាំ​ង​ឡង់ ឥណ្ឌូនេស៊ី ហ្គា​តេ​ម៉ា​ឡា សាធារណរដ្ឋ​កូរ៉េ ម៉ា​ល់​ឌី​វ ម៉ិ​ក​ស៊ិ​ក នេ​ប៉ាល់ នូ​វែ​ល​សេ​​ឡង់ ប៉ូឡូញ អាហ្វ្រិ​ក​ខាងត្បូង និង​ប្រទេស​ថៃ​។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​សរុប ២ ២៩៧,១​ លាន​ដុល្លារ កើនឡើង ២២,៨ ​ភាគរយ ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ចូល​ពី​ថៃ​មានតម្លៃ​ជាង ១ ៨០១​ លាន​ដុល្លារ កើន ១៩,៥​ ភាគរយ និង​ការ​​នាំ​ចេញពី​កម្ពុជា​មានតម្លៃ​ជិត ៤៩៦​ លាន​ដុល្លារ កើន ៣៦,៧ ​ភាគរយ​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ​៕